ជាតិ
វត្ថុបុរាណខ្មែរ​៥​រូប ​​បាន​ត្រឡប់​មកដល់​​មាតុភូមិ​វិញ​ហើយ​
30, Sep 2021 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ក្នុង​ដំណាក់​កាល​ដំបូង​នេះ  វត្ថុ​បុរាណ​ខ្មែរ​ដែល​ជា​រតនៈ​វត្ថុ​ដ៏​ល្អ​ឯក​ ចំនួន​៥រូប ក្នុង​នោះ​មាន​បដិមា​ថ្ម ព្រះ​សិវស្កន្ទ​(ព្រះ​ឥសូរនិង​ព្រះ​ស្កន្ទ) មក​ពី​ប្រាសាទ​កោះ​កេរ។ បដិមាថ្ម​ព្រះ​អឌ្ឍនារីស្វរៈ (ព្រះ​ឥសូរ​និង​នាង​ឧមា) និង​កន្សៃ​ទូក​សំរឹទ្ធ​ ​ត្រូវបាន​​បញ្ជូន​ពី​ប្រទេស​អង់គ្លេស​ មក​ដល់​មាតុភូមិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩ ខែ​​កញ្ញា ឆ្នាំ​២០២១​។ នេះ​បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។


 
ក្រសួងបានបញ្ជាក់ថា រូប​ចម្លាក់​ទាំង​៥​រូប​នេះ នឹង​យក​ទៅ​រក្សា​ទុក​ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ ដើម្បី​ឱ្យ​ក្រុម​ជំនាញ​ពិនិត្យ​វាយ​តម្លៃ សម្អាត​ ជួស​ជុល និង​ដំឡើង​ជើង​ទម្រ​ចាំបាច់​នានា សម្រាប់​ត្រៀម​រៀប​ចំ​ពិធី​ប្រគល់-ទទួល​​ជា​ផ្លូវ​ការ​ នៅ​ពេល​វេលា​ណា​មួយ​សម​ស្រប​ តាម​ការ​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​។
 
សូម​បញ្ជាក់​ថា ការ​ប្រគល់​រូប​ចម្លាក់​ទាំង​៥​រូប​នេះ មក​កម្ពុជា​វិញ ធ្វើ​ឡើង​​បន្ទាប់​ពី​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​លោក​ ឌូគ្លាស ឡាចហ្វត (​Douglas Latchford) ស្ដី​ពី​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១ ក្រសួងវប្បធម៌​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌​មាន​ថា វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ជាង​ ១០០​រូប​ សាង​ពី​ថ្ម​ និង​សំរឹទ្ធ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​៕ ​

Tag:
 វប្បធម៌​
  រូប​ចម្លាក់​
  វត្ថុ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com