ជាតិ
សិល្បះ
ម្ចាស់​បទ”កម្មករឆ្លង​ដែន​” លោក សែម សង្វាត​ កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​
30, Sep 2021 , 5:35 pm        
រូបភាព
ភ្នំពេញ៖ លោក សែម សង្វាត ម្ចាស់​បទ “កម្មករ​ឆ្លង​ដែន​” កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ដោយ​សារ​ជំងឺ​ថ្លើម​ប្រភេទ​B ។ ដោយ​សារ​តែ​គ្រួសារ​អស់​លទ្ធភាព​ កូន​ប្រុសច្បង​​របស់​លោក សែម​ សង្វាត​​​ បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​សប្បុរស​ជន​ជិត​ឆ្ងាយ​ ដើម្បី​​មាន​ប្រាក់​បន្ត​ព្យាបាល​ជំងឺឪពុក​។ ទោះ​ជា​យ៉ាង​ណា​ លោក ​សង្វាត រតនៈ ត្រូវ​ជា​កូន​ច្បង​ ដែល​ទើប​តែ​មាន​អាយុ​២១​ឆ្នាំនោះ ថា​លោក​មិន​ចង់​ស្នើ​សុំ​ជំនួយ​ឡើយ​ ប៉ុន្តែ​ពេល​នេះ​លោក​ពិត​ជា​អស់​លទ្ធភាព​។



ឆ្លើយ​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ តាម​ទូរសព្ទ​ លោក សង្វាត រតនៈ​ ដែល​ត្រូវ​ជា​កូន​ប្រុស​ច្បង​របស់​លោក​ សែម សង្វាត​ ថា​ឪពុក​របស់​ខ្លួន​ទើប​តែ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​ កាល​ពី​ម្សិ​ល​មិញ​ប៉ុណ្ណោះ​​។ បើ​តាម​លោក រតនៈ ដែល​ត្រូវ​ជា​កូន​ប្រុសច្បង​ ​លោក​ សែម​ សង្វាត​ មាន​អាការខ្សោយខ្លាំង​​ អស់​កម្លាំង​ និយាយ​មិន​សូវ​បាន​​ ​ឆ្អល់​​ពោះ​ ពិបាក​ដក​ដង្ហើម និង​ទទួល​ទាន​បបរ​បាន​តិច​តួច​។ ​​
 
​លោក​ រតនៈ​ ថា​ឪពុក​របស់​លោក​ រស់នៅ​ជា​មួយ​ជំងឺ​ថ្លើម​ ​ប្រហែល​២០​ឆ្នាំមក​ហើយ ដោយ​លោក សែម សង្វាត ត្រូវ​ចូល​ពេទ្យ​ព្យាបាលជំងឺ​​ជា​ញឹក​ញាប់​។ យ៉ាង​ណា​ក៏​ដោយ​​ ការ​ព្យាបាល​កន្លង​មក​ គ្រួសារ​របស់​លោក​នៅ​មាន​លទ្ធភាព​អាច​ចំណាយ​បាន​ ព្រម​ទាំង​មាន​សមាគម​ជួយ​ខ្លះ​ផង​។
 
 «​ប៉ា​គាត់ថា​គាត់​​ចង់​ច្រៀង​បន្ត​ទៀត​។ ខ្ញុំ​ចង់​ឱ្យ​ប៉ា​បាន​ត្រឡប់​មក​ដូច​ដើម​វិញ​។ កាល​ពី​មុនយើង​​ធ្លាប់​សុំជំនួយ​​ដែរ។ មុននឹង​ខ្ញុំ​សម្រេច​ចិត្ត​​សុំជំនួយ​ ខ្ញុំ​ក៏​បាន​គិត​ណាស់​ដែរ ព្រោះខ្ញុំ​​មិន​ចង់​ឱ្យ​គេ​រិះ​គន់។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ពិត​ជា​អស់​លទ្ធភាព​មែន​។ ​ពេទ្យ​ថា​ត្រូវ​បូ​ម​ទឹក​ចេញ​ពី​ពោះ​របស់​ប៉ា ព្រោះ​ទឹក​នោះ​មាន​ជាតិ​ពុរ។ ដូច្នេះ​ប៉ា​​អស់​កម្លាំង​ខ្លាំង​ ត្រូវ​ប្រើ​សេរ៉ូម​ដើម្បី​ឱ្យ​មាន​កម្លាំង​ឡើង​វិញ​។ ​ក្នុង​មួយ​ថ្ងៃ​​យើង​ត្រូវ​ចំណាយ​អស់ជិត​​​៤​០០​ដុល្លារ​​ ព្រោះ​ពេទ្យ​ថា​ត្រូវ​ប្រើ​ថ្នាំ​ថ្លៃ​ៗ»​។ នេះ​ជា​ការត្អូញ​ត្អែរ​​របស់​លោក​ សង្វាត រតនៈ​។
 
កូនប្រុស​ច្បង​​អាយុ២១​ឆ្នាំ​ ដែល​ជា​បង្គោលក្នុង​​គ្រួសារ​បន្ទាប់​ពី​ឪពុក​រូប​នេះ ទីពឹង​មុខ​របរ​លក់​ផ្លែ​ឈើ​​តាម​អន​ឡាញ​ផង​ លក់​នៅ​ផ្សារផង​ និង​លក់​ផលិត​ផល​ផ្សេង​ៗ​ទៀត​តាម​អន​ឡាញ​ ដើម្បី​រក​ប្រាក់​ព្យាបាល​ជំងឺ​ឪពុក​ និង​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។
 
បុរស​កំព្រា​ម្ដាយ​រូប​នេះ បញ្ជាក់​បន្ថែម​៖«ព្រោះ​តែ​កូវីដ ប៉ា​មិន​មាន​រោង​ការ​ច្រៀង​ទេ ដូច្នេះ​ប៉ា​លក់​ផ្លែ​ឈើ​តាម​អន​ឡាញ​។ ចំណែក​ខ្ញុំ​ក៏លក់​​​​ផ្លែឈើ​ និង​ផលិត​ផលផ្សេង​ទៀត​​តាម​អន​ឡាញ​ និង​នៅ​ផ្សារ​ដែរ​។ យើង​ជួល​ផ្ទះ​គេ​​។ គិត​ទាំង​ផ្ទះនិង​​ថ្លៃ​ជួល​កន្លែង​លក់​នៅ​ផ្សារ​ ក្នុង​មួយ​ខែ​​ចំណាយ​អស់​ប្រហែល​៦០០​ដុល្លារ​។ ដូច្នេះ​ចំណូល​ដែល​ពួក​យើង​រក​បាន​ គ្រាន់​តែ​ដោះ​ទាល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​»។ 
 
លោក សែម​ សង្វាត​ ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ តាំង​ពី​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧​នោះ បច្ចុប្បន្ន​​មាន​វ័យ​៤៨​ឆ្នាំ។ ចម្រៀង​ដែល​ធ្វើ​ឱ្យមហាជន​ ស្គាល់​លោក​ភាគ​ច្រើន​នោះ គឺ​បទ “កម្មករ​ឆ្លង​ដែន​” សំបុត្រ​ស្នេហ៍​ក្នុង​សៀវ​ភៅ​អូន” “រាជនី​កំពូល​ដួង​ចិត្ត​” និងបទ​ “ស្នេហ៍​តែ​អូន​” ជា​ដើម​៕ 

Tag:
 សិល្បៈ​
  ចម្រៀង
  តន្ត្រី​
  សែម សង្វាត
© រក្សាសិទ្ធិដោយ thmeythmey.com