ជាតិ
ស្ត្រីដើមកំណើតខ្មែរ កាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ ![លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) ឯកអគ្គរដ្ឋទូតបារាំងប្រចាំឡាវ។ រូបថត Gavroche Thaïlande](https://image.thmeythmey.com/pictures/2021/09/27/sivleng.jpg)
លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) ឯកអគ្គរដ្ឋទូតបារាំងប្រចាំឡាវ។ រូបថត Gavroche Thaïlande
×![]()
លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) អាយុ៥៤ឆ្នាំ ដែលមានកំណើតនៅរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ បន្តពីលោកស្រី Florence Jeanblanc-Risler ដែលបានបញ្ចប់អណត្តិខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា។
លោកស្រី ឈួរ ស៊ីវឡេង ទទួលបានការតែងតាំងជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ពីលោកប្រធានាធិបតី Emmanuel Macron និងលោកនាយករដ្ឋមន្ត្រី Jean Castex។ យោងតាមការផ្សាយរបស់ Gavroche Thaïlande ស្ត្រីដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ មានពិសោធន៍ជាច្រើនលើការងារការទូតនៅក្នុងនយោបាយបារាំង។
លោកស្រី ស៊ីវឡេង ចូលបម្រើការនៅក្រសួងការបរទេសបារាំង ចាប់តាំងពីឆ្នាំ១៩៩៥មក។ ពីឆ្នាំ១៩៩៧-២០០១ លោកស្រីបម្រើការនៅខុទ្ទកាល័យរដ្ឋមន្ត្រីការបរទេស លោក Hervé de Charrette បន្ទាប់មកលោក Hubert Vedrine។
ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ លោកស្រី ជាលេខាទូតទីមួយរបស់ប្រចាំក្រុងប៉េកាំង បន្ទាប់មកក្លាយជាទីប្រឹក្សាបច្ចេកទេស ទទួលបន្ទុកកិច្ចបរទេស និងសិទ្ធិមនុស្ស ក្រោមខុទ្ទកាល័យលោកស្រី Rama Yade ហើយបន្តក្លាយជាប្រធានខុទ្ទកាល័យទទួលបន្ទុកកីឡា រហូតដល់ឆ្នាំ២០១០។
![](https://image.thmeythmey.com/pictures/2021/09/27/thumb2/mosaique-5d991.jpg)
ពីខែធ្នូ ឆ្នាំ២០១០ ដល់ខែកុម្ភៈ ឆ្នាំ២០១១ លោកស្រី ស៊ីវឡេង ជាទីប្រឹក្សាអាស៊ី, ប៉ាស៊ីហ្វិក និងអាម៉េរិក ប្រចាំខុទ្ទកាល័យលោកស្រី Michele Alliot-Marie នៃក្រសួងកិច្ចការបរទេស និងអឺរ៉ុប។ លោកស្រីជានាយិការងផ្នែកភ័ស្តុភា និងបកប្រែពិធីការប្រចាំក្រសួង ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ហើយពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ជានាយិកាផ្នែកអាស៊ី និងអូសេអានី។
ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ មក លោកស្រី ស៊ីវឡេង ជាអគ្គកុងស៊ុលបារាំងប្រចាំខេត្ត Canton ប្រទេសចិន មុនពេលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ ជំនួសលោកស្រី Florence Jeanblanc-Risler ដែលកាន់តំណែងតាំងខែកញ្ញា ឆ្នាំ២០១៨មក។
សារព័ត៌មានថ្មីៗ មិនមានប្រវត្តិពិស្តារបស់លោកស្រី Siv Leng Chhuor នោះឡើយ ដោយគ្រាន់តែដឹងថា អ្នកកាទូតបារាំងរូបនេះ មានកំណើតនៅរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com