ជាតិ
ក្រសួងវប្បធម៌គាំទ្រការជួលសម្លៀកបំពាក់បុរាណឱ្យទេសចរ តែត្រូវមាន​ស្រាវជ្រាវច្បាស់លាស់​មុនច្នៃ​
07, Oct 2021 , 6:59 pm        
រូបភាព
ដោយ:
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រការកែច្នៃសម្លៀកបំពាក់បុរាណខ្មែរ ដាក់ជួលឱ្យភ្ញៀវទេសចរ នៅតាមរមណីយដ្ឋាន ព្រោះនេះជាការអភិរក្ស និងអភិវឌ្ឍ មរតកខ្មែរ។ ប៉ុន្តែក្រសួងស្នើឱ្យអ្នកកែច្នៃ ត្រូវស្រាវជ្រាវ និងមានតឹកតាងត្រឹមត្រូវមុននឹងច្នៃ។

 

សម្លៀកបំពាក់ខ្មែរមានច្រើនទម្រង់និងច្រើនសម័យកាល។ គេតែងឃើញការស្លៀកសម្លៀកបំពាក់បុរាណនៅតាមកម្មពិធីមួយចំនួនដូចជាការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យ​ផ្សេងៗ។ ការជ្រើសរើសសម្លៀកបំពាក់ទាំងនោះ ព្រោះដើម្បីបង្ហាញអត្តសញ្ញាណជាតិ។
 
នាពេលបច្ចុប្បន្ន សម្លៀកបំពាក់ខ្មែរមួយចំនួនបានបង្ហាញរូបរាងឡើងជាមួយនិងការកែច្នៃបន្ថែមនៅតាមតាមតំបន់ទេសចរណ៍។ការធ្វើបែបនេះ គឺជាការរួមចំណែក លើកស្ទួយសម្លៀកបំពាក់ខ្មែរដែលមានការរួមបញ្ចួលទាំងវប្បធម៌បុរាណ និងសម័យ។ សម្លៀកបំពាក់បុរាណដែលមានការកែច្នៃបន្ថែម បានលេចរូបរាងឡើង ជួលឱ្យភ្ញៀវទេសចរ នៅរមណីយដ្ឋានកែច្នៃមួយក្នុងខេត្តបាត់ដំបង គឺ«សួនផ្ការីករាយ » ។

អ្នកស្រី ទៀ កណ្ណិការម្ចាស់សួនផ្ការីករាយ​ បានយកកំណាត់ និងគ្រឿងតុបតែងខ្លូនរបស់ខ្មែរដែលមានតម្លៃសមរម្យ​ មកច្នៃជាសម្លៀកបំពាក់ដាក់ឱ្យភ្ញៀវទេសចរ ជួលក្នុងរមណីយដ្ឋានរបស់ខ្លួន។ អ្នកស្រី បានស្រាវជ្រាវម៉ូតសម្លៀកបំពាក់ពីបុរាណរួចយកមកច្នៃបន្ថែមតាមការស្រឡាញ់ និងទេពកោសល្យ។ ក្នុងសួនផ្កានេះមានជួលសម្លៀកបំពាក់ក្នុងសម័យចេនឡា សម្លៀបំពាក់បែបជនបទបុរាណនិងសម្លៀកបំពាក់មួយចំនួនទៀត។ 

អ្នកស្រី ទៀ កណ្ណិការ ម្ចាស់សួនផ្ការីករាយ

អ្នកស្រី ទៀ កណ្ណិការថ្លែងប្រាប់សារព័ត៌មានThmeyThmey25តាមទូរស័ព្ទដូច្នេះថា៖ « មូលហេតុដែលខ្ញុំច្នៃសម្លៀកបំពាក់ទាំងនោះព្រោះខ្ញុំស្រឡាញ់វត្ថុបុរាណរបស់ខ្មែរ។ខ្ញុំគិតថាដូនតាយើងសម័យមុនគាត់ពូកែខ្លាំងណាស់។សម្លៀកបំពាក់ខ្មែរយើងមើលទៅមិនឡូយឆាយពេក ប៉ុន្តែលេចធ្លោ ស្អាតគាប់ភ្នែក។ ខ្ញុំចង់ផ្សាយទៅខាងក្រៅថា ទម្រង់នៃសម្លៀកបំពាក់ទាំងនោះជារបស់យើង។ជាពិសេសក្មេងៗជំនាន់ក្រោយ ឱ្យគាត់ដឹងថាសម្លៀកបំពាក់នេះ ជារបស់ខ្មែរ កុំមានការយឡំថាជារបស់ប្រទេសជិតខាង»។


 
បើតាមអ្នកស្រី កណ្ណិការកន្លងមកក៏មានក្មេងៗមួយចំនួន ដែលទៅកម្សាន្តនៅសួនផ្កាអ្នកស្រី យល់ច្រឡំថាសម្លៀកបំពាក់ទាំងនោះជារបស់ប្រទេសជិតខាង ឬ ដូចរបស់ប្រទេសមួយចំនួន។ប៉ុន្តែអ្នកស្រី​​ តែងពន្យល់ពួកគេថាសម្លៀកបំពាក់ ទាំងនោះជារបស់ខ្មែរស្របតាមអ្វីដែលអ្នកស្រីបានស្រាវជ្រាវ មុននឹងច្នៃសម្លៀកបំពាក់។ « ខ្ញុំតែងពន្យល់ប្រាប់គាត់ថានេះជារបស់ខ្មែរយើងទេព្រោះយើងខ្មែរ មានវប្បធម៌ខ្លួនឯង អ៊ីចឹងយើងអាចច្នៃបាន​ ដោយមិនយករបស់គេ »។ នេះជាការបញ្ជាក់បន្ថែមរបស់ម្ចាស់ចំការផ្ការីករាយ។
 
ងាកទៅម្ចាស់អាជីវកម្មជួលសម្លៀកបំពាក់បុរាណឱ្យភ្ញៀវទេសចរ​​ មួយរូបទៀត អ្នកស្រី អឿន ចាន់ឌី ក៏មានចក្ខុវិស័យមិនខុសគ្នាប៉ុន្មាន ពីអ្នកស្រី
កណ្ណិការ។ អ្នកស្រី អឿន ចាន់ឌី បានដាក់សម្លៀកបំពាក់បុរាណខ្មែរសម័យលង្វែក ឱ្យភ្ញៀវទេសចរជួលប្រមា​ណ២ឆ្នាំហើយ។ ស្ត្រីវ័យ៣២ឆ្នាំ រូបនេះចង់បង្ហាញសម្លៀកបំពាក់ខ្មែរឱ្យភ្ញៀវជាតិ
និងជាពិសេសភ្ញៀវអន្តរជាតិ បានដឹងថាសម្លៀកបំពាក់ខ្មែរមានភាពស្រស់ស្អាតនិងបានបង្ហាញអត្តសញ្ញាណជាតិ។ 

អ្នកស្រី អឿន ចាន់ឌី ម្ចាស់ហាងជួលសម្លៀកបំពាក់បុរាណខ្មែរនៅមុខអង្គរ 

« ខ្ញុំចង់លើកតម្កើងសម្លៀកបំពាក់វប្បធម៌ខ្មែរ។ បើសិនយើងមិនផ្សព្វផ្សាយទេ ខ្ញុំខ្លាចវានឹងបាត់បង់ឬក៏ក្មេងជំនាន់ក្រោយគាត់ភ័ន្តច្រឡំ​ វប្បធម៌ជាមួយបរទេសព្រោះកន្លងមកក៏មានអ្នកសួរខ្ញុំដែរ ថាខោអាវដែលខ្ញុំដាក់ជួលនោះជារបស់ខ្មែរឬរបស់ប្រទេសជិតខាង។ ខ្ញុំក៏ពន្យល់គេ តាមអ្វីដែរខ្ញុំស្រាវជ្រាវដូចជាការខុសប្លែកគ្នារវាងស្បៃ និងចំណុចជាច្រើនទៀត »។នេះជាការលើកឡើងរបស់អ្នកស្រី អឿន ចាន់ឌី។

តាមរយៈការច្នៃបន្ថែមនិងកាត់សម្លៀកបំពាក់បុរាណសម្រាប់ដាក់ឱ្យទេសចរជួល រយៈពេល២ឆ្នាំមកនេះ អ្នកស្រីចាន់ឌី ក៏បានរួមចំណែក គាំទ្រផលិតផលក្នុងស្រុក ដូចជាស្បៃ និងគ្រឿងអលង្ការសម្រាប់យកមកតុបតែងឱ្យភ្ញៀវផងដែរ។ 
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានបង្ហាញការគាំទ្រ ដល់អ្នកយកសម្លៀកបំពាក់បុរាណខ្មែរមកច្នៃឱ្យសមស្របតាមយុគសម័យទំនើប
ដើម្បីជាការអភិរក្សផង និងអភិវឌ្ឍផង។ ប៉ុន្តែការកែច្នៃត្រូវមានការស្រាវជ្រាវ និងសំអាងត្រឹមត្រូវ។ 
 
លោក​ ឡុង ប៊ុណ្ណាសិរីរត្ថអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះថា៖ « ក្រសួងវប្បធម៌ គឺមានគោលការណ៍ គាំទ្រ ជំរុញការច្នៃសម្លៀកបំពាក់បុរាណខ្មែរ ឱ្យសមនឹងសម័យបច្ចុប្បន្ន ព្រោះនេះជាការអភិរក្សផងនិងអភិវឌ្ឍផង។ តែការកែច្នៃ ត្រូវមានការស្រាវជ្រាវ »។ 
 
បើតាមអ្នកនាំពាក្យរូបនេះ ការដាក់សម្លៀកបំពាក់បុរាណខ្មែរជួលឱ្យទេសចរ តាមរមណីយដ្ឋាន គឺជាការរួមចំណែកដោយផ្ទាល់​ និងប្រយោលក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងទាក់ទាញទេសចរ។ ត្រង់ចំណុចនេះកាលណាភ្ញៀវទេសចរ អាចជួលសម្លៀកបំពាក់បុរាណថតរូបតាមរមណីយដ្ឋាន ក្នុងតម្លៃសមរម្យពួកគេមួយចំនួនពិតជាមិនរំលងនោះទេ។ រូបភាពទាំងអស់នោះនឹងដក់ក្នុងចិត្ត និងចងចាំថាខ្មែរមានសម្លៀកបំពាក់ និងវប្បធម៌យ៉ាងត្រចះត្រចង់ ហើយពួកគេនឹងផ្សព្វផ្សាយពីសម្លៀកបំពាក់ខ្មែរបន្តទៀត៕
  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com