ជាតិ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វ ស្នើក្រសួងកសិកម្មផ្អាកការនាំចូលជ្រូកមួយរយៈ
01, Oct 2021 , 8:09 pm        
រូបភាព
ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ស្នើក្រសួងពាក់ព័ន្ធ ផ្អាកការនាំចូលជ្រូក និងមាន់ មួយរយៈ ដើម្បីកាត់បន្ថយការធ្លាក់ថ្លៃជ្រូកខ្លាំងលើទីផ្សារ។ បច្ចុប្បន្នជ្រូករស់ធ្លាក់ថ្លៃពី ១៣ ០០០រៀល មកប្រមាណ ៩ ០០០រៀលក្នុងមួយគីឡូក្រាម។

 
អ្នកចិញ្ចឹមជ្រូកជាច្រើន បានរអ៊ូរទាំពីតម្លៃជ្រូករស់ ធ្លាក់យ៉ាងគំហុក។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យក្រសួងកសិកម្មចាត់វិធានការ ដោយផ្អាកការនាំចូលជ្រូករស់ពីក្រៅប្រទេសមួយរយៈ ដើម្បីដោះស្រាយ បញ្ហាធ្លាក់ថ្លៃ ដែលអ្នកចិញ្ចឹមជ្រូកកំពុងជួបប្រទះ។ លោក ស្រ៊ុន ពៅ សង្កត់ធ្ងន់ថា ការផ្អាកការនាំចូល ជ្រូកពីក្រៅប្រទេស ជាដំណោះស្រាយចំពោះមុខ ដែលតម្រូវឱ្យក្រសួងកសិកម្មដោះស្រាយជាបន្ទាន់។
 
«ដំណោះស្រាយសំខាន់បំផុត ជាការសំណូមពររបស់សមាគម គឺសុំឱ្យបិទមួយរយៈ ការនាំចូលសត្វ ពីប្រទេសក្រៅទាំងអស់ទាំងមាន់ទាំងជ្រូក។ បើមិនបិទ (ការនាំជ្រូកចូល) ទេ គឺធ្វើឱ្យប៉ះពាល់ដល់ អ្នកចិញ្ចឹម»។ នេះជាការលើកឡើងរបស់ លោក ស្រ៊ុន ពៅ ដោយបន្ថែមថា ដោយសារតែការនាំចូលនេះ ទើបអ្នកចិញ្ចឹមជ្រូក នៅតែជួបបញ្ហាតម្លៃធ្លាក់ចុះ និងការឆ្លងជំងឺលើសត្វជ្រូក មិនស្រាកស្រាន្ត។
 
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ លើកឡើងទៀតថា ប្រសិនបើក្រសួងពាក់ព័ន្ធ មិនអាចដោះស្រាយ បញ្ហាការនាំចូលជ្រូក ប្រកបដោយប្រសិទ្ធភាព នោះ នឹងអាចបង្កការមិនពេញចិត្តពី អ្នកចិញ្ចឹមជ្រូកកាន់តែច្រើន ។ លោក ស្រ៊ុន ពៅ អះអាងដូច្នេះ៖ «ប្រសិនបើអូសបន្លាយយូរប្រហែល ជាផ្ទុះ។ ដូចម្ដេចបានខ្ញុំថាផ្ទុះ គឺគាត់ត្រូវតែស្រែក ត្រូវតែអំពាវនាវទាំងអស់គ្នាច្រើនណាស់ រាប់ម៉ឺនគ្រួសារ រាប់ម៉ឺនអ្នក។ ដូច្នេះរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ត្រូវតែមានដំណោះស្រាយ បើគ្មានដំណោះស្រាយ ពួកគាត់ខាតច្រើនលើកច្រើនសារហើយ បើខាតមួយសារនេះទៀត គឺគាត់ត្រូវតែផ្ទុះហើយ»។
 
ជុំវិញការស្នើដល់ក្រសួងពាក់ព័ន្ធ ឱ្យផ្អាកការនាំចូលជ្រូកពីក្រៅប្រទេសនេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋាននៃនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ប្រាប់សារព័ត៌មានថ្មីៗ២៥យ៉ាងខ្លីថា ក្រសួងបានចាប់ផ្ដើមសកម្មភាពកាត់បន្ថយការនាំចូល ដោយថ្ងៃខ្លះនាំចូលត្រឹមតែ ២០០ក្បាល ទៅ៣០០ក្បាលប៉ុណ្ណោះ។
 
បច្ចុប្បន្នតម្លៃជ្រូករស់ ត្រូវបានធ្លាក់តម្លៃពី ១៣ ០០០រៀល មកត្រឹមប្រមាណ ៩ ០០០រៀលក្នុងមួយគីឡូក្រាម។  សាច់ជ្រូកសុទ្ធ ត្រូវបានលក់លើទីផ្សារធ្លាក់ប្រមាណពី២០ ០០០រៀល មកត្រឹមប្រមាណ ១៨ ០០០រៀលក្នុងមួយគីឡូក្រាម ខណៈសាច់ជ្រូកបីជាន់មកត្រឹមតម្លៃប្រមាណ ២០ ០០០រៀល ទៅ២២ ០០០រៀលក្នុងមួយគីឡូក្រាម។ នេះបើតាម លោក ស្រ៊ុន ពៅ៕
 

Tag:
 ThmeyThmey25
  ជ្រូកធ្លាក់ថ្លៃ
  សមាគមចិញ្ចឹមជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com