ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជនប្រឆាំងម្នាក់ ជាប់ពន្ធនាគារ១ឆ្នាំ៨ខែលើកទី២ ខណៈម្នាក់ទៀត ទើបត្រូវចាប់ខ្លួន
01, Oct 2021 , 1:50 pm        
រូបភាព
សកម្មភាព ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសមត្ថកិច្ច ឃាត់រថយន្តរបស់លោក ទុំ ប៊ុនថន (ទំនងនៅមុខផ្ទះរបស់លោក) ក្នុងរាជធានីភ្នំពេញ ហើយឲ្យលោក ឡើងជិះម៉ូតូពីក្រោយ យកទៅអនុវត្តទោសតាមដីការបស់តុលាការ។ វីដេអូអំពីការឃាត់ខ្លួនលោក ទុំ ប៊ុនថន ត្រូវបានអ្នកប្រឆាំងចែករំលែកតៗគ្នាលើបណ្តាញសង្គម។
សកម្មភាព ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសមត្ថកិច្ច ឃាត់រថយន្តរបស់លោក ទុំ ប៊ុនថន (ទំនងនៅមុខផ្ទះរបស់លោក) ក្នុងរាជធានីភ្នំពេញ ហើយឲ្យលោក ឡើងជិះម៉ូតូពីក្រោយ យកទៅអនុវត្តទោសតាមដីការបស់តុលាការ។ វីដេអូអំពីការឃាត់ខ្លួនលោក ទុំ ប៊ុនថន ត្រូវបានអ្នកប្រឆាំងចែករំលែកតៗគ្នាលើបណ្តាញសង្គម។
សមត្ថកិច្ច បានចាប់មន្រ្តីថ្នាក់មូលដ្ឋាន២នាក់ទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គឺលោក ទុំ ប៊ុនថន សមាជិកក្រុមទ្រទ្រង់នៃអតីតគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងលោក ឡាក់ គៀន មេឃុំអតីតគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ។



លោក ទុំ ប៊ុនថន ត្រូវបានចាប់ខ្លួន នៅរាជធានីភ្នំពេញ។ ចំណែក លោក ឡាក់ គៀន ដែលជាមេឃុំអតីតគណបក្សសង្គ្រោះជាតិ នៃឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវចាប់ខ្លួននៅផ្ទះភរិយារបស់លោក ក្នុងខេត្តតាកែវ ហើយសមត្ថកិច្ច បញ្ជូនលោកទៅកាន់តុលាការភ្នំពេញ។

លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាមថា ការចាប់លោក ទុំ ប៊ុនថន គឺធ្វើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។

តុលការភ្នេំពេញ បានកាត់ទោសលោក ទុំ ប៊ុនថន រួចហើយ ដោយឲ្យលោកជាប់ពន្ធនាគារ១ឆ្នាំ៨ខែ តែលោក ពុំបានជាប់ឃុំក្នុងពន្ធនាគារឡើយ ដោយលោក បានគេចខ្លួនទៅប្រទេសថៃ។ ក្រោយមកពីថៃវិញ លោក ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីយកទៅអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១ឆ្នាំ៨ខែ តាមការសម្រេចរបស់តុលាការភ្នំពេញ។

ក្នុងករណីនេះ លោក ទុំ ប៊ុនថន ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារ កាលពីឆ្នាំ២០២០ លោក បានប្រកូកប្រកាសតាមលោក សម រង្ស៊ី ដែលជាមេដឹកនាំកំពូលនៃក្រុមប្រឆាំងនៅក្រៅប្រទេស ឲ្យប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារ និងមានភាពខ្វះខាត ផ្អាកការសងទៅធនាគារសិន ហើយពេលជំងឺកូវីដ-១៩ ថមថយ និងមានជីវភាពល្អប្រសើរឡើងវិញ ចាំសង។

ការជាប់ទោសនេះ គឺជាលើកទី២ហើយ សម្រាប់លោក ទុំ ប៊ុនថន។ លោក ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ហើយត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ៨ខែ និងត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គមដូចករណីលើកទី២ដែរ។ ក្នុងករណីលើកទី១ លោក បានអំពាវនាវតាមលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ឲ្យប្រជាពលរដ្ឋក្នុងស្រុកហូបនំបញ្ចុកជុំគ្នា ដែលហៅថានំបញ្ចុកសាមគ្គី។

អាជ្ញាធរ និងតុលាការ យល់ថា អ្នកប្រឆាំងក្នុងស្រុក ប្រមូលគ្នាហូបនំបញ្ចុក ដើម្បីប្រឆាំងនឹងសាលដីការបស់តុលាការកំពូល ដែលរំលាយគណបក្សសង្គ្រោះជាតិ ហើយពួកគេ ក៏អាចជជែកគ្នាពីការចាំទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ដែរ។ ព្រោះតែអាជ្ញាធរ និងតុលាការ យល់បែបនេះហើយ ទើបបានជាអ្នកប្រឆាំងខ្លះនៅក្នុងស្រុក មានលោក ទុំ ប៊ុនថន ជាអាទិ៍ ត្រូវបានចាប់ខ្លួន និងត្រូវចោទពីបទញុះញង់។ សម្រាប់ករណីលើកទី១នេះ លោក បានបម្រើទោសក្នុងពន្ធនាគាររយៈពេល១ឆ្នាំ៨ខែចប់ហើយ ទៅតាមការសម្រេចរបស់តុលាការភ្នំពេញ។

លោក សម រង្ស៊ី ធ្លាប់ប្រកាសពីផែនការធ្វើមាតុភូមិនិវត្ត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឬហៅថា ផែនការ៩វិច្ឆិកា។ សម្រាប់រដ្ឋាភិបាលកម្ពុជា គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា លោក ពុំបានវិលមកកម្ពុជា ដូចការគ្រោងទុកឡើយ។

ចំពោះលោក ឡាក់ គៀន ត្រូវចោទពីបទក្លែងបន្លំឯកសាធារណៈ។ អាជ្ញាធរ ទើបសើរើរកឃើញថា កាលពីនៅធ្វើជាមេឃុំ លោក ឡាក់ គៀន បានចេញលិខិតក្លែងក្លាយ ពាក់ព័ន្ធនឹងដីធ្លី។ នេះជាមូលហេតុ ដែលលោក ត្រូវចាប់ខ្លួន និងត្រូវចោទពីបទក្លែងបន្លំឯកសារសាធារណៈនាពេលនេះ។

លោកមេធាវី សំ សុគង់ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ លោក បានទទួលការពឹងពាក់ពីក្រុមគ្រួសាររបស់លោក ទុំ ប៊ុនថន និងពីក្រុមគ្រួសាររបស់លោក ឡាក់ គៀន ឲ្យការពារក្តីអ្នកទាំង២នេះ។ លោក ផ្តល់ព័ត៌មានថា អ្នកទាំង២ សុទ្ធតែកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។

លោកមេធាវី បានឲ្យដឹងថា នៅសប្តាហ៍ក្រោយ (ប្រហែលថ្ងៃច័ន្ទ ទី៤ ខែតុលា ឆ្នាំ២០២១) លោក នឹងទៅជួបកូនក្តីទាំង២របស់លោក ដើម្បីពិគ្រោះគ្នាពីបញ្ហាផ្លូវច្បាប់។ លោក មានប្រសាសន៍ថា៖«បើពួកគាត់ យល់ព្រមពឹងពាក់ខ្ញុំ ឲ្យការពារក្តី ខ្ញុំ នឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យដោះលែងពួកគាត់ នៅក្រៅឃុំបណ្តោះអាសន្ន»។

លោក ឡុង រី មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រុមប្រឆាំង និងធ្លាប់ជាតំណាងរាស្រ្តដែរនោះ បានចាត់ទុកការចាប់លោក ទុំ ប៊ុនថន និង លោក ឡាក់ គៀន ថាជាចេតនាគំរាមកំហែងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីមហាជន ក៏ដូចជាសកម្មជន ដែលហ៊ានងើបឡើងធ្វើសកម្មភាពអ្វីមួយ។ តាមរយៈទំព័រហ្វេសប៊ុក លោក បានអំពាវនាវពីក្រៅប្រទេស ឲ្យអង្គការជាតិ-អន្តរជាតិ ជួយតាមដានករណីរបស់អ្នកទាំង២នេះ។

លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ សង្កេតឃើញថា ការចាប់មន្រ្តី ឬសកម្មជនប្រឆាំងក្នុងស្រុកនាពេលនេះ គឺកើតឡើងបន្ទាប់ពីអ្នកនយោបាយជាន់ខ្ពស់ខាងកាន់អំណាច និងខាងប្រឆាំង ទាស់ពាក្យសម្តីគ្នាខ្លាំង។ លោក កត់សម្គាល់ថា ឲ្យតែអ្នកនយោបាយជើងចាស់ ប៉ះទង្គិចគ្នា សកម្មជនប្រឆាំងក្នុងស្រុក តែងត្រូវចាប់ខ្លួន ហើយទិដ្ឋភាពបែបនេះ តែងកើតឡើងជាដដែលៗ។

លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«យើង ជាសង្គមស៊ីវិល យើង បារម្ភពីបញ្ហាសិទ្ធិមនុស្ស។ ការចាប់ខ្លួនសកម្មជនប្រឆាំង នឹងធ្វើឲ្យមានការរិះគន់ថែម ខណៈបញ្ហាសិទ្ធិមនុស្ស កំពុងតានតឹង»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការចាប់អ្នកទាំង២ខាងលើ ថាជាការអនុវត្តច្បាប់ ហើយតុលាការ មានភស្តុតាងច្បាស់លាស់។ លោក ប្រាប់សង្គមស៊ីវិល ឲ្យរកភស្តុតាងដោះបន្ទុក បើចង់ជួយសកម្មជនប្រឆាំងទាំងនោះ។

តាមរយៈសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ផ្ញើសារទៅសង្គមស៊ីវិលថា៖«បើគ្រាន់តែចោទគេ ថាធ្វើទុក្ខបុកម្នេញសកម្មជន ហើយអត់មានភស្តុតាងផ្លូវច្បាប់ដោះបន្ទុក អាហ្នឹង ក៏មិនអាចជួយបានដែរ»៕

Tag:
 សកម្មជនប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com