ជាតិ
មន្រ្តីជាន់ខ្ពស់ បញ្ចេញមតិចម្រុះ ជុំវិញការអនុម័តច្បាប់ដាក់ទណ្ឌកម្មកម្ពុជា ពីសំណាក់សភាអាម៉េរិក
30, Sep 2021 , 8:59 pm        
រូបភាព
ជូរខាងលើ៖ លោក ផៃ ស៊ីផាន (រូបពីរូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី) និង លោក សុខ ទូច (រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច ក្នុងកម្មវិធីមួយកន្លងមក)។ ជូរខាងក្រោម៖ លោក សុខ ឥសាន (រូបពីព្រឹទ្ធសភា) និង លោក សួន សេរីរដ្ឋា (រូបពីទំព័រហ្វេសប៊ុករបស់លោក សួន សេរីរដ្ឋា)
ជូរខាងលើ៖ លោក ផៃ ស៊ីផាន (រូបពីរូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី) និង លោក សុខ ទូច (រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច ក្នុងកម្មវិធីមួយកន្លងមក)។ ជូរខាងក្រោម៖ លោក សុខ ឥសាន (រូបពីព្រឹទ្ធសភា) និង លោក សួន សេរីរដ្ឋា (រូបពីទំព័រហ្វេសប៊ុករបស់លោក សួន សេរីរដ្ឋា)
ដោយ: ថ្មីៗ
ការអនុម័តសេចក្តីស្នើច្បាប់ ដែលមានទិសដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់រដ្ឋសភាអាម៉េរិក បានទាញមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា ឲ្យចេញមកបញ្ចេញមតិផ្សេងៗពីគ្នា។

  
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សម្តែងការសោកស្តាយ ដែលរដ្ឋសភា អនុម័តសេចក្តីស្នើច្បាប់ ដែលផ្តល់លើការដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់កម្ពុជា។ លោក ចាត់ទុកសេចក្តីស្នើច្បាប់នេះ  ថាជាការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើកម្ពុជា ហើយប្រាសចាកពីការពិតនៅកម្ពុជា ខណៈកម្ពុជា កំពុងប្រឹងប្រែងកសាងនីតិរដ្ឋ និងប្រជាធិបតេយ្យ។ លោក ហៅសេចក្ដីស្នើច្បាប់នេះ ថាជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាម៉េរិ ច។
 
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹមថា៖«សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ លោកប្រធានាធិបតី ចូ បៃដិន នឹងតម្កល់មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពវិជ្ជមាន ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរ»។ 
 
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន កំពុងដើរខុសនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោក មិនអាចដើរខុសនៅអាស៊ានទៀតនោះទេ។ លោក បន្តថា បើលោក ចូ បៃឌិន ដើរខុសទាំងពីរករណីនេះ វា គឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក។ 
 
ជាងនេះទៅទៀត ប្រធានរាជបណ្ឌិត្យសភារូបនេះ មើលឃើញថា កម្ពុជា ជាអ្នកសម្របសម្រួលធំណាស់ក្នុងតំបន់អាស៊ាន ដ្បិតកម្ពុជា នឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោក បន្ថែមថា មហាអំណាច កំពុងរត់ប្រណាំងគ្នាក្នុងភូមិសាស្ត្រនយោបាយ ហេតុនេះហើយ ប្រធានាធិបតីអាម៉េរិក មិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជា ថែមទាំងជាសម្ព័ន្ធមិត្តរបស់ចិននៅក្នុងអាស៊ានទៅទៀត។
 
លោក លើកជាទស្សនទានថា៖«សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធច្រើនណាស់ សម្រាប់ជាកូនសោនយោបាយនៅក្នុងអាស៊ាន។ យើង ដឹងហើយថា នយោបាយរបស់សហរដ្ឋអាម៉េរិក គឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ាន ត្រូវសម្រេចចិត្តទៅលើកិច្ចការណាមួយ ដោយឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋអាម៉េរិក ទាត់កម្ពុជាចោល រាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ»។
 
លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចំអកថា សេចក្តីស្នើច្បាប់ ដែលអនុម័តរដ្ឋសភាអាម៉េរិក មិនត្រឹមតែឥតប្រយោជន៍នោះទេ តែនឹងធ្វើឲ្យទំនាក់ទំនងនយោបាយការបរទេសរវាងកម្ពុជា និងអាម៉េរិក មានភាពល្អក់កករថែមមួយកំរឹតទៀត ក្នុងពេលដែលអាម៉េរិកកន្លងមក បានព្យាយាមចោទកម្ពុជាថា អនុញ្ញាតឲ្យចិន មានមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។
 
លោក សួន សេរីរដ្ឋា ដែលធ្លាប់ធ្វើជាប្រធានគណបក្សនយោបាយដោយខ្លួនឯង និងធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា មិនចាញ់អ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិនោះ បង្ហាញគំនិតរបស់ខ្លួនថា៖«ច្បាប់ ដែលអនុម័តដោយសភាសហរដ្ឋអាម៉េរិក មិនមានប្រសិទ្ធិភាពអ្វីមកចាប់បង្ខំឲ្យ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ។ វា ជាការពិតហើយ ច្បាប់នោះ បានត្រឹមតែយកតម្កល់ទុកនៅបណ្ណាល័យក្នុងសហរដ្ឋអាម៉េរិក ទុកឲ្យកូនសិស្ស អ្នកស្រាវជ្រាវ អ្នកសិក្សា ចូលទៅអានតែប៉ុណ្ណោះ ដើម្បីបានដឹងថា ក្នុងមួយអាណត្តិសភាអាម៉េរិក បានធ្វើច្បាប់អ្វីខ្លះ»។ 
 
មតិរបស់របស់អ្នកទាំងខាងលើសុទ្ធតែ ធ្វើឡើងតាមរយៈហ្វេសប៊ុករបស់ខ្លួន។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯណោះវិញ មិនបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកដូចគេឡើយ តែមតិរបស់លោក ធ្វើឡើងក្នុងក្រុមតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត។ លោក ជឿថា សេចក្តីស្នើច្បាប់នេះ នឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ។ 
 
អ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរថា៖«បើច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក មានប្រសិទ្ធភាពនោះ ប្រហែលប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ងាប់បាត់តាំងពី៣០-៤០ឆ្នាំមកម៉្លេះ»។
 
សេចក្តីស្នើច្បាប់លេខ H.R. 4686 ស្តីពីប្រជាធិបតេយ្យកម្ពុជា (H.R. 4686: Cambodia Democracy Act of 2021) ត្រូវបានរដ្ឋសភាអាម៉េរិក អនុម័តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ (កាលបរិច្ឆេទនៅអាម៉េរិក)។ សេចក្តីស្នើច្បាប់នេះ មានគោលដៅសំខាន់ ក្នុងការលើកកម្ពស់ប្រជាធិធិបតេយ្យ សិទ្ធិមនុស្ស ការបោះឆ្នោតដោយយុត្តិធម៌នៅកម្ពុជា ហើយដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជា និងមេកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានរកឃើញថា ធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ ឬរំលោភសិទ្ធិមនុស្ស។ 
 
ជានីតិវិធី សេចក្តីស្នើច្បាប់ ត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត។ លុះត្រាតែទទួលបានការអនុម័តយល់ព្រមពីព្រឹទ្ធសភា ទើបសេចក្តីស្នើច្បាប់ មានឱកាសបានទៅដល់លោកប្រធានាធិបតី ចូ បៃឌិន។ ពេលទៅដល់ដៃរបស់លោកប្រធានាធិតីហើយ ក៏សេចក្តីស្នើច្បាប់ មិនប្រាកដថា អាចក្លាយជាច្បាប់ដែរ។ លោកប្រធានាធិបតី មានសិទ្ធិទាន់ចោលសេចក្តីស្នើច្បាប់នេះ។ 
 
កាលពីឆ្នាំ២០១៩ រដ្ឋសភាអាម៉េរិក អនុម័តសេចក្តីស្នើច្បាប់ស្រដៀងគ្នានេះដែរ គឺសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ ស្តីពីប្រជាធិបតេយ្យកម្ពុជា (H.R.526 - Cambodia Democracy Act of 2019)។ តែមកដល់ឆ្នាំ២០២១នេះ គេ មិនទាន់ដឹងព័ត៌មានថា ព្រឹទ្ធសភាអាម៉េរិក សម្រេចយ៉ាងណាហើយឬនៅនោះទេ ចំពោះសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ នេះ៕ 

Tag:
 កម្ពុជា-អាម៉េរិក
  ច្បាប់ដាក់ទណ្ឌកម្
© រក្សាសិទ្ធិដោយ thmeythmey.com