ជាតិ
រថយន្ត
សម្តេច ទៀ បាញ់ ណែនាំឱ្យ​ចាត់​ការយ៉ាងម៉ឹងម៉ាត់លើយានយន្តឯកជន​ពាក់ស្លាកលេខ ខ.ម
21, Sep 2021 , 5:29 pm        
រូបភាព
ក្រសួងការពារជាតិ នៅថ្ងៃទី២០ កញ្ញានេះ បានចេញសារាចរ​មួយដោយណែនាំឱ្យស្ថាប័ន​កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ អនុវត្តឱ្យបានល្អ និងម៉ឹងម៉ាត់ ចំពោះវិធានការរដ្ឋាភិបាលក្នុងការ​ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)​។

 
សារាចរនេះណែនាំ ដែលចុះហត្ថលេខាដោយ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ក៏រំឭកឡើងវិញចំពោះឱសាទវាទ​នៃការអនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេង ​យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២ផងដែរ។ ​រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ក្នុងសារាចរណែនាំនោះថា ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានតែចំពោះ​យានយន្ត​​ដែលរដ្ឋបំពាក់ និងយានយន្តដែលទទួលបានពីប្រទេសផ្តល់ជំនួយ​​។ 
 
ចំពោះយានយន្តដែលជាអំណោយពីសប្បុរសជនដែលបានបំពេញកាតព្វកិច្ចពន្ធរួច​ និងយាន​​យន្តដែល​បានពីការសម្រេចរបស់តុលាការ ក៏អាចទទួលបានការចុះបញ្ជីឱ្យប្រើប្រាស់ដែរ។ សារាចរដដែលបញ្ជាក់ដូច្នេះ រួចបន្តថា យានយន្តកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើងសារជាថ្មី ក៏អាចទទួលបានការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម ដែរ។ ជាមួយគ្នានេះ យានយន្តដែលនាយទាហានប្រើ​ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ក្នុងក្របខណ្ឌរដ្ឋ និងបានបង់ពន្ធរួច​ ក៏អាច​ប្រើប្រាស់ស្លាក​លេខខ.ម បានដែរ។
 
សារាចរណ៍ដដែល ក៏បញ្ជាក់ដែរថា ក្រសួងការពារជាតិ នឹងអនុញ្ញាតឱ្យប្រើប្រាស់ធម្មតា ចំពោះយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយបានបង់ពន្ធគយរួច។ ផ្ទុយទៅវិញ ក្រសួងការពារជាតិ ​នឹងនិរាករណ៍ស្លាកលេខដែលបានបំពាក់កន្លងមក​ លើយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ដែលមិនបានបំពេញកាតព្វកិច្ចពន្ធតាមកាលកំណត់នោះ។
 
សូមរំឭកថា កន្លងមកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញលិខិតណែនាំ ជុំវិញការអនុវត្តកាតព្វកិច្ចពន្ធលើរថយន្តចង្កូតស្តាំ ដែលជ្រកក្រោមស្លាកលេខ ខ.ម និងន.ប។ ក្រៅពីណែនាំឱ្យបង់ទាំងពន្ធដារ និងពន្ធគយ រថយន្តទាំងនោះក៏តម្រូវឱ្យកែចង្កូតពីឆ្វេង ទៅស្តាំ ឱ្យស្របតាមច្បាប់កម្ពុជា ឱ្យបានមុនថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២​។ ក្នុងករណីមិនអនុវត្តតាម រថយន្តចង្កូតស្តាំដែលបង្ក្រាបបាននៅក្រោយកាលកំណត់នេះ នឹងត្រូវបំបែកទៅជាគ្រឿងបន្លាស់​ ឬកម្ទេចចោល៕
 
 

Tag:
 
 ទៀ បាញ់
  រថយន្ត
 យានយន្ត
  ខ.ម
© រក្សាសិទ្ធិដោយ thmeythmey.com