ជាតិ
សម្រាកភ្ជុំបិណ្ឌ តំបន់សមុទ្រ កំពត កែប និងព្រះសីហនុ មានអ្នកទៅកម្សាន្តច្រើនជាងគេ
07, Oct 2021 , 11:35 am        
រូបភាព
 រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ថ្ងៃឈប់សម្រាកទី២នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ជាង ២៧ម៉ឺននាក់ ដើរកម្សាន្ត តាមរមណីយដ្ឋាននានានៅទូទាំងប្រទស ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ២៦៩ ៥១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ១ ៩១៥នាក់។ តួលេខនេះ កើនឡើងប្រមាណ ៨២ភាគរយ បើធៀបនឹងថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។


 
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី ៦ តុលា មានភ្ញៀវទេសចរសរុបចំនួន ២៧១ ៤២៨នាក់ បានធ្វើដំណើរនៅតាមរមណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ដដែល បានបញ្ជាក់ថា  ខេត្តគោលដៅដែលស្រូបទាញទេសចរច្រើនជាងគេ រួមមាន ខេត្តកំពត  កែប ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងខេត្តសៀមរាប។ 


 រូបភាពពីក្រសួងទេសចរណ៍

ខេត្តកំពត បានឈរនៅលំដាប់លេខ១ ជាខេត្តដែលមានភ្ញៀវទេសចរច្រើនជាងគេ រហូតដល់ ៣៦ ៧៤៨ នាក់ ខេត្តកែប ស្ថិតនៅលំដាប់លេខ២ មានទេសចរ ៣៣ ៧១៧ នាក់  និងខេត្តព្រះសីហនុ លំដាប់លេខ៣ មានអ្នកទៅកម្សាន្ត ៣២ ២៧២នាក់។  បន្ទាប់មក ខេត្តពោធិ៍សាត់ មាន ២៦ ៥៦៩នាក់ ខេត្តបាត់ដំបង មាន ១៩ ១៣៨ នាក់  ខេត្តកំពង់ចាម ១៨ ៥៦៤នាក់ ខេត្ត កំពង់ស្ពឺ មាន ១៤ ៨៥៤ នាក់ និងខេត្តសៀមរាប មាន ១២ ០៩៦នាក់។  
 
ជាមួយនឹងកំណើតសន្ទុះទេសចរច្រើននេះ រមណីដ្ឋានអន្លង់ជ្រៃ ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានទទួលភ្ញៀវហួសប្រមាណ នាំឱ្យខុសវិធានការសុវត្ថិភាព និងខុសនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) ។ ករណីនេះ រដ្ឋបាលត្បូងឃ្មុំ ផ្អាករមណីដ្ឋាននេះ ជាបណ្ដោះអាសន្ន នៅថ្ងៃទី៦ តុលា។
  
ដោយឡែក ចំពោះខេត្តគោលដៅទេចរណ៍ ផ្សេងៗទៀត  ក្រសួងទេសចរណ៍ អះអាងថា មិនមានជួបបញ្ហាប្រឈមគួឲ្យកត់សម្គាល់នោះទេ។ ដោយសុទ្ធតែបានអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) ក្រោមការចុះពិនិត្យ អប់រំ ណែនាំ និងសម្របសម្រួលពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com