ជាតិ
បន្ទាប់ពីដងខ្លួន អ្នកជំនាញបន្តរកឃើញព្រះកេសមេទេវតា ពេលជួសជុលខ្លោងទ្វារតាកាវ ![](https://image.thmeythmey.com/pictures/2021/09/25/25920211709front.jpg)
×![]()
ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តប្រទះឃើញព្រះកេសមេទេវតាផ្នែកកន្ទុយនាគ ត្រឹមចង្ការដល់ច្រមុះ នៅចំណុចការដ្ឋានជួសជុលខ្លោងទ្វារតាកាវ។ គួរកត់សម្គាល់ថា កាលពីប៉ុន្មានខែមុន អ្នកជំនាញ ក៏បានរកឃើញដងខ្លួនមេទេវតានេះ នៅពេលជួសជុលខ្លោងទ្វារតាកាវនេះដែរ។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រះកេសមេទេវតាផ្នែកកន្ទុយ មានព្រះកេសចំនួន៣ថ្នាក់ ដែលថ្នាក់ទីមួយមានព្រះកេស៤, ថ្នាក់ទីពីរមានព្រះកេស២ និងថ្នាក់ទី៣ មានព្រះកេស១។ ព្រះកេសមេទេវតានេះ ជាព្រះកេសជាន់ទី១ ដែលក្រុមការងារបានប្រទះឃើញ នៅថ្ងៃទី១៧ កញ្ញា មុនពេលបិទការដ្ឋានជួសជុលខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ «បន្ទាប់ពីរកឃើញព្រះកេសមេទេវតា យើងបានយកទៅដាក់លើដងខ្លួន ដែលបានរកឃើញកាលពីប៉ុន្មានខែមុន ហើយវាត្រូវគ្នា។ យើងក៏បានរកឃើញព្រះកេសនៅជ្រុងមួយទៀតដែរ ប្រហែលជាព្រះកេសជាន់ទី២»។ នេះជាការបញ្ជាក់លោក គឹម សុធិន ដោយបន្ថែមថា លោកសង្ឃឹមថា នឹងអាចរកឃើញជាបន្តបន្ទាប់ទៀត ព្រោះនេះគ្រាន់តែជាការរកឃើញមួយផ្នែកប៉ុណ្ណោះ។
សូមរំឭកថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ នៅអំឡុងខែឧសភា ឆ្នាំ២០២១ ហើយមកទល់បច្ចុប្បន្ន ការជួសជុលសម្រេចបានប្រមាណ៣០ភាគរយហើយ។ តាមគម្រោង អ្នកជំនាញនឹងចំណាយពេល២ឆ្នាំ ក្នុងការជួសជុលខ្លោងទ្វារតាកាវនេះ៕
![](https://image.thmeythmey.com/pictures/2021/09/25/259202117101.jpg)
ខ្លោងទ្វារតាកាវ កំពុងជួសជុល។ រូបភាពពី AKP
![](https://image.thmeythmey.com/pictures/2021/09/25/259202117112.jpg)
ព្រះកេសមេទេវតា ពេលដាក់លើដងខ្លួន។ រូបភាពពី AKP
![](https://image.thmeythmey.com/pictures/2021/09/25/3.jpg)
ព្រះកេសមេទេវតាផ្នែកកន្ទុយនាគ។ រូបភាពពី AKP
Tag:
ថ្មីៗ២៥
អាជ្ញាធរជាតិអប្សរា
ខ្លោងទ្វារតាកាវ
© រក្សាសិទ្ធិដោយ thmeythmey.com