ជាតិ
កញ្ញា ម៉េង សុចិត្ថា សរសេរសៀវភៅបង្ហាញជីវិតជនចំណាកស្រុក នៅនូវែលសេឡង់
11, Oct 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ «ពីខ្ញុំទៅអ្នក» ជាគម្រោងមួយ របស់យុវតីខ្មែរ ម៉េង សុចិត្ថា ដែលបានកើត និងរស់នៅប្រទេសនូវែលសេឡង់។ ម៉េង សុចិត្ថា បានសរសេរសៀវភៅចំនួន ៣ ចំណងជើង មាន«អតីត, បច្ចុប្បន្ន និងអនាគត» សម្រាប់គម្រោងនេះ ដែលរៀបរាប់ពីជីវិតគ្រួសារខ្លួន ក្នុងនាមជាជនភៀសខ្លួន នៅប្រទេសនូវែលសេឡង់។ បើតាមយុវតីវ័យ២១ឆ្នាំរូបនេះ  គម្រោងនេះ នឹងបង្ហាញពីបទពិសោធជីវិត និងបញ្ហារស់នៅប្រទេសនូវែលសេឡង់ ដែលធ្វើឱ្យគ្រប់គ្នាកាន់តែយល់ពីជីវិតនៃជនភៀសខ្លួន។


 
គម្រោង «ពីខ្ញុំទៅអ្នក»  មានសៀវភៅចំនួន ៣ចំណងជើង ដែលរៀបរាប់ពីរឿងរ៉ាវ អតីតកាល បច្ចុប្បន្ន និងអនាគត នៃរស់នៅរបស់គ្រួសារសុចិត្ថា នៅប្រទេសនូវែលសេឡង់។ សៀវភៅនីមួយៗ មានកម្រាសក្រោម១០ទំព័រ ដោយត្រូវបានរចនាឡើងអមជាមួយផ្ទាំងរូបភាពរំលេចពីវប្បធម៌ និងអត្តសញ្ញាណខ្មែរផងដែរ។
  
កញ្ញា ម៉េង សុចិត្ថា បានកើត និងធំធាត់នៅប្រទេសនូវែលសេឡង់  ដែលគ្រួសាររបស់នាង បានធ្វើចំណាកស្រុកទៅនៅប្រទេសនេះ ជាង២០ឆ្នាំមកហើយ ។ បើតាមយុវតីវ័យ២១ឆ្នាំរូបនេះ  ការបង្កើតគម្រោងនេះ គឺក្នុងគោលបំណងបង្ហាញពីបទពិសោធនៃគ្រួសាររបស់នាងដែលបានចំណាកស្រុក ទៅរស់នៅឆ្ងាយពីមាតុភូមិ និងក្ដីនឹករលឹកដល់ស្រុកកំណើត។
  


កញ្ញា សុចិត្ថា បានរៀបរាប់ដូច្នេះ៖ «សៀវភៅ «អតីតកាល» ខ្ញុំបានរៀបរាប់ពីពេលវេលាដ៏ខ្មៅបំផុតរបស់កម្ពុជា ក្នុងសម័យខ្មែរក្រហម និងការចំណាកស្រុកពីកម្ពុជា ទៅនូវែលសេឡង់ របស់គ្រួសារខ្ញុំ។  សៀវភៅ «បច្ចុប្បន្ន» រៀបរាប់ពីបទពិសោធរបស់ខ្ញុំ ក្នុងនាមជាជំនាន់ទី២ ក្នុងគ្រួសារដែលបានចំណាកស្រុក និងស្វែងយល់ពីអត្តសញ្ញាណវប្បធម៌របស់ខ្ញុំ និង សៀវភៅ «អនាគត» គឺខ្ញុំរៀបរាប់ពីការស្រមៃសម្រាប់ជនជាតិអាស៊ី ដែលរស់នៅនូវែលសេឡង់»។
 
កញ្ញា សុចិត្ថា បានប្រើរយៈពេលជាង៤ខែ ក្នុងការបង្កើតគម្រោងនេះឡើងដោយខ្លួនឯង។ បើតាមកញ្ញា សុចិត្ថា ការបង្កើតគម្រោងនេះ មានផលលំបាកសម្រាប់នាងក្នុងការរៀបរាប់ពីជីវិត និងបទពិសោធផ្ទាល់ខ្លួន។ «ខ្ញុំត្រូវសម្រេចចិត្ត ថាតើរឿងរ៉ាវដែលខ្ញុំចង់ចែករំលែក គ្រប់គ្នានឹងយល់ឬទេ? ព្រោះរឿងខ្លះ វាជារឿងដែលពិបាក។ ខ្ញុំត្រូវប្រាកដថា រឿងនេះ នឹងមិនពិបាកយល់ពេកទេ ហើយខ្ញុំមានអារម្មណ៍ថាមិនអីទេ ទើបអាចសរសេរវាបាន»។  នេះជាការបញ្ជាក់របស់កញ្ញា សុចិត្ថា។ 


                  កញ្ញា ម៉េង សុចិត្ថា ម្ចាស់គម្រោង «ពីខ្ញុំទៅអ្នក»
 
បើតាមកញ្ញា សុចិត្ថា សៀវភៅទាំង៣ចំណងជើងនេះ ត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ហើយនាងនឹងត្រៀមបោះពុម្ពសម្រាប់លក់នៅនូវែលសេឡង់ និងនៅកម្ពុជាផងដែរ។ កញ្ញា សុចិត្ថា សង្ឃឹមថា គម្រោងនេះ នឹងទទួលបានការគាំទ្រច្រើនពីពលរដ្ឋ ដែលរស់នៅនូវែលសេឡង់ និងកម្ពុជា៕

Tag:
 ម៉េង សុចិត្ថា
  គម្រោង ពីខ្ញុំទៅអ្នក
© រក្សាសិទ្ធិដោយ thmeythmey.com