ជាតិ
គ្រឹះស្ថានអប់រំ​ឯកជន ព្រួយបារម្ភពី​សុវត្ថិភាព​គ្រូ និង​សិស្ស ​​ក្រោយសម្រាក​​ភ្ជុំបិណ្ឌ
10, Oct 2021 , 6:59 pm        
រូបភាព
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ បាន​បញ្ចប់ គ្រឹះ​ស្ថាន​អប់រំ​រដ្ឋ និង​ឯកជនមួយចំនួន បាន​ពង្រឹង​វិធានការ​ ដោយ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ លើ​គ្រូ​បង្រៀន ដើម្បី​ធានា​សុវត្ថិភាពក្នុង​ការ​បង្រៀន​។ លោក គង់ សំនៀង អគ្គនាយករងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាម​ទូរសព្ទថា៖ «សាលារៀន​វេសឡាញ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដោយមានការចូលរួមធ្វើតេស្តរកមើលមេរោគកូវីដ-១៩ ជាចាំបាច់ចំពោះគ្រូ​បង្រៀន​ និងស្នើឱ្យសិស្សានុសិស្សទាំងអស់ សហការជាមួយខាងសាលា ក្នុងការតេស្តនៅផ្ទះ»។



ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនា​ពេល​កន្លងទៅ ​នៅ​តាម​ទី​រមណីយដ្ឋាន​ និង​តំបន់​ទេសចរណ៍ផ្សេងៗ មាន​ការ​ជួបជុំច្រើន​កុះករ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភពី​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ ពីគ្រប់ភាគីពាក់ព័ន្ធ។ សម្រាប់​វិស័យ​ឯកជន​វិញ ក៏​មាន​ការ​ព្រួយ​បារម្ភ ដែល​ការ​ជួប​ជុំនេះ អាច​ក្លាយជាហានិភ័យក្នុងថ្ងៃចូលរៀនវិញ។
 
សូម​អានកិច្ចសម្ភាសន៍រវាង​កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ និងលោក គង់ សំនៀង អគ្គនាយករង ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី ដែលមានបទពិសោធន៍ជិត២០ឆ្នាំក្នុងវិស័យអប់រំឯកជន ជុំវិញការត្រៀមខ្លួនការពារសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ ក្នុងការត្រឡប់មកចូលរៀនវិញ នៅដើមសប្តាហ៍ក្រោយដូចតទៅ៖
 
កញ្ញា សុង សុធាវី៖ ក្រោយពីមានការសប្បាយជួបជុំ កកកុញ នៅតាមបណ្តាទីកម្សាន្តផ្សេងៗ នាថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ដែលជាការបារម្ភខ្លាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តើខាងផ្នែកអប់រំ​ឯកជន នឹងត្រៀមខ្លួនការពារបែបណាខ្លះ ខណៈការចូលរៀនវិញ នឹងចូលមកដល់នៅដើមសប្តាហ៍ក្រោយ?


លោក គង់ សំនៀង ជាមួយថ្នាកដឹកនាំ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី.
 
លោក គង់ សំនៀង៖ ចំពោះរឿងនេះ គឺជាការព្រួយបារម្ភសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាតែ អាណាព្យាបាល ឬខាងសាលាផ្ទាល់នោះទេ អ្វីដែលយើងរំពឹងដំបូងគឺ សិស្សានុសិស្សយើងបានចូលរួមគោរពតាមវិធានការការពារនូវសុវត្ថិភាពផ្ទាល់ខ្លួន គឺ បីកុំ និង បីការពារ មិនថាពួកគាត់ទៅដល់ណានោះឡើយ។ ហើយប៉ុន្មានថ្ងៃនេះ ខាងសាលាបានប្រជុំថ្នាក់ដឹកនាំ ដើម្បីត្រៀមការពារនូវហានិភ័យដែលអាចនឹងកើតឡើងនេះ រួមមាន ការចូលរួមសហការជាចាំបាច់ពីលោកគ្រូអ្នកគ្រូ​ ក្នុងការតេស្តរកមើលមេរោគនេះ និងតាមដានសុខភាពពួកគាត់គ្រប់ពេលវេលា។ ចំណែកឯ សិស្សានុសិស្ស គឺខាងសាលាបានស្នើឱ្យតេស្តនៅឯផ្ទះរបស់ពួកគេរៀងៗខ្លួន។ បន្ថែមពីលើនេះ អាណាព្យាបាលរបស់ពួកគាត់ក៏ស្ម័គ្រចិត្តចូលរួមសហការផងដែរ។ ចំណែកឯជំហានបន្ទាប់ គឺការពិនិត្យមើលជាក់ស្តែងនៅថ្ងៃចូលរៀនតែម្តង តាមរយៈការវាស់កម្ដៅ និង​តាមដានសុខភាពប្រចាំថ្ងៃរបស់ពួកគាត់។
 
កញ្ញា សុង សុធាវី៖ បើសិនជាគ្មានករណីឆ្លងវាជាសញ្ញាប្រសើរ តែបើសិនជាមានវិញ តើសាលាមានការត្រៀមខ្លួនយ៉ាងណាទៀត?
លោក គង់ សំនៀង៖ បើមានមែន ខាងសាលាបានរៀបចំបន្ទប់ពិ​សេសមួយសម្រាប់ទុកទទួលសិស្សដាក់ដាច់ដោយឡែកពីគេ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាល។ បន្តមក​ទៀត នឹងមានការពិភាក្សាជាមួយថ្នាក់ដឹកនាំ ពិសេសវិធានការដែលចេញដោយក្រសួង​អប់រំ។


លោក គង់ សំនៀង អគ្គនាយករង ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី
 
កញ្ញា សុង សុធាវី៖ ក្នុង​អំឡុងពេល​បើក​ឱ្យចូលរៀនឡើងវិញ តើមានសិស្សប៉ុន្មានភាគរយ ដែលមកសាលា បើធៀបនឹងការ​រៀនតាមអនឡាញទាំងស្រុង?
លោក គង់ សំនៀង៖ ក្នុងស្ថានភាពនេះ អាចនិយាយបានថា ផ្នែកអប់រំឯកជន ត្រូវសាកល្បងរៀនរស់ក្នុងស្ថានភាពប្រសើរជាមុនបន្តិច ពោលគឺ ងងឹតខ្លះ ភ្លឺខ្លះ ព្រោះមានមាតាបិតាសិស្សអនុញ្ញាតឱ្យបុត្រធីតាមកសិក្សាផ្ទាល់ តែក៏មានមាតាបិតាសិស្សមួយចំនួនសុំឱ្យកូនរៀនតាមអនឡាញវិញតាមធម្មតា។ ឯ ចំនួនសិស្ស ចន្លោះពី ៣០% ទៅ ៥០% តាមថ្នាក់នីមួយៗ។
កញ្ញា៖ សុង សុធាវី៖ តាមប្រសាសន៍របស់លោកឃើញថា ស្ថានភាពហាក់ប្រសើរជាងមុន តែចំណូលដូចជាមិនទាន់មានភាពល្អទេ ចុះការចំណាយរបស់ក្រុមហ៊ុនវិញខុសគ្នាពីពេលមុនបែបណាដែរ?


លោក គង់ សំនៀង អគ្គនាយករង ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី
 
លោក គង់ សំនៀង៖ ត្រង់ចំនុចនេះ គឺក្រុមហ៊ុនមានការចំណាយទៅលើប្រតិបត្តិការទាំងស្រុង រួមមាន ប្រាក់ខែជូនបុគ្គលិកពេញលេញ ដែលមានបុគ្គលិកសរុបទាំងអស់ជិត១០០០នាក់ ថ្លៃភ្លើង ម៉ាស៊ីនត្រជាក់​ និងថ្លៃជួលអាគារសិក្សាផងដែរ។ ប៉ុន្តែដើម្បីធានានូវគុណភាពសិក្សារបស់សិស្សានុសិស្សខាងសាលាពេញចិត្តនឹងចំណាយ៕

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com