COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
វត្ត​ស្ទើរ​តែ​ពាក់​កណ្ដាល​នៅ​​ភ្នំពេញ មានករណីឆ្លងកូវីដ-១៩​
25, Sep 2021 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វត្ត​នៅ​រាជ​ធានី​ភ្នំពេញ​ ស្ទើរតែ​ពាក់​កណ្ដាល​ បានរកឃើញករណី​ឆ្លង​ជំងឺ​កូវីដ-១៩ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃប៉ុណ្ណោះ ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និងភ្ជុំ​បិណ្ឌ​​​។

 
នៅក្នុង​សារ​ពិសេសរបស់ខ្លួន នៅព្រឹក​ថ្ងៃ​ទី​២៥ កញ្ញានេះ ​សម្ដេចនាយក​រដ្ឋ​មន្ត្រីបានកត់សម្គាល់ថា ​ករណី​​​ឆ្លង​ប្រចាំថ្ងៃជំងី​កូវីដ-១៩ បានហក់ឡើងពីខ្ទង់​៦​០០​នាក់ ដល់ជាង​៨​០០នាក់ ក្នុងអំឡុង​​ពេល៣ថ្ងៃនៃការ​ប្រារព្ធពិធី​បុណ្យ​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ។ ចំនួន​អ្នក​ស្លាប់ ក៏​កើន​ដល់​ជាង​២០​នាក់ផងដែរ។ សម្ដេច​មាន​ប្រសាសន៍​បញ្ជាក់ដូច្នេះ​៖​«ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ អាចមាន​ការ​​នាំជំងឺ​​ពី​ទី​ក្រុង​ទៅ​ជន​បទ​ ឬនាំ​ពី​ជន​បទ​ទៅ​ទី​ក្រុង​ ឬ​អាច​នាំ​ពី​ផ្ទះ​ទៅ​វត្ត និង​​អាច​នាំ​ពី​វត្ត​ទៅ​ផ្ទះ​វិញ»។
 
ការហក់ឡើងខ្ពស់នៃចំនួនឆ្លងប្រចាំថ្ងៃ ស្របពេលដែលមេរោគបំប្លែងថ្មី Delta កំពុងតែមានវត្តមានយ៉ាងសកម្មនៅកម្ពុជាផងនោះ រដ្ឋាភិបាលបានសម្រេចផ្អាកប្រារព្ធពិធីបុណ្យប្រពៃណីនេះ ចាប់ពីថ្ងៃកាន់បិណ្ឌទី៤ រហូតដល់ភ្ជុំបិណ្ឌតែម្តង។ តាមរយៈសំឡេងជាងកន្លះម៉ោង នៅព្រឹកថ្ងៃសៅរ៍នេះ ប្រមុខរដ្ឋាភិបាលចាត់ទុកការផ្អាកប្រារព្ធពិធីបុណ្យប្រពៃណី និងសាសនាដ៏ធំនៅកម្ពុជាមួយនេះ ថាជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែក៏ជាជម្រើសតែមួយគត់ក្នុងការទប់ស្កាត់កូវីដ-១៩មិនឱ្យឆ្លងរាតត្បាតទ្រង់ទ្រាយធំ​ និងជាពិសេសដើម្បីរក្សាជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេច​បាន​សង្កត់​ធ្ងន់ដូច្នេះថា៖«​​បើយើងរក្សាបាននូវជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទាន រាប់សិបឆ្នាំតទៅ សម្រាប់អ្នកដែលមានវ័យក្មេង និងរាប់ឆ្នាំទៅទៀតសម្រាប់អ្នកមានវ័យចំណាស់»។
 
ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅតាមវត្តអារាម​នា​អំឡុង​កាន់បិណ្ឌ៣ថ្ងៃមកនេះ លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ពីចំនួន​ ​ព្រះ​សង្ឃ តាជី យាយ​ជី ​បានឆ្លង​​​ជំងឺ​កូវីដ-១៩។ លោក សេង សុមុនី បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ​ថា ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលធ្វើ​តេស្ត​​នៅ​ឡើយ​។ «យើង​មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ​ ព្រោះ​យើង​កំពុង​ធ្វើ​តេស្ត​​។ បើ​សិនបាន​របាយការណ៍​បូក​សរុបរួច​រាល់​​ ខ្ញុំ​នឹង​ផ្ដល់​ជូន​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក សេង សុមុនី​។
 
​បើ​ទោះ​បី​ជា​មាន​ការ​បិទ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​ក៏​ពិត​មែន​ ក៏​សម្ដេច​បានអនុញ្ញាត​ឱ្យ​ប្រជា​ជន​ អាច​សហការគ្នា​ជា​មួយ​អាជ្ញាធរមូល​ដ្ឋាន​ ដើម្បី​នាំ​យក​ចង្ហាន់​ និង​ទេយ្យ​វត្ថុ ទៅ​​ប្រគេន​ព្រះ​សង្ឃនៅ​តាម​វត្ត​នានា​​ផង​ដែរ​៕ 
 

Tag:
 ព្រះសង្ឃ
 វត្ត​
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com