កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា៖ ខ្ញុំតាំងចិត្តជួយ​ក្រុមឲ្យ​ឆ្លងផុតវគ្គ Play-off ពានរង្វាន់ AFC Asian Cup
02, Oct 2021 , 8:59 am        
រូបភាព
ដោយ: រួបរួម
ចាន់ វឌ្ឍនាកា មាន​ឈ្មោះ​សារជាថ្មី​ក្នុងបញ្ជី​ក្រុមជម្រើសជាតិ​កម្ពុជាសម្រាប់​ការ​ប្រកួត​វគ្គ​ Play-Off នៃវគ្គ​ជម្រុះ ពានរង្វាន់ AFC Asian Cup China 2023 ដោយ​កម្ពុជា​ត្រូវប៉ះជាមួយកោះហ្គាំ នៅទឹកដី​កណ្តាល​ក្នុង​ប្រទេស​បារ៉ែន នា​ខែ​តុលា ខាងមុខ។ ជា​ឱកាសលើកដំបូង​ក្រោម​ការ​ដឹកនាំ​របស់គ្រូបង្វឹក លោក Ryu Hirose ប៉ុន្តែ​ជា​ការកោះហៅលើកទីពីររបស់​លោក Keisuke Honda ដែលជាអ្នក​ចាត់ការទូទៅ បន្ទាប់ពីខ្សែ​ប្រយុទ្ធឆ្នើម​បឹងកេតរូបនេះ បាន​ខក​ខាន​លេងឲ្យជម្រើស​ជាតិ​ចាប់តាំងពីកម្ពុជាចាញ់​វៀតណាម ៣-០ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ មក។

 
«ខ្ញុំ​មាន​អារម្មណ៍ថា សប្បាយ​ចិត្ត​ខ្លាំងណាស់»។ នេះជាការ​អះអាង​យ៉ាង​ខ្លី​របស់​ ចាន់ វឌ្ឍនាកា មក​កាន់​សារព័ត៌មាន​ថ្មីៗ ក្រោយពេល​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ផ្សាយ​បញ្ជីឈ្មោះចម្រុះ​​កីឡាករ​៣៦នាក់សម្រាប់​ការ​ប្រកួត​វគ្គ​ Play-Off នៃវគ្គ​ជម្រុះពានរង្វាន់ AFC Asian Cup China 2023 និងវគ្គ​ជម្រុះ AFC U23 ASIAN CUP Uzbekistan 2022។
 
ខណៈ​កីឡាករ​ក្មេងៗជាច្រើន​ ត្រៀម​បង្ហាញខ្លួន​ក្នុង​វគ្គ​ជម្រុះ AFC U23 Asian Cup ឆ្នាំ​២០២២ ចាន់ វឌ្ឍនាកា បច្ចុប្បន្ន​អាយុ​២៧​ឆ្នាំ តាំងចិត្ត​សាងភាពលេចធ្លោរ​ឡើង​វិញ​ក្នុងក្រុម​ជម្រើសជាតិសម្រាប់​ការ​ប្រកួតវគ្គ Play-Off នៃវគ្គ​ជម្រុះ ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០២៣។


 
កម្ពុជា ត្រូវប្រកួតជាមួយកោះហ្គាំ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដែលជាទឹក​ដីកណ្តាល ដោយជើងទីមួយ​ប្រព្រឹត្តទៅនៅថ្ងៃទី៩ និងជើងទីពីរនៅថ្ងៃទី​១២ ខែ​តុលា ដដែល។ «ខ្ញុំតាំង​ចិត្តជួយ​ក្រុម​ជម្រើសជាតិ​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះនេះ»។ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​ដូច្នេះ។
 
ចាប់តាំងពី​ឆ្នាំ​២០១៣ មក ខ្សែប្រយុទ្ធ​ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ខ្លួន​យ៉ាងទៀតទាត់​ក្នុងក្រុមជម្រើសជាតិ រួម​ទាំង​វត្តមាន​៤លើក​ក្នុង​សម័យ​កាល​អ្នក​ចាត់ការ​ទូទៅ ​លោក Keisuke Honda ផងដែរ។ ការនា​ប្រកួត​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ ក្នុងពូល A ក្រោម​ការដឹកនាំ​របស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas វឌ្ឍនាកា រកបាន​២គ្រាប់ក្នុងចំណោម​៤​ប្រកួត ក្នុងនោះ​១គ្រាប់ពេល​កម្ពុជា​ចាញ់មីយ៉ាន់ម៉ា ៤-១ និង១គ្រាប់ពេល​កម្ពុជាឈ្នះ​ឡាវ ៣-១។
 
ការ​ប្រកួត​ចុងក្រោយក្នុងក្រុម​ជម្រើស​ជាតិ​​របស់ខ្សែប្រយុទ្ធដើមកំណើត​ពីខេត្តកំពត​រូបនេះ គឺកាលពីថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅពេល​ដែល​កម្ពុជា​ចាញ់វៀតណាម ៣-០ នាជំនួប​បង្គ្រប់​កិច្ច​ក្នុងពូល A។ ចាប់តាំងពីពេលនោះ មក វឌ្ឍនាកា ស្ថិតនៅ​ក្រៅបញ្ជីទាំង​ប្រកួតមិត្តភាព និង​ប្រកួតអន្តរជាតិនានា ជាពិសេស​ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២។
 
ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២១ មក គ្រូបង្វឹក​ជប៉ុន Ryu Hirose បាន​ក្លាយជា​ដៃគូ​ថ្មី​របស់​លោក Honda ដោយបាន​ដឹកនាំ​ក្រុម​កម្ពុជាប្រកួត​វគ្គជម្រុះ World Cup ក្នុងពូល C ដែលនៅសេសសល់។ វឌ្ឍនាកា មិនមានឈ្មោះ​នៅ​ក្នុងក្រុមឡើយ ដោយ៣ប្រកួត​ចុងក្រោយនៅបារ៉ែន ដែលជាទឹក​ដី​កណ្តាល កម្ពុជាចាញ់​ម្ចាស់ផ្ទះបារ៉ែន ៨-០, ចាញ់អ៊ីរ៉ាក់ ៤-១ និង​ចាញ់​អ៊ីរ៉ង់ ១០-០។
 
ជាក្រុម​បាតតារាងក្នុងពូល គោព្រៃ មានឱកាស​មួយទៀត​ក្នុងការដណ្តើមយក​កៅអីសម្រាប់​ការ​ប្រកួតវគ្គជម្រុះជុំទី៣ ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០២៣ ដោយ​ត្រូវប្រជែង​ជាមួយ​ហ្គាំ នៅ​វគ្គ​ Play-Off នៅ​លើទឹក​ដី​បារ៉ែន។ 
 
កាលពី​រដូវកាលមុន វឌ្ឍនាកា ក៏មិនបាន​បង្ហាញ​ខ្លួន​ទៀងទាត់នៅ​ក្នុងក្រុម​បឹងកេត ក្រោម​ការ​ដឹកនាំ​របស់​លោក គឹម ភក្តី នោះដែរ ហើយ​ករណីនេះ មិនត្រូវ​បាន​បក​ស្រាយ​ជាសាធារណៈនោះឡើយ ដោយគេគ្រាន់តែ​សង្កេត​ឃើញថា កីឡាករ​រូប​នេះ ជាប់​រវល់​សិក្សា​នៅ​មហាវិទ្យាល័យ​។ 
 
សម្រាប់រដូវកាលថ្មីនេះ វឌ្ឍនាកា ដែលធ្លាប់ឈ្នះពាន​កីឡាករឆ្នើមប្រចាំ​រដូវកាល​ខេមបូឌានលីគ៣លើក បាន​បង្ហាញវត្តមានជាទៀងទាត់ ហើយរកបានគ្រាប់បាល់បញ្ចូលទីជាបន្ត​បន្ទាប់​ផងដែរ៕
 

Tag:
 ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com