ជាតិ
«អាធារ» មានន័យថា គ្រឿងទ្រ, ការទំនុកបម្រុង, ការគាំទ្រ
22, Sep 2021 , 7:29 am        
រូបភាព
នាមសព្ទ «អាធារ» ជាពាក្យបាលី​-សំសង្ក្រឹត ដែលមានន័យថា ប្រដាប់សម្រាប់រង, សម្រាប់ទ្រ, គ្រឿងទ្រ; ការទំនុកបម្រុង; ការគាំទ្រ; ការរ៉ាប់រង; សេចក្ដីធន់ទ្រាំ, ទ្រាំទ្រ។

 
បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អាធារ» ក៏មានន័យថា អាងឬពាងទឹក; កន្លែងដែលទប់ខាំងទឹក, ស្រះទឹក; ទីដីមានជីជាតិល្អ  ផងដែរ។ 
 
យើង​ក៏អាច​ប្រើ​ពាក្យនេះ ជាកិរិយាសព្ទ បាន​ផងដែរ ដែលមានន័យថា "ធន់ទ្រាំ, ទ្រាំទ្រ, រ៉ាប់រង "។ គ្មានអ្នកណានឹងអាធារចិញ្ចឹមវាទេ! ។ អាធារធ្វើការ ធន់ទ្រាំធ្វើការ ។ 
 
រីឯ «ជើងអាធារ» ជា​ប្រដាប់ធ្វើដោយឈើសម្រាប់ដំឡើងបញ្ឈរទ្រគម្ពីរសាស្រ្តា។ ជើងអាធាររៀន ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្ត្រារៀន; ជើងអាធារទេសន៍ ឬ ជើងអាធារគ្រែធម្មាសន៍ ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា ។
 
កាលពីក្នុងសម័យដែលពុំទាន់មានសាលាបាលីរបស់រាជរដ្ឋាភិបាលនៅឡើយ, ភិក្ខុសាមណេរអ្នករៀនប្រែបាលី សុទ្ធតែមានជើងអាធារតម្កល់គម្ពីររៀន ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com