កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ឈ្នះណាហ្គាវើលដ៏ ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន
30, Sep 2021 , 6:34 pm        
រូបភាព
ភ្នំពេញ៖ ៤គូបានបញ្ចប់ហើយ នៃការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ឆ្នាំ២០២១ ក្នុងសប្ដាហ៍ទី១៧ កាលពីថ្ងៃទី៣០ កញ្ញា។ ភ្នំពេញក្រោន បន្តឈ្នះឡើងកំពូលតារាងបណ្ដោះអាសន្ន ខណៈបឹងកេត និងព្រះខ័នរាជស្វាយរៀង បានត្រឹម១ពិន្ទុម្នាក់បន្ថែមទៀត។


 
ភ្នំពេញក្រោន នៅតែធ្វើបានល្អ ដោយយកឈ្នះ ណាហ្គាវើលដ៍ ៣-២ នៅកីឡដ្ឋាន កងយោធពល ខ.ភ.ម។ ខ្សែបម្រើ Nieto Rondon រកបាន២គ្រាប់ នៅនាទី២៣ និង៧៤ ខណៈ ប្រាក់ ធីវ៉ា ស៊ុតចូលនៅនាទី៤៣។ ចំណែក ខ្សែប្រយុទ្ធ Oliveira Marques រកបានពីរនៅនាទី៦២ និង៨០ ឱ្យណាហ្គាវើលដ៍ដែរ។ កាលពីប្រកួតជើងទី១នោះ ក្រុមទាំងពីរបានត្រឹមលទ្ធផល ១-១ ប៉ុណ្ណោះ នៅទឹកដីស្មាតអរ អេស អិន។ 
 
ចំណែកក្រុមខ្លាំងមួយគូទៀត រវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង បញ្ចប់ដោយលទ្ធផល១-១ ប៉ុណ្ណោះ។ កីឡាករ Robert Waly ជាអ្នករកគ្រាប់បាល់ឱ្យព្រះខ័នរាជស្វាយរៀងនាំមុខមុន នៅនាទី៤៩ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ មុននឹងខ្សែបម្រើប្រយុទ្ធ សៀង ចន្ធា ស៊ុតគ្រាប់បាល់ឱ្យបឹងកេត តាមស្មើវិញ នៅនាទី៧៩។
 
ក្រៅពីនេះ ខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា ក៏បានម្នាក់១ពិន្ទុដែរ ក្រោយគ្មានគ្រាប់បាល់បញ្ចូលទី ខណៈនគរបាលជាតិ ស្គាល់ជ័យជម្នះលើកទី៣របស់ខ្លួន ដោយយកឈ្នះសូលទីឡូអង្គរ ១-០។
 
បច្ចុប្បន្ន ភ្នំពេញក្រោន ឡើងទៅកំពូលតារាងបណ្ដោះអាសន្ន ដោយមាន៣៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១៦លើក ដោយឈ្នះ១១ ស្មើ៤ និងចាញ់១ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន៣៥ពិន្ទុ ខណៈវិសាខា និងបឹងកេត មាន៣៤ពិន្ទុ៕
 

Tag:
 បាល់ទាត់
  កីឡាជាតិ
  CNCC
© រក្សាសិទ្ធិដោយ thmeythmey.com