ជាតិ
លោកតា ហ្វុយស្សូ គ្រូ​សិល្បៈ​បុរាណ​ ​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​
10, Oct 2021 , 2:31 pm        
រូបភាព
ភ្នំពេញ៖ លោក ស៊ូ សាវ៉ាង នាយក​ប្រតិបត្តិសមាគម​ចលនាវប្បធម៌​ជាតិ​ ត្រូវ​បាន​បញ្ជូន​ទៅ​​បន្ទប់​សង្គ្រោះ​បន្ទាន់ ​កាល​ពី​យប់​ថ្ងៃ​ទី​៩​ ខែ​តុលា ម្សិល​មិញ​​ បន្ទាប់​ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ក្នុង​អំឡុង​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​។

 

លោក ស៊ូ វណ្ណៈ ត្រូវ​ជា​កូនប្រុស​​ពៅ​របស់​លោក ស៊ូ សាវ៉ាង ហៅ​ហ្វុយ​ស្សូ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ តាម​ទូរសព្ទ​ថា ពេល​នេះ​អាការ​ជំងឺ​របស់​ឪពុក​របស់​លោក​ កំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​​។ លោក​បន្ថែម​ថា ឪពុក​របស់​លោក មាន​អាការ​ម្ដង​ក្ដៅ​ម្ដង​ត្រជាក់​ ប្រែ​ប្រួល​ភ្លាម​ៗ​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​នោះ គឺ​នៅ​ពេលដែលខ្លួន​របស់​​​លោក សាវ៉ាង ចាប់​ផ្ដើម​ឡើង​កម្តៅ​ ​លោក​ក៏​​ចាប់​ផ្ដើម​ហត់ដែរ​។ ហើយ​ពេល​ដែល​ ខ្លួន​របស់​លោក​​​ចុះ​ត្រជាក់​វិញ លោក​ក៏​​មិន​ហត់​ដែរ។
 
«​ទើប​តែ​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ ​គាត់​ធ្វើ​ទុក្ខ​ គាត់​ឧស្សាហ៍​ក្អក។ យើង​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ ព្រោះ​ជា​ប្រចាំថ្ងៃ​ធម្មតា យូរ​ៗ​គាត់​ក្អក​ម្ដង ហើយ​គាត់​ក៏​ពិសាថ្នាំ​បញ្ចុះ​កម្ដៅដែរ​​​ ក៏​បាត់​ទៅ​វិញ​។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​មួយ​​អាទិត្យ​ចុង​ក្រោយ​នេះ គាត់​​ធ្វើ​ទុក្ខ​ខ្លាំង​»។ នេះ​ជា​ការ​ពន្យល់​របស់​លោក វណ្ណៈ​។
 
លោក ស៊ូ វណ្ណៈ បន្ថែម​ទៀត​ថា តាម​ការ​តាម​ដាន​រោគ​សញ្ញា គ្រូ​ពេទ្យ​សង្ស័យ​ថាលោក ស៊ូ សាវ៉ាង ​មាន​មេរោគ​ក្នុង​ឈាម​ ​និងមាន​​មេរោគ​ក្នុង​សួត​។ យ៉ាង​ណា​ ​មេរោគ​ក្នុង​សួត​ ពេទ្យ​​ប៉ាន់​ស្មាន​ថា​ជា​ជំងឺ​របេង​ចាស់​ដែលធ្លាប់​បាន​​ព្យាបាល​ជា​ហើយ ប៉ុន្តែ​​​​រើ​ឡើង​វិញ​។ យ៉ាង​ណា​ក៏​ដោយ​ នៅ​រៀង​រាល់​ពេល​ដែល​លោក ស៊ូ សាវ៉ាង​ ចូល​មន្ទីរ​ពេទ្យ​ មាន​ការ​តម្រូវ​​​ឱ្យ​លោក ធ្វើ​​តេស​​រង​ជំងឺ​កូវីដ​-១៩ ប៉ុន្តែ​រាល់​ដង​ គឺ​សុទ្ធ​តែ​អវិជ្ជមាន​។
 
លោក ស៊ូ វណ្ណៈ បញ្ជាក់​៖«ធ្វើ​តេស​រក​កូវីដ រយៈ​ពេល​៥​ថ្ងៃ​ហើយ​ តែ​ក្រសួង​មិន​ផ្ដល់​ដំណឹង​មក​ យើង​ក៏​យក​គាត់​ទៅ​ពេទ្យ ​ព្រោះ​គាត់​ហត់​ខ្លាំង។ ជា​ទូទៅ​តេសម៉ាស៊ីន​ធំ​រយៈ​ពេល​៣​ថ្ងៃ​​ លុះ​ត្រាណា​តែ​វិជ្ជមាន​កូវីដ ទើប​គេ​ហៅ​ទូរសព្ទ​មក​ប្រាប់​យើង ប្រសិន​បើ​អវិជ្ជមាន​ គេ​មិន​ហៅ​មក​ទេ​។ គ្រប់​ពេល​ដែល​​គាត់​ទៅ​ពេទ្យ​ដាក់​ស៊ឺរ៉ូម ​ពេទ្យ​​ធ្វើ​តេស​ទាំង​រហ័ស​និង​ម៉ាស៊ីន​ធំ​។ រយៈ​ពេល​៦​ថ្ងៃ​ ដែល​គាត់​ទៅ​ពេទ្យ​ គេ​​ធ្វើ​តេស​៥​ដង​ហើយ​​»។
 
កូន​ប្រុស​​ពៅ​របស់​លោក ស៊ូ សាវ៉ាង គឺ​លោក ស៊ូ វណ្ណៈ​ បាន​សង្កត់​ធ្ងន់​ថា ការ​ប្រាប់​ដំណឹង​ពី​ជំងឺ​របស់​ឪពុក​របស់​លោកនេះ លោក​ពុំ​មាន​ចេតនា​ ដើម្បី​សុំ​ជំនួយ​​ពី​ភាគី​ណា​ឡើយ​ គឺ​គ្រាន់​តែ​ចង់​ឱ្យ​សាធារណជន​ បាន​ដឹងពី​ស្ថាន​ភាព​ជំងឺ​ឪពុក​របស់ខ្លួន​​ប៉ុណ្ណោះ​។
 
«​តាម​ពិត​ទៅ​ខ្ញុំ​មិន​ចង់​ឱ្យ​ផ្សាយ​ទេ​ ព្រោះ​ខ្លាច​គេ​រិះ​គន់​ថា ​ខ្ញុំ​ផ្សាយ​ដើម្បី​សុំ​ជំនួយ​។ ធាតុ​ពិត​ខ្ញុំ​ក៏​ខ្វះ​ខាត​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​បាន​ជំនួយ​ ដែល​មិន​មែន​ចេញ​ពី​ចិត្ត​របស់​គេ​ទេ​។ យើង​កំពុង​តែ​មាន​ទុក្ខ​ទៅ​ហើយ​ ហើយ​​បើ​គេ​និយាយ​រិះ​គន់​ទៀត​ អារម្មណ៍​យើង​កាន់​តែ​ពិបាកមួយ​កម្រិត​​ទៀត​»។ នេះ​ជា​ការ​តាំង​ចិត្ត​របស់​លោក​ ស៊ូ វណ្ណៈ​​។
 
សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​លោក ស៊ូ សាវ៉ាង​ មាន​ជន្មាយុ​៧៨​ឆ្នាំ។ លោក​មាន​កូន​ប្រុស​ចំនួន​៤​នាក់​។ ​បច្ចុប្បន្ន​លោក​​មាន​ជំងឺ​​​ទឹក​នោម​ផ្អែម និង​លើស​ឈាម​។ លោក សាវ៉ាង​ ធ្លាប់​មាន​ជំងឺ​របេង​សួត​ កាល​ពី​ប្រមាណ​ជិត​២០​មុន​ ប៉ុន្តែ​លោក​បាន​ព្យាបាល​ជាសះ​ស្បើយ​​តាំង​ពី​កាល​នោះ​ដែរ​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ លោក សាវ៉ាង​ ធ្លាប់​បាន​វះ​កាត់​​ថ្លើម​ ហើយ​តាំង​ពី​វះ​កាត់​មក​ លោករស់​ដោយ​​មាន​ថ្លើម​តែ​មួយ​ចំហៀង​ប៉ុណ្ណោះ​។ ដោយ​សារ​មាន​ជំងឺ​បែប​នេះ ធ្វើ​ឱ្យ​សុខភាព​របស់​លោក ស៊ូ សាវ៉ាង​ ខ្សោយ​ជាង​មនុស្ស​ធម្មតា​៕

Tag:
 សិល្បៈ​
  ល្ខោន​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com