ជាតិ
ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនៅកម្ពុជាស្ថិតក្នុងហានិភ័យខ្ពស់
01, Oct 2021 , 8:59 am        
រូបភាព
អង្គភាពគ្រប់គ្រងសំ​ណល់វេជ្ជសាស្ត្រ​​​ទទួលខុសត្រូវរាល់សំណល់​ពីមន្ទីរពេទ្យ​និងគ្លីនិកនៅរាជធានីភ្នំពេញ​។​​រូបភាព៖ Gerald Flynn
អង្គភាពគ្រប់គ្រងសំ​ណល់វេជ្ជសាស្ត្រ​​​ទទួលខុសត្រូវរាល់សំណល់​ពីមន្ទីរពេទ្យ​និងគ្លីនិកនៅរាជធានីភ្នំពេញ​។​​រូបភាព៖ Gerald Flynn
កំណើនសំរាមវេជ្ជសាស្ត្រក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យអ្នកប្រមូលកាកសំណល់វេជ្ជសាស្រ្តនៅកម្ពុជាពិបាកទ្រាំទ្រអស់។ កាកសំណល់គ្រោះថ្នាក់ទាំងនោះបានបង្កជាបញ្ហា ដូចជាការបំពុលផ្លូវទឹក និងធ្វើឱ្យអ្នករើសអេតចាយ ដែលជាចំណែកមួយក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃនាំចេញកាកសំណល់នោះ ប្រឈមនឹងហានិភ័យខ្លាំងផងដែរ។

 
លោក ងួន សុខហេង កំពុងនិយាយ ជាមួយអាការៈញ័រៗ និងញាក់ជើងតិចៗ នៅក្រោមពន្លឺពណ៌សក្នុងគ្លីនិកមួយកន្លែងនៅរាជធានីភ្នំពេញ។
 
«ខ្ញុំកម្រមកជួបពេទ្យណាស់ ហើយក៏មិនមកពិនិត្យសុខភាពបានទៀងទាត់អីដែរ។ ខ្ញុំភាគច្រើនភ័យរឿងសួតនិងថ្លើម ព្រោះការងាររបស់ខ្ញុំប៉ះពាល់ពីរនេះខ្លាំង»។ សុខហេងលើកឡើងបែបនេះ។ 
 
អស់រយៈពេល ១១ ឆ្នាំហើយដែល បុរសរូបនេះបានបំពេញការងារនៅ អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត របស់កាកបាទក្រហមកម្ពុជា។ លោក ទទួលខុសត្រូវក្នុងការដុតបំផ្លាញកាកសំណល់វេជ្ជសាស្ត្រ ដែលប្រមូលមកពីទូទាំង រាជធានីភ្នំពេញ។ បរិមាណកាកសំណល់វេជ្ជសាស្ត្របានកើនឡើងពី ពីរតោនក្នុងមួយថ្ងៃ រហូតដល់ ២០ ដងក្នុងមួយថ្ងៃ អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩ នេះ។ ខណៈដែលបរិមាណកាកសំណល់បន្តកើនឡើង សុខហេង យល់ថា ការងាររបស់លោកនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាព។


 
លោករៀបរាប់បែបនេះ៖ «យើងព្រួយបារម្ភពីផ្សែងដែលអាចប៉ះពាល់សួត ហើយក៏បារម្ភពីការឆ្លងជំងឺផ្សេងៗ ដែលបណ្ដាលមកពីការមុតម្ជុលពេទ្យដែរ។ ក្រុមការងាររបស់ខ្ញុំភ័យខ្លាចឆ្លងជំងឺថ្លើម បើសិនជាមុតម្ជុលពេទ្យដែលត្រូវបានប្រើប្រាស់រួចទាំងនោះ»។
 
ភាពភ័យខ្លាចនៃការឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដូចគ្នា ស្របពេលដែលករណីនៃអ្នកឆ្លងនៅកម្ពុជាកំពុងហក់ឡើង។ អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តបានខិតខំប្រមូល និងដុតកាកសំណល់កូវីដ-១៩ ដែលចេញពីមន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលបណ្តោះអាសន្ន។
 
លោកវេជ្ជបណ្ឌិត ឈុំ សុជាតិ ដែលជាគ្រូពេទ្យពិនិត្យសុខភាពឱ្យ សុខហេង ហើយស្នើសុំមិនបញ្ចាញឈ្មោះគ្លីនិករបស់ខ្លួន បានប្រាប់ថា លោកថតកាំរស្មីអ៊ិចលើរាងកាយ សុខហេង មុននឹងបន្តលាបថ្នាំលើក្បាលពោះរបស់គាត់ ដើម្បីត្រៀមឆ្លុះអេកូ ក្នុងបំណងពិនិត្យមើលសុខភាពថ្លើមរបស់សុខហេង និងរកមើលរោគសញ្ញាដំបូងនៃជំងឺរលាកថ្លើមផងដែរ។


 
លោក សុខហេង បានពន្យល់ទៅលោកវេជ្ជបណ្ឌិត សុជាតិថា៖ « ខ្ញុំមុតម្ជុលពេទ្យច្រើនដងហើយ រាប់មិនអស់ទេ។ ខែខ្លះមុត ហើយខែខ្លះទៀតអត់ អ៊ីចឹងក៏ឈប់រាប់ទៅ តែជាមធ្យម ក្នុងមួយខែ មុតពីពីរទីបីដង។ កាលពីមុននឹងប្រើតែអាល់កុល និងថ្នាំបាញ់កម្ចាត់បាក់តេរី ដើម្បីសម្អាតរបួស»។
 
ជាសំណាងល្អ លោកវេជ្ជបណ្ឌិតសុជាតិបានរកឃើញថា សុខហេង មិនមានសញ្ញានៃជំងឺរលាកទងសួត ឬជំងឺស្ទះសួតនោះទេ។ សួតរបស់សុខហេង មានទំហំធម្មតា ហើយក៏មិនមានរោគសញ្ញានៃជំងឺក្រិនថ្លើម ដុំសាច់ ឬរបេងនោះដែរ។ សម្រាប់ថ្លើមក៏ដូចគ្នាគឺ ពុំមានរោគសញ្ញាគួរឱ្យព្រួយបារម្ភទេ ទោះបីជាសុខហេងធ្វើការ ប្រាំពីរ ថ្ងៃក្នុងមួយសប្តាហ៍ នៅកន្លែងដែលមានហានិភ័យខ្ពស់ចំពោះថ្លើម និងសួតក៏ដោយ។
 
«ការងារប្រភេទនេះអាចប៉ះពាល់សុខភាពរបស់គាត់ជាខ្លាំង។ កាកសំណល់កខ្វក់មានមេរោគ និងបន្សល់ពីសារធាតុគីមីទាំងអស់នោះ អាចបណ្តាលឱ្យគាត់ឆ្លងមេរោគ បាក់តេរី រលាកថ្លើម ឆ្លងជំងឺអេដស៍ និងឆ្លងមេរោគជាច្រើនប្រភេទទៀត តាមចរន្តឈាមនិងសារធាតុរាវក្នុងរាងកាយ។ ម្យ៉ាងទៀតថ្នាំ ឬសារធាតុគីមីមួយចំនួនអាចធ្វើឱ្យគាត់ប្រឈមមុខនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកសួត»។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិតសុជាតិ។
 
តាមរយៈការវិភាគរបស់លោកវេជ្ជបណ្ឌិតរូបនេះ រយៈពេលដែលសុខហេងបានធ្វើការជាមួយឡដុតសំរាម អាចធ្វើឱ្យគាត់ប្រឈមមុខនឹងការឆ្លងមេរោគសួត ឬមហារីកសួត ដូចអ្នកជក់បារីដែរ។ លោកវេជ្ជបណ្ឌិតសុជាតិក៏បានណែនាំគាត់ឱ្យទៅធ្វើតេស្តឈាមភ្លាមៗបន្ទាប់ពីមុតម្ជុលបោះចោលទាំងនោះ។
 
ទោះបីជាការសិក្សាបានរកឃើញថា មេរោគកូវីដ-១៩ អាចរស់នៅបានរយៈពេលពី ៣ ម៉ោងទៅ ៧ ថ្ងៃ អាស្រ័យលើសម្ភារៈដែលវាតោងក៏ដោយ កម្រិតហានិភ័យដែលបណ្តាលមកកាកសំណល់វេជ្ជសាស្ត្របន្សល់ពីអ្នកជំងឺកូវីដ-១៩ នៅតែមិនអាចកំណត់បាន។  ប៉ុន្តែ សុខភាពសុខហេងរងការគំរាមកំហែងជាច្រើនទម្រង់ អំឡុងពេលបំពេញការងារ។ នេះបើតាម លោកវេជ្ជបណ្ឌិតសុជាតិ។
 
លោកបានព្រមានថា៖ «វាអាចជាការឆ្លងមេរោគលើស្បែក ចូលសួត ឬផ្លូវដង្ហើម ហើយវាអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ។ វាអាចជាសារធាតុវិទ្យុសកម្មដែលបង្កគ្រោះថ្នាក់យ៉ាងស្ងៀមស្ងាត់ ម្យ៉ាងវាអាចជាថ្នាំគីមីដែលសុខហេងស្រូបចូលពេលដកដង្ហើម។ វាក៏អាចជាបាក់តេរី វីរុស ដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងរមួយចំនួន»។
 
ដំណោះស្រាយតែមួយគត់ដែលលោកវេជ្ជបណ្ឌិត សុជាតិ អាចណែនាំដល់សុខហេង និងក្រុមការងាររបស់គាត់ គឺត្រូវធ្វើឱ្យប្រាកដថា ពួកគេបានប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)ត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ អំឡុងពេលបំពេញការងារ។



ឃ្លាតឆ្ងាយពីក្រុមគ្រួសារ
 
បន្ទាប់ពីដឹងលទ្ធផលសុខភាពរបស់ខ្លួនរួចរាល់ សុខហេង បានត្រឡប់ទៅផ្ទះវិញ ជាមួយ នឹងទឹកមុខរីករាយ។ ថ្វីត្បិតតែគាត់បានបញ្ចប់ការងារប្រចាំថ្ងៃក៏ដោយ ក៏សំណល់វេជ្ជសាស្ត្រនៅតែតោងជាប់នឹងខ្លួនរបស់គាត់ដែរ។
 
គ្រួសាររបស់ សុខហេង ត្រូវពឹងផ្អែកលើការងាររបស់គាត់ទាំងស្រុង ដែលបានជាប្រភពចំណូលតែមួយគត់សម្រាប់គ្រួសារ ចាប់តាំងពីអាជីវកម្មត្បាញសូត្ររបស់ប្រពន្ធគាត់បានបាត់បង់អតិថិជនជាច្រើន ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ដើម្បីការពារការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ លោកសុខហេង បានគេង និងបរិភោគអាហារនៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។
 
គាត់បាននិយាយថា៖ «ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថារាងឯកាបន្តិច ដោយសារត្រូវនៅម្នាក់ឯង ហូបបាយតែម្នាក់ឯង គ្មានការប្រាស្រ័យទាក់ទងគ្នាទេ។ តែងតែរក្សាគំលាតឱ្យបានត្រឹមត្រូវ ព្រោះខ្លាចចម្លងដល់ពួកគាត់។ គ្រួសារខ្ញុំ មិត្តភក្តិ និងអ្នកជិតខាង តែងតែរក្សាគម្លាតពីគ្នាជានិច្ច»។
 
មុនចូលក្នុងផ្ទះ សុខហេងត្រូវបាញ់អាកុលសម្លាប់មេរោគ និងដោះឯកសណ្ឋានរបស់គាត់នៅមាត់ទ្វារ មុននឹងចូលទៅលាងសម្អាតខ្លួន។ ភរិយារបស់គាត់ឈ្មោះ ផៃ សោភ័ណ គ្រប់ពេលបានត្រឹមឈរមើលគាត់ពីជ្រុងម្ខាងទៀតនៃបន្ទប់តែប៉ុណ្ណោះ។ សុខហេង និងគ្រួសារបានរស់នៅបែបនេះអស់រយៈពេលជាង ១៨ ខែហើយ។ អ្នកស្រី ផៃ សោភ័ណ បានសារភាពថា រូបគាត់បានព្យាយាមបញ្ចុះបញ្ចូល សុខហេង ឱ្យឈប់ពីការងារជាអ្នកដុតកាកសំណល់វេជ្ជសាស្រ្តនេះ និងស្វែងរកការងារផ្សេងធ្វើ ប៉ុន្តែមិនជោគជ័យ។ ទោះយ៉ាងណា អ្នកស្រីនៅតែមានមោទកភាពចំពោះស្វាមីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា តាមរយៈការជួយដុតកម្ទេចសំណល់ទាំងនោះ។
 
អ្នកស្រី សុភ័ណ្ឌ បានលើកឡើងថា៖ «ខ្ញុំត្រូវពន្យល់ប្រាប់កូនៗពីបញ្ហាទាំងអស់នេះ ព្រោះពីមុនក្រុមគ្រួសារយើងនៅក្បែរគ្នាណាស់។ ប៉ុន្តែឥឡូវនេះ មិនអាចធ្វើអ៊ីចឹងបានទៀតទេ ហើយខ្ញុំត្រូវពន្យល់ពួកគេថា វាមិនមែនជាកំហុសរបស់ពុកម៉ែដែរ ព្រោះខ្ញុំមិនចង់ឱ្យពួកគេខឹង ឬក៏ពិបាកចិត្តទេ។ យ៉ាងណាក៏ដោយ ខ្ញុំពិតជាមានមោទកភាពចំពោះប្ដីខ្ញុំ ព្រោះមិនមានមនុស្សច្រើននាក់ដែលអាចប្រៀបផ្ទឹមជាមួយគាត់បានទេ ដ្បិតថា គាត់កំពុងជួយសង្គម។ ប្រសិនបើខ្ញុំមិនឱ្យគាត់ធ្វើការងារនេះទេ តើអ្នកណានឹងធ្វើវាទៀត?»



កម្មករជួរមុខដែលត្រូវបានគេបំភ្លេច
 
ស សារឿន គឺជាកម្មករម្នាក់ក្នុងចំណោមកម្មករបីនាក់ទៀត ដែលត្រូវទៅប្រមូលកាកសំណល់តាំងពីម៉ោង ៧ ព្រឹក តាមកាលវិភាគរបស់ខ្លួន។ ក្រុមការងាររបស់លោក ទទួលបានសម្លៀកបំពាក់សុវត្ថិភាព PPE មុននឹងចេញដំណើរពី អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ នៅខណ្ឌដង្កោ ទៅប្រមូលសំរាមវេជ្ជសាស្ត្រតាមមន្ទីរពេទ្យ និងគីនិកនានា។ នេះគឺជាការងារប្រចាំថ្ងៃរបស់លោកចាប់តាំងពីឆ្នាំ ២០០៨ ដែលធ្វើឱ្យគាត់ក្លាយជាកម្មករជាន់ខ្ពស់នៅក្នុងអង្គភាព។
 
«ខ្ញុំពិតជាសង្ឃឹមថាជំងឺរាតត្បាតកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។ លោក សារឿន ថ្លែងដូច្នេះ ខណៈដែលរថយន្តដឹកសំរាមកំពុង បើកឆ្ពោះទៅកន្លែងប្រមូលសំរាមដំបូងនៅព្រឹកនេះ គឺមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលជាមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ 


 
លោកនិយាយថា៖ «ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ខ្ញុំត្រូវធ្វើការច្រើនជាងមុន ហើយខ្ញុំមានអារម្មណ៍អស់កម្លាំងគ្រប់ពេល។ ដូច្នេះខ្ញុំសង្ឃឹមថាកូវីដ នឹងឆាប់ចប់។ ខ្ញុំអាចសម្រាកបានច្រើន ហើយអាចធ្វើការងាររបស់ខ្ញុំជាមួយកាកសំណល់ពេទ្យធម្មតាវិញ។»
 
លោក សារឿន បានកត់សម្គាល់ថា ការកើនឡើងនៃការសំណល់វេជ្ជសាស្រ្ត តម្រូវឲ្យការប្រុងប្រយ័ត្នក៏ត្រូវតែខ្ពស់ដែរ ដ្បិតថា កាកសំណល់ទាំងនេះអាចបង្កហានិភ័យខ្ពស់ណាស់។
មានអាយុ ២១ ឆ្នាំ ព្រឿង សារ៉ាត់ គឺជាសមាជិកដែលក្មេងជាងគេក្នុងក្រុម និងបានចូលរួមជាមួយអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត នៅចុងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតផ្ទុះឡើងនោះ ក៏បានបង្ហាញពីអារម្មណ៍តានតឹងផងដែរ។
 
លោក បាននិយាយថា៖ «តាំងពីវា [កូវីដ-១៩] មកដល់កម្ពុជាហើយ យើងគ្មានពេលសម្រាកទេ។ យើងត្រូវធ្វើការពីថ្ងៃច័ន្ទដល់អាទិត្យគ្មានពេលឈប់ទេ ហើយហូបបាយនៅលើឡានដឹកសំរាមរាល់ថ្ងៃ។ យើងព្រួយបារម្ភ និងខ្វល់ខ្វាយគ្រប់ពេលវេលា។ ខ្ញុំធ្វើការងារនេះដោយសារតែគ្រួសារខ្ញុំជំពាក់បំណុលគេ។ ការងារនេះបានលុយច្រើនជាធ្វើសំណង់ តែឥឡូវនេះ ខ្ញុំមិនសូវបាននៅជាមួយគ្រួសារប៉ុន្មានទេ ព្រោះខ្ញុំខ្លាចចម្លងជំងឺដល់ពួកគាត់»។
 
ក្រុមការងារបានមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ ដែលជាកន្លែងមានថង់ពណ៌លឿងជាច្រើនកំពុងរង់ចាំពួកគេ។ ភ្លាមៗនោះពួកគេបានចាប់ផ្តើមស្លៀកពាក់ ខោអាវការពារ PPE ។ នៅពេលប្រមូលកាកសំណល់កូវីដ-១៩ អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តមានច្បាប់ និងនីតិវិធីតឹងរ៉ឹង ដូចជា កុំប៉ះពាល់កាកសំណល់ដោយមិនពាក់ស្បែកជើងកវែង ស្រោមដៃ របាំងមុខ និងខោអាវការពារពណ៌សឱ្យបានត្រឹមត្រូវ។ 


 
លោក សារឿន រៀបរាប់ថា មានថ្ងៃខ្លះមិនមានសម្ភារៈ PPE គ្រប់គ្រាន់ ក្រុមការងារត្រូវបានគេហាមប្រមូល ដែលការណ៍នេះធ្វើឱ្យកាកសំណល់គរដូចភ្នំ។ យ៉ាងណាមិញក្រុមការងារលោក សារឿន បានប្រាប់ឲ្យមន្ទីពេទ្យជួយទុកដាក់ឲ្យបានត្រឹមត្រូវ ហើយក្រុមកាងារនឹងទៅប្រមូលនៅថ្ងៃបន្ទាប់។ 
 
កម្មករបីនាក់បាននិយាយគ្នា ក្នុងឡានថា ថ្ងៃនេះសំរាមមានច្រើនជាងសព្វដង។ ដូច្នេះ ពួកគេគេត្រូវយកវាទៅអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តមួយជើងសិន មុននឹងទៅប្រមូលកន្លែងផ្សេងៗទៀត។ សារ៉ាត់ លើកឡើងថា ថ្ងៃនេះប្រហែលចេញពីធ្វើការយឺតទៀតហើយ។ 
 
លោក សារ៉ាត់ និយាយថា៖ «អ្នកខ្លះយល់ ពីហានិភ័យដែលយើងកំពុងប្រឈមមុខ ប៉ុន្តែមនុស្សភាគច្រើនមិនឱ្យតម្លៃការងាររបស់យើងប៉ុន្មានទេ»។ លោកបន្តែមថា ហើយកម្មករប្រមូលសំរាមវេជ្ជសាស្ត្រ កម្រត្រូវបានគេមើលឃើញថាជាកម្មករជួរមុខណាស់។ 
 
ត្រលប់មកកន្លែងដុតកាកសំណល់វិញ លោក សុខហេង កំពុងរង់ចាំក្រុមប្រមូលកាកសំណល់ ហើយនៅពេលពួកគេមកដល់ ក៏ចាប់ផ្តើមប្រមូលកាកសំណល់កូវីដ-១៩ ចេញពីក្នុងឡាន ខណៈសុខហេង និងក្រុមរបស់គាត់ កំពុងបង្កាត់ភ្លើងក្នុងឡ ហើយក៏ស្លៀកឈុត PPE របស់ពួកគាត់។ 
 
សារ៉ាត់ បានប្រមូលកាកសំណល់ទាំងនោះដាក់ក្នុងធុងរបស់សុខហេង ដើម្បីយកទៅដុតកម្ទេចចោលនៅក្នុងឡ។ កំដៅឡគឺចន្លោះពី ១២០០ ទៅ ១៥០០ អង្សាសេ ដែលល្មមនឹងអាចកម្ទេចកាកសំណល់ទាំងនោះបាន។


 
ខ្វះបុគ្គលិក ធ្វើការហួសកម្លាំង មូលនិធិជំនួយតិច និងគ្មានសម្ភារៈគ្រប់គ្រាន់
 
ក្នុងអំឡុងពេលមានជំងឺរាតត្បាត អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តបានខិតខំព្យាយាមធ្វើឱ្យប្រសើរឡើងនៃចំនួនសម្ភារការពារក្រុមការងារខ្លួន។ មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ក្រុមនេះបានត្អូញត្អែរពីសម្ភារការពារមិនគ្រប់គ្រាន់។ ដូច្នេះហើយ ជារឿយៗ ពួកគេត្រូវចែករំលែកស្បែកជើងកវែង និងប្រើស្រោមដៃកៅស៊ូ ដែលមានសភាពមិនធន់ ឲ្យគ្នាប្រើម្តងម្នាក់ ខណៈពេលដែលពួកគេត្រូវប្រមូលកាកសំណល់វេជ្ជសាស្រ្តដោយដៃ។
 
ប៉ុន្តែទោះបីជាមានសម្ភារការពារថ្មីក៏ដោយ ក៏សុខហេងនៅតែមានភាពព្រួយបារម្ភ ដោយសារតែ បរិមាណសំណល់រឹងនៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងខ្លាំង។ នៅក្នុងកន្លែងដុតកាកសំណល់ កំដៅ និងក្លិនស្អុយ កាន់តែមានខ្លាំងឡើង និងគួរឱ្យភ័យខ្លាច និងមានផ្សែងក្រាស់ ខណៈសុខហេង កំពុងប្រមូលកាកសំណល់ដ៏ច្រើនទាំងនោះដាក់ក្នុងអណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ។
 
លោក សុខហេង បាននិយាយថា៖ «ប្រហែល ៧០ ភាគរយនៃកាកសំណល់ទាំងនេះ គឺជាកាកសំណល់កូវីដ-១៩។ ៣០ ភាគរយទៀតគឺជាសំណល់វេជ្ជសាស្ត្រធម្មតា។ នៅពេលដែលយើងពាក់អាវកូវីដ បោះសំរាមចូលទៅឡម្ដងៗ វាមានផលវិបាកខ្លាំងណាស់ ដោយសារអាវហ្នឹង វាហប់ ហើយយើងពាក់បានយ៉ាងច្រើនតែពី ១៥ នាទី ទៅ ២០នាទី បើលើសពីនេះអាចធ្វើអោយយើងចង់ខ្យល់ វាហប់ខ្លាំងពេក»។ 
 
នៅពេលដែលដុតកាកសំណល់រួច គាត់បានបោះសម្លៀកបំពាក់ការពាររបស់គាត់ទាំងអស់ទៅក្នុងឡភ្លើង ដើម្បីកម្ទេចចោល។ ដោយសារបរិមាណកាកសំណល់នៅទីក្រុងភ្នំពេញកំពុងកើនឡើងព្រោះជំងឺរាតត្បាតនេះ សុខហេង ត្រូវធ្វើបែបនេះជារឿយៗ យ៉ាងហោចណាស់ ២០ ដងក្នុងមួយថ្ងៃ។ 
 
«ចាប់តាំងពីរីករាលដាលជំងឺកូវីដមក ឡដុតរបស់យើងបានខូចជារឿយៗ ដោយសារមានកាកសំណល់ច្រើនពេក។ ឡមួយរបស់ចិន ហើយមួយទៀតរបស់បារាំងមានអាយុចន្លោះពី ប្រាំមួយ ទៅប្រាំពីរ ឆ្នាំ ចាស់ហើយ ដោយសារប្រើច្រើនពេក»។ សុខហេង រៀបរាប់ដូច្នេះ។
 
រហូតមកដល់ពេលនេះ ការស្នើសុំឡថ្មីជាមួយនឹងសម្ភារ បច្ចេកទេស សម្រាប់ដុតកាកសំណល់នៅតែមិនទាន់បានជោគជ័យ។ ប៉ុន្តែ លោក សូ ស៊ីម៉ារ៉ុង ដែលជាអនុប្រធានអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងធ្វើការជាមួយអង្គការនេះចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ នៅតែប្រឹងប្រែងដាក់ពាក្យស្នើសុំ។


 
លោក ស៊ីម៉ារ៉ុង ជាអតីតមន្ត្រីក្រសួងមហាផ្ទៃ បានចូលបម្រើការជាមួយអង្គភាពនេះក្រោយលោកបានចូលនិវត្តន៍ ហើយបានអំពាវនាវសុំជំនួយឥតឈប់ឈរពី រដ្ឋាភិបាល និងម្ចាស់ជំនួយជាតិ និងអន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ វាមិនទាន់មានសញ្ញាវិជ្ជមានណាមួយឡើយ។
 
ខណៈពេលចុះពិនិត្យទីតាំងដុតសំរាម លោក ស៊ីម៉ារ៉ុង បានលើកឡើងថា៖ « រដ្ឋាភិបាលដូចជាមិនរវីរវល់នឹងខ្ញុំសោះ មិនមែនខ្ញុំរិះគន់រដ្ឋាភិបាលទេ ប៉ុន្តែវាជាការពិត សព្វថ្ងៃនឹងអត់រវីរវល់ទេ»។
 
ក្នុងការប្រមូលកាកសំណល់ ក្រុមរបស់លោក ស៊ីម៉ារ៉ុង គិតថ្លៃសេវាពីមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលថ្លៃឈ្នួលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល ហើយភាគច្រើនផ្អែកលើចំនួនគ្រែដែលកន្លែងនីមួយៗមាន។ លោក ស៊ីម៉ារ៉ុង បាននិយាយថា សេវាថែទាំសុខភាពឯកជនជាធម្មតាចំណាយច្រើន ប៉ុន្តែប្រាក់ទាំងអស់បានត្រលប់ទៅកាកបាទក្រហមកម្ពុជាវិញ ដែលជាប្រាក់ខែរបស់អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត។ ថវិកាដែលនៅសេសសល់គឺសម្រាប់ការងារសប្បុរសធម៌ដែលគ្រប់គ្រងដោយ សម្ដេច ប៊ុន រ៉ានី ដែលជាភរិយារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 
 
ការងារពីមុនៗមកមានភាពរលូន ប៉ុន្តែរហូតដល់ជំងឺកូវីដ-១៩ បានផ្ទុះឡើង បានធ្វើឲ្យបុគ្គលិករបស់លោក ស៊ីម៉ារ៉ុង មានការភ័យខ្លាចក្នុងការធ្វើការងារប្រចាំថ្ងៃ។ ពួកគេមួយចំនួនត្អូញត្អែរថា ចង់ឈប់ធ្វើការប្រសិនមិនមានសម្ភារការពារគ្រប់គ្រាន់។
 
យ៉ាងណាក៏ដោយ លោក ស៊ីម៉ារ៉ុង បានខិតខំយ៉ាងខ្លាំងដើម្បីធានាឱ្យបាននូវលក្ខខណ្ឌល្អប្រសើរសម្រាប់ក្រុមរបស់លោក។ លោក ស៊ីម៉ារ៉ុង បានថ្លែងដូច្នេះ៖ «បច្ចុប្បន្នពួកគេទទួលបានប្រាក់ឧបត្ថម្ភខ្លះ តែវានៅតែមិនច្រើនទេ។ អ្នកខ្លះទទួលយកវាហើយខ្លះទៀតមិនព្រមយក។ យើងបានឲ្យពួកគេ ២ ម៉ឺនរៀល [៥ ដុល្លារ] ក្នុងមួយថ្ងៃ បូកបន្ថែមពីលើប្រាក់ខែរបស់ពួកគេ»។
 
បើតាមការបញ្ជាក់របស់អនុប្រធានអង្គភាពនេះ ប្រាក់ខែគោលរបស់បុគ្គលិកជួរមុខភាគច្រើនគឺត្រឹមតែ ២៥០ ដុល្លារប៉ុណ្ណោះ។ លោកបានបន្ថែមថា៖ «យើងមិនមានកម្មករគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវជួលមនុស្សខាងក្រៅមកធ្វើការជារៀងរាល់ថ្ងៃ»។ 
 
លោក ជិន ប៊ុនធឿន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា បានបដិសេធម្តងហើយម្តងទៀតចំពោះការផ្តល់ចម្លើយទៅកាន់អ្នកយកព័ត៌មាន អំពីការលំបាកដែលអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រកំពុងប្រឈម ខណៈពេលកម្មករកំពុងបំពេញភារកិច្ចប្រចាំថ្ងៃ។


 
រដ្ឋាភិបាលប្រតិកម្មទៅនឹងការរិះគន់នៃការគ្រប់គ្រង់ជំងឺកូវីដ-១៩
 
លោក ស៊ីម៉ារ៉ុង បានតវ៉ានឹងការធ្វេសប្រហែសរបស់អ្នកជំនាញថែទាំសុខភាពដែលផ្ទុកកាកសំណល់វេជ្ជសាស្ត្រច្រើនពេកដោយមិនបានបែងចែកវាឱ្យបានត្រឹមត្រូវ ឬដាក់ស្លាកកាកសំណល់មុតស្រួចឱ្យបានត្រឹមត្រូវ។ 
 
លោកបានជួយដឹកនាំក្រុមរបស់លោកឆ្លងកាត់វិបត្តិដែលបណ្តាលមកពីកង្វះខាត សម្លៀកបំពាក់ការពារ កង្វះបុគ្គលិក និង ធ្វើការច្រើនម៉ោង និងបច្ចេកវិទ្យាហួសសម័យ ខណៈជំងឺរាតត្បាតកំពុងវាយលុកពិភពលោក។ ប៉ុន្តែ ជិតដល់ទីបញ្ចប់នៃបេសកកម្មរបស់គាត់ហើយ។
 
លោក ស៊ីម៉ារ៉ុង បានមានប្រសាសន៍ដោយត្រង់ៗថា៖ «ប្រសិនបើខ្ញុំមិនអាចដោះស្រាយវាបានទេ ខ្ញុំនឹងលាលែងពីតំណែង។ ប្រសិនបើរដ្ឋាភិបាលមានវិធានការផ្សេងទៀតនោះប្រហែលជាក្រុមរបស់ខ្ញុំនឹងមិនត្រូវបំពេញការងារច្រើនបែបនេះនោះទេ…ប្រសិនបើរដ្ឋាភិបាលនិយាយថា យើងត្រូវតែបន្តធ្វើហើយពួកគេនឹងគាំទ្រយើង ដូចជាផ្ដល់ឡដុតថ្មី បង្កើនប្រាក់ខែ និងការការពារដល់យើង យើងនឹងខិតខំប្រឹងប្រែងធ្វើបន្តទៀត។ ប៉ុន្តែប្រសិនបើពួកគេមិនខ្វល់ដូចពេលនេះ យើងនឹងមិនខំធ្វើទៀតទេ»។ 
 
មានបញ្ហាមួយទៀតដែល លោក ស៊ីម៉ារ៉ុង បានពន្យល់។ នោះគឺកង្វះការយល់ដឹងទូទៅអំពីការចោលកាកសំណល់វេជ្ជសាស្រ្តនៅទូទាំងប្រទេសកម្ពុជា។ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតែព្យាយាមគេចវេសពីការបង់ថ្លៃសេវាដល់អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត ដោយការចោលសំរាមដោយខុសច្បាប់។
 
លោក សង្ស័យថា បញ្ហានេះទំនងជាកំពុងកើតមានឡើងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ ហើយជាទ្រង់ទ្រាយធំទៀតផង។ ប៉ុន្តែបញ្ហានេះអាចនឹងគ្មាននរណាដឹងនោះទេ ដោយសារក្រុមរបស់លោកធ្វើការតែនៅក្នុងរាជធានីភ្នំពេញ។ 
 
មន្ត្រីក្រសួងសុខាភិបាលនៅតាមខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា និងប្រធានមន្ទីរពេទ្យបង្អែកខេត្តមួយចំនួន បានបដិសេដបកស្រាយពីបញ្ហាទាំងអស់ទេ នៅពេលដែលអ្នកយកព័ត៌មានទាក់ទងទៅ ដើម្បីពិភាក្សាពីការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត។


 
ក្នុងខែសីហាឆ្នាំ ២០២១ ក្រសួងបរិស្ថាន បានរាយការណ៍ថា មជ្ឈមណ្ឌលចត្តាឡីស័កនៅទូទាំងប្រទេសកំពុងបង្កើតកាកសំណល់វេជ្ជសាស្ត្រប្រហែល ១០០ តោនជារៀងរាល់ថ្ងៃ ហើយឡដុតចំនួន ៥០ ត្រូវបានដំឡើងនៅខេត្តចំនួន ២១ ដើម្បីដោះស្រាយបញ្ហានេះ។ ទោះយ៉ាងណាតួលេខជាក់លាក់នៃឡដុតកាកសំណល់វេជ្ជសាស្ត្រទូទាំងប្រទេស ហាក់ពុំមានទិន្នន័យច្បាស់លាស់។
 
អ្នកជំនាញផ្នែកថែទាំសុខភាពជាច្រើនត្រូវបានគេបណ្តេញចេញ ដោយសារនិយាយប្រឆាំងនឹងវិធានការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺកូវីដ-១៩ ។ មន្ត្រីម្នាក់នៅខេត្តព្រះសីហនុ បានអះអាងថា កាកសំណល់វេជ្ជសាស្រ្តបានកើតឡើង ដែលបណ្ដាលឲ្យមានការខ្វះចន្លោះក្នុងការគ្រប់គ្រង ប៉ុន្តែមន្ត្រីនោះមិនចង់និយាយច្រើនពីបញ្ហានេះទេ។
 
ក្រុមហ៊ុនសម្អាតក្រុង ហ្កា.អ៊ី.យ៉ា(GAEA) និងស៊ីនទ្រី ដែលជាក្រុមហ៊ុនប្រមូលសំរាមឯកជនធំជាងគេនៅកម្ពុជា ក៏បដិសេធមិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពទូទៅនៃសំណល់វេជ្ជសាស្ត្រនៅកន្លែងចាក់សំរាមរបស់ពួកគេទេ ឬហានិភ័យដែលអាចបង្កដល់បុគ្គលិករបស់ពួកគេ ដែរ។
 
លោក សារឿន ធ្លាប់ធ្វើការឱ្យស៊ីនទ្រី មុនពេលគាត់ចូលរួមជាមួយអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត ហើយនិយាយអំពីការឃើញកាកសំណល់វេជ្ជសាស្ត្រត្រូវបានគេបោះចោលនៅតាមដងផ្លូវ។ ប៉ុន្តែ សារឿន បានបន្ថែមថា នេះគឺជាងមួយទសវត្សរ៍មកហើយ ហើយគាត់ជឿជាក់ថាអ្វីៗបានផ្លាស់ប្ដូរច្រើន។
 
ភស្តុតាងដែលប្រមូលបានដោយអ្នកយកព័ត៌មានបានបង្ហាញថា អាចមានកម្មករនៃក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ បានប្រមូលសំរាមដែលអាចលក់បាន យកទៅលក់ឲ្យអ្នកទិញអេដចាយ។ នៅពេលសួរថា តើអាចទៅរួចទេដែលមានបុគ្គលិករបស់គាត់លួចលក់កាកសំណល់វេជ្ជសាស្រ្តប្លាស្ទិកលោក ស៊ីម៉ារ៉ុង បានឆ្លើយថា៖ «នេះអាចជាការពិត ទោះបីយើងហាមឃាត់ពួកគេក៏ដោយ ប៉ុន្តែយើងមានមេក្រុមត្រួតពិនិត្យជាប្រចាំ»។ 
 
លោកស្រីវេជ្ជបណ្ឌិត Li Ailan ដែលជាតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបដិសេធនិយាយអំពីបញ្ហានេះ ខណៈដែលលោកស្រី ឱ វណ្ណឌីន ដែលអ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងបានទេ បើទោះជាមានការព្យាយាមទាក់ទងទៅច្រើនដងក៏ដោយ។
 
ការបរាជ័យក្នុងការយកចិត្តទុកដាក់ចំពោះបញ្ហា
 
ខណៈពេលអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រកំពុងបំពេញការងារយ៉ាងមមាញឹកគ្រប់ទីកន្លែងក្នុងទីក្រុង ដោយប្រមូលកាកសំណល់វេជ្ជសាស្ត្រពីជាង៥០មន្ទីរពេទ្យ និងមណ្ឌលសុខភាពជារៀងរាល់ថ្ងៃ នៅតែមានកាកសំណល់វេជ្ជសាស្ត្រជាច្រើនទៀតដែលត្រូវបានប្រមូលដោយក្រុមអ្នកប្រមូលកាកសំណល់ផ្សេងទៀត។
 
អ្នករើសសំរាមមិនផ្លូវការ ដែលត្រូវគេស្គាល់ថាក្រុមអេដចាយ ដើររើសសម្រាមតាមដងផ្លូវដើម្បីយកកាកសំណល់ដែលអាចកែច្នៃបាន ដូចជាប្លាស្ទិក លោហធាតុ និងក្រដាសកាតុង។ ប៉ុន្តែថ្មីៗនេះពួកគេមើលឃើញពីការកើនឡើងនៃសំណល់វេជ្ជសាស្ត្រ ដែលក្នុងធុងនិងថង់សំរាម នៅខាងក្រៅកន្លែងបរិក្ខារថែទាំសុខភាព។ 
 
អ្នកស្រី ភុំ ឡាយអៀង ដែលប្រកបរបរជាអ្នករើសអេតចាយរយៈពេល១០ឆ្នាំ មកហើយនោះ បាននិយាយថា សឺរ៉ាំង ប្លាស្ទិក ថង់សេរូម ត្រូវបានអ្នកស្រីរើសតាមផ្លូវ ពេលដែលធ្វើដំណើរត្រលប់ទៅផ្ទះនៅលើកោះដាច់ ដែលជាកោះមួយឆ្លងកាត់ទន្លេមេគង្គ។ 
 
ឡាយអៀង បាននិយាយថា៖ «ខ្ញុំធ្លាប់រើសវាបានច្រើនណាស់ ព្រោះគេបោះចោលនៅក្រៅមន្ទីរពេទ្យរហូត»។ អ្នកស្រី អាចលក់កាកសំណល់ប្លាស្ទិកក្នុងតម្លៃ ៤០០រៀល ស្មើនឹង ០,០៩ ដុល្លារ ក្នុងមួយគីឡូក្រាម ដោយលាយកាកសំណល់វេជ្ជសាស្ត្រជាមួយកាកសំណល់ប្លាស្ទិកផ្សេងទៀតដើម្បីលក់អោយអ្នកទិញអេតចាយធំ។ 


 
អ្នកស្រី ប្រមូលសំរាមនៅយប់មួយជាមួយប្តី ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពេលអ្នកស្រីរកមើលតាមថង់សំរាមនៅខាងមុខមន្ទីរពេទ្យ ត្រូវបានសន្តិសុខប្រាប់ឱ្យប្រយ័ត្ន ដោយនិយាយថា មានអ្នកជំងឺកូវីដ ១៩ ទទួលការព្យាបាលនៅទីនោះ ហើយកាកសំណល់ទាំងអស់នោះអាចនឹងចម្លងជំងឺបាន។
 
ចាប់តាំងពីពេលនោះមកអ្នកស្រីកាន់តែប្រយ័ត្នជាងមុន។ ប៉ុន្តែដោយសាររស់នៅក្នុងភាពក្រីក្រ ឡាយអៀង ត្រូវតស៊ូ បើទោះបីត្រូវប្រឈមមុខនឹងជំងឺកូវីដ-១៩ ក៏ដោយ។ ដោយសារ បារ និងភោជនីយដ្ឋានជាច្រើនត្រូវបានបិទ កាកសំណល់ពីទីកន្លែងទាំងនោះមានបរិមាណតិចជាងមុន។ 
 
បញ្ហានេះបាននាំឱ្យអ្នករើសអេដចាយមួយចំនួនហ៊ានប្រថុយនឹងហានិភ័យនេះ។ មន្ត្រីម្នាក់នៅមណ្ឌលសុខភាពកោះដាច់ ដែលសុំមិនបញ្ចេញឈ្មោះបានពន្យល់ថា កាលពីដើមឆ្នាំ ២០២០ អ្នករើសអេតចាយជាច្រើនបានរើសយកកាកសំណល់វេជ្ជសាស្រ្តពីខាងក្រៅមណ្ឌល។ បន្ទាប់ពីបានពន្យល់ម្តងហើយម្តងទៀតអំពីហានិភ័យដល់ក្រុមអ្នករើសអេតចាយ ដែលរស់នៅសង្កាត់កោះដាច់ក្នុងខណ្ឌជ្រោយចង្វាររាជធានី បញ្ហានេះបានឈានដល់ចំណុចមួយដែលមណ្ឌលសុខភាពត្រូវហាមឃាត់អ្នករើសអេតចាយទាំងអស់ចូលទៅក្នុងបរិវេណមណ្ឌលសុខភាព លើកលែងតែត្រូវទទួលការព្យាបាល។
 
អ្នករើសអេដចាយផ្សេងទៀត បានប្រាប់ថា ពួកគេលែងប្រមូលកាកសំណល់វេជ្ជសាស្ត្រទៀតហើយ ដោយសារហានិភ័យ និងតម្លៃទាប។ 




កង្វះកន្លែងកែច្នៃ បង្កឱ្យមានការនាំចេញក្រៅផ្លូវការ
 
នៅពេលអ្នករើសអេដចាយបានប្រមូលកាកសំណល់បានគ្រប់ល្មម កាកសំណល់ទាំងនោះត្រូវបានលក់ទៅឱ្យអ្នកទិញធំៗ។ អ្នកទិញអេតចាយធំជាងគេមានម៉ាស៊ីន កៀបសម្ភារអេដចាយទាំងនោះទៅជាដុំធំៗ ដែលមានទម្ងន់ច្រើនគីឡូ។ 
 
ទោះយ៉ាងណាក៏ដោយ ជំងឺរាតត្បាតកូវីដ១៩ បានបង្កើតបញ្ហាខុសៗគ្នាសម្រាប់អ្នកទិញធំៗ ដូចជា អ្នកស្រី អ៊ឹង គារថា ដែលជាអ្នកទិញអេដចាយ បានឲ្យដឹងថាតម្លៃ អេដចាយបានធ្លាក់ថ្លៃ ដោយសារការរឹតបន្តឹង និងការបិទច្រកព្រំដែន។
 
អ្នកស្រី បានមានប្រសាសន៍ថា៖ «បញ្ហាគឺថា អ្នកទិញធំៗមិនអាចនាំចេញទៅប្រទេសថៃ ឬវៀតណាមបានទេក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ ១៩ ខ្លាំង ដ្បិតព្រំដែនត្រូវបានបិទ ប៉ុន្តែឥឡូវនេះពួកគេអាចនាំចេញម្តងទៀត ហើយតម្លៃបានកើនឡើងវិញ»។
 
អ្នកស្រី គារថា បាននិយាយថា ខ្លួនក៏បានឃើញការផ្លាស់ប្តូរឆន្ទៈរបស់អ្នកទិញ ក្នុងការយកកាកសំណល់វេជ្ជសាស្រ្តដែរ ប៉ុន្តែលោកស្រីផ្ទាល់ មិនទិញកាកសំណល់នោះពីអ្នករើសអេដចាយទេ។ 
 
អ្នកស្រីបាននិយាយថា៖ «កាលពីមុនខ្ញុំបានទិញម្តងឬពីរដង ប៉ុន្តែនៅពេលខ្ញុំព្យាយាមលក់វាបន្ត អ្នកទិញធំៗ មិនទទួលទិញវាទេ ដូចមុនទេ។ ដូច្នេះខ្ញុំឈប់ទិញវាហើយ។ ខ្ញុំមិនប្រមូលទិញកាកសំណល់វេជ្ជសាស្រ្តទេ ដ្បិតវាជាសម្ភារប្លាស្ទិកដែលមានភាពផុយស្រួយ ហើយវាមានតំលៃថោក។ ដូច្នេះខ្ញុំមិនយករបស់ទាំងនេះទេ ទោះបីខ្ញុំព្យាយាមលក់វាទៅអ្នកផ្សេងក៏ដោយក៏គ្មានអ្នកណាទិញវាដែរ»។


 
តាមការប៉ាន់ស្មានរបស់ អ្នកស្រី គារថា អ្នកស្រីអាចរកចំណូលបានប្រមាណ ពីរលានរៀល (ប្រហែល ៥០០ ដុល្លារ) ក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកស្រីបានចំណាយយ៉ាងតិចបីភាគបួននៃចំនួននោះ ដើម្បីទិញរបស់របរអេដចាយពីអ្នករើសអេតចាយផ្សេងទៀត។ អ្នកស្រីពោលថា អ្នកទិញធំៗ ដែលអាចនាំចេញកាកសំណល់ឆ្លងព្រំដែន ទើបរកលុយបានច្រើនជាងនេះ។
 
ទិន្នន័យផ្លូវការពីការនាំចេញអេដចាយមិនអាចរកបាននោះទេ ដែលអាចបណ្ដាលមកពីអំពើពុករលួយដែលកើតឡើងជុំវិញការនាំចេញ ហើយខណៈការកែច្នៃក្នុងប្រទេសនៅមានកម្រិត។ 
 
បើតាមរបាយការណ៍ អាជ្ញាធរវៀតណាម ចំនួនពីរភាគរយនៃកាកសំណល់កែច្នៃឡើងវិញត្រូវបានអនុញ្ញាតឲ្យនាំចូលជាផ្លូវការបាន។ លោកស្រី Quach Xuan នៃសម្ព័ន្ធគ្មានកាកសំណល់វៀតណាម បានព្រមានថា ខេត្តអានយ៉ាងនៃប្រទេសវៀតណាមជាប់ព្រំដែនជាមួយខេត្តតាកែវរបស់កម្ពុជា គឺជាចំណុចសំខាន់ នៃការរត់ពន្ធសំរាមខុសច្បាប់។ 
 
លោកស្រីបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលផ្តល់ការអនុញ្ញាតឱ្យគ្រួសារនៅទីនោះប្រមូលសំរាម ប៉ុន្តែមានតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះ។ ដូច្នេះអ្នកដែលនៅជិតព្រំដែននាំយកវាពីមួយទៅមួយ ហើយវាមើលទៅដូចជាកាកសំណល់ក្នុងស្រុកហើយវាពិបាកបញ្ឈប់ណាស់។ ប្រសិនបើមន្ត្រីគយនៅតាមច្រកព្រំដែនធ្វើការដោយត្រឹមត្រូវ ពួកគេអាចបញ្ឈប់វាបាន។ ប៉ុន្តែបញ្ហាត្រង់ថា វាជាព្រំដែនដែលធំមួយ»។ 
 
លោកស្រី Xuan ក៏បានណែនាំផងដែរថា វាអាចទៅរួចដែលកាកសំណល់វេជ្ជសាស្ត្រពីប្រទេសកម្ពុជាត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសវៀតណាមតាមរយៈផ្នែកគ្រប់គ្រងកាកសំណល់ក្រៅផ្លូវការ ប៉ុន្តែមិនទាន់មានទិន្នន័យដែលអាចទុកចិត្តបានសម្រាប់យកមកបង្ហាញនោះទេ។ 
 
ត្រលប់មកតាមដងផ្លូវក្នុងទីក្រុងភ្នំពេញវិញ វាកាន់តែងាយស្រួលក្នុងការមើលឃើញថា តើកាកសំណល់វេជ្ជសាស្ត្រទាំងនោះត្រូវបានបោះចោលនៅតាមដងផ្លូវដោយរបៀបណា។ នៅលើផ្លូវ ២៦២ ក្នុងខណ្ឌដូនពេញ ថង់សេរ៉ូមដែលពោរពេញដោយឈាមថ្មីៗ ត្រូវបានគេបោះចោលកន្លែងដាក់សំរាមខាងមុខមន្ទីរពហុព្យាបាលឡាសង់តេ។ នៅពេលដែលអ្នកយកព័ត៌មានព្យាយាមសុំជួបអ្នកគ្រប់គ្រងគ្លីនិកនោះ សន្តិសុខបានរារាំងមិនឲ្យចូល ហើយបានស្នើសុំឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីចូលទៅក្នុងអាគារ។


 
ពេលយល់ព្រមធ្វើតេស្តហើយ អ្នកយកព័ត៌មានបែរជាត្រូវបានបដិសេធឲ្យចូលទៅវិញ។ ទោះយ៉ាងណា បុគ្គលិកនៃគ្លីនិកដែលមិនចង់បញ្ចេញឈ្មោះ បានបញ្ជាក់ថា កាកសំណល់វេជ្ជសាស្ត្រដែលប្រឡាក់ឈាមនៅតាមដងផ្លូវនោះ គឺជា របស់គ្លីនិករបស់ពួកគេ ហើយបានបន្ថែមទៀតថា វានឹងត្រូវប្រមូលដោយ អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ ក្នុងរយៈពេលបីថ្ងៃទៀត។
 

© រក្សាសិទ្ធិដោយ thmeythmey.com