ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន ទ្រី ភាព បោះទុនចំនួន ១៣០លានដុល្លារ ដើម្បីអភិវឌ្ឍកោះទន្សាយ
01, Oct 2021 , 8:59 am        
រូបភាព
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាពពីរដ្ឋបាលខេត្តកែប
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាពពីរដ្ឋបាលខេត្តកែប
ដោយ:
ភ្នំពេញ៖ ក្រុមហ៊ុន ទ្រី ភាព ​ បានបោះទុនវិនិយោគចំនួន ១៣០លានដុល្លារ ដើម្បីអភិវឌ្ឍកោះទន្សាយនៃ ខេត្តកែប។ បើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប  ក្រុមហ៊ុននេះនឹងអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្ទៃដីចំនួន១៤០ហិកតា។

 
ក្រុមហ៊ុន ទ្រី ភាព  ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ធ្វើរីស្សត ទីលានវាយកូនហ្គោល និងបឹងកាឡូ ជាមួយនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍ផ្សេងៗ នៅលើដីកោះទន្សាយនៃខេត្តកែប ក្នុងទំហំវិនិយោគ១៣០លានដុល្លារម៉េរិក។ នេះជាការលើកឡើងរបស់ លោក សោម ពិសិដ្ឋ ដោយបានបញ្ជាក់ថា គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុននេះ គឺស្ថិតនៅផ្ទៃដីចំនួន១៤០ហិកតា។ 



 
អភិបាលខេត្តកែប បានថ្លែងប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាថ្ងៃទី៣០កញ្ញា ​ដូច្នេះ៖ «ផ្ទៃដីកោះ[ទន្សាយ]ទាំងមូល គឺមានទំហំ១៨៤ហិកតា​ ហើយក្រុមហ៊ុនទទួលបានសិទ្ធសម្រាប់អភិវឌ្ឍកោះហ្នឹង គឺនៅលើដី១៤០ហិកតា»។ 
 
បើតាមអភិបាលខេត្តកែបរូបនេះ គម្រោងអភិវឌ្ឍកោះទន្សាយពីសំណាក់ក្រុមហ៊ុន ទ្រី ភាព គឺមិនទាន់លេចចេញជារូបរាងនៅឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុន​ និងអាជ្ញាធរកំពុងដោះស្រាយផលប៉ះពាល់នៃគម្រោងវិនិយោគនេះ ទៅលើពលរដ្ឋដែលអាស្រ័យផល និងទាមទារកាន់កាប់សិទ្ធិនានា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com