ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ សម្រេចបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី ហើយ ក្រោយសម្ដេច ហ៊ុន សែន ស្នើសុំ
21, Sep 2021 , 4:02 pm        
រូបភាព
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួន លោក សេង សារី អ្នកវិភាគសង្គម និងនយោបាយហើយ នៅថ្ងៃទី២១ កញ្ញា។ ការសម្រេចរបស់តុលាការនេះ ធ្វើឡើងមួយថ្ងៃក្រោយពីសម្ដេច ហ៊ុន សែន សរសេរលើហ្វេសប៊ុកខ្លួន ដោយស្នើឱ្យតុលាការពិនិត្យនិងពិចារណា ក្នុងការបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។



ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានចេញដីកាសម្រេចលើកលែងការចោទប្រកាន់លោក សេង សារី ពីបទ«រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពេលពិនិត្យសំណុំរឿងចប់សព្វគ្រប់ហើយ។ លោក ញឹម ពិសាល បានចេញដីកាចុះថ្ងៃទី២១ កញ្ញា ដូច្នេះថា៖«កម្លាំងមានសមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនឈ្មោះ លោក សេង សារី ដែលមានអត្តសញ្ញាណដូចខាងលើនេះ»។
 
តាមរយៈហ្វេសប៊ុកខ្លួន សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យស្ថាប័នតុលាការបញ្ឈប់ការតាមចាប់លោកបណ្ឌិត សេង សារី អ្នកវិភាគសង្គម និងនយោបាយ។ ការស្នើឱ្យបញ្ឈប់ការចាប់ខ្លួនលោក សេង សារី នេះធ្វើឡើង៤ថ្ងៃ ក្រោយពីសម្ដេច មើលឃើញថា លោក សេង សារី មិនមានបំណងគាំទ្រចលនារដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាសកម្មភាពរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្ដេច ស្នើឱ្យតុលាការចាប់លោក សេង សារី កាលពីថ្ងៃទី១៧ កញ្ញា ក្រោយឃើញលោក សេង សារី និយាយពីរឿងកងកម្លាំង៦ចំណុច នៅលើហ្វេសប៊ុកខ្លួន។
 
រឿងកងកម្លាំងទាំង៦ចំណុច ដែលលោក សេង សារី សរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី២១ កក្កដា ២០២១នោះ គឺសំដៅលើកម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។
 

Tag:
 ហ៊ុន សែន
  សេង សារី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com