ជាតិ
រថយន្ត
ចំណតខ្មោចឡានតាក់ស៊ីមួយនៅបាងកក ក្លាយកន្លែងដាំបន្លែ និងចិញ្ចឹមកង្កែប
27, Sep 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនតាក់ស៊ីមួយនៅក្រុងបាងកក ប្រទេសថៃ បានរកឃើញគំនិតច្នៃប្រឌិតថ្មីមួយដើម្បីជួយដោះទាល់អ្នកបើកបររថយន្តតាក់ស៊ី និងបុគ្គលិកជាច្រើន ដែលអត់ការងារធ្វើដោយសារកូវីដ-១៩។ ម្ចាស់ក្រុមហ៊ុនបានកែប្រែទីតាំងចំណតខ្មោចរថយន្តតាក់ស៊ី (Taxi Graveyard) ទៅជាទីតាំងដាំបន្លែ និងចិញ្ចឹមកង្កែប។

 
បន្លែបៃតងបានដុះព្រោងព្រាតនៅលើដំបូងតាក់ស៊ី ដែលប្រើប្រាស់លែងកើត ប្រមាណ២០០គ្រឿង ហើយកង្កែបជាច្រើនក្បាល ត្រូវបានចិញ្ចឹមនៅក្នុងសំបកកង់រថយន្តចាស់ៗ។ អ្នកបើកបរតាក់ស៊ី អាចរកបានចំណូលខ្លះដែលបានពីការលក់បន្លែ និងកង្កែបទាំងនោះ។
 
ទីតាំងនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ratchakpruk Taxi Garage ដោយម្ចាស់ក្រុមហ៊ុនមើលឃើញពីទុក្ខលំបាករបស់អ្នករត់តាក់ស៊ីជាច្រើន ដែលបាត់បង់ចំណូលដោយសារការរឹតត្បិតការធ្វើដំណើរ នាអំឡុងវិបត្តិកូវីដ-១៩។


 
ក្នុងបទសម្ភាសជាមួយ AFP ម្ចាស់ក្រុមហ៊ុនម្នាក់ឈ្មោះ Thapakorn Assawalertkun បានបញ្ជាក់ថា៖ «នេះជាការជួយគិតគូចុងក្រោយរបស់យើង ដោយសារតែអ្នករត់តាក់ស៊ីជាច្រើន នៅជាប់ប្រាក់កម្ចី ដូច្នេះ ចំណូលពីបន្លែ និងកង្កែប អាចជួយពួកគេបានខ្លះ»។
 
ក្នុងការទប់ស្កាត់កូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញវិធានការរឹតត្បិតជាច្រើនលើកច្រើនសារ ជាពិសេសបម្រាមគោចរ ដែលប៉ះពាល់យ៉ាងខ្លាំងសម្រាប់របរអ្នករត់តាក់ស៊ី។ 
 
បន្លែដែលត្រូវបានដាំមានពិសេសដូចជាត្រប់ ម្ទេស តាសក់ ការ៉ុត និងស្លឹកបាស។ ប្រសិនបើដំណាំ និងកង្កែប បានផលកាន់តែល្អ ក្រុមហ៊ុននឹងជួយសម្រួលរកទីផ្សារក្នុងស្រុកដើម្បីផ្តត់ផ្គង់ជាប្រចាំ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com