ជាតិ
លោក សា ឌីណា៖ ទេសចរជាតិ ជាចលករដ៏សំខាន់ក្នុងការស្រោចស្រង់វិស័យទេសចរណ៍
11, Oct 2021 , 8:59 am        
រូបភាព
លោក សា ឌីណា ស្ថាបនិក Cambodia Amazing Trips Planner
លោក សា ឌីណា ស្ថាបនិក Cambodia Amazing Trips Planner
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ វិស័យទេសចរណ៍បានរងគ្រោះខ្លាំងជាងគេ ក្នុងចំណោមវិស័យផ្សេងទៀត ក្នុងវិបត្តិកូវីដ-១៩ ជិត២ឆ្នាំមកនេះ។ ទេសចរណ៍ជាប់គាំង បានធ្វើម្ចាស់អាជីវកម្មមួយចំនួន បោះបង់អាជីវកម្ម ខណៈមួយចំនួនទៀត នៅបន្តក្រាញននៀលក្នុងអាជីវកម្មនេះ។ លោក សា ឌីណា ស្ថាបនិកCambodia Amazing Trips Planner រំពឹងថា នៅពេលពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការគ្រប់គ្នាហើយ វិស័យនេះ នឹងបានប្រសើរឡើងវិញ។ សម្រាប់លោក សា ឌីណា ទេសចរជាតិ នៅតែជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្តារវិស័យនេះឡើងវិញ នៅពេលដែលស្ថានភាពកូវីដ-១៩ឡើង។ ទន្ទឹមនឹងនេះ លោក ឌីណា លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ ព្យាយាមស្វែងរកតំបន់ទេសចរណ៍ដែលមានសក្តានុពល និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ត្រូវបន្តផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកផ្តល់សេវាកម្មទេសចរណ៍ និងសហគមន៍នៅក្នុងប្រទេស។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក សា ឌីណា ដូចតទៅ៖


 
លោក សា ឌីណា ជាម្ចាស់ក្លិបកីឡាបាញ់ធ្នូ «បន្ទាយជ័យ ៨០២» ក្នុងខេត្តសៀមរាប និងជាស្ថាបនិក Cambodia Amazing Trips Planner។ ក្នុងរយៈពេល៦ឆ្នាំមកនេះ លោក សា ឌីណា បានបង្កើតសេវាទេសចរណ៍ជាច្រើន ដោយមានអ្នកចូលរួមប្រមាណ១ ៥០០នាក់។ បើតាមស្ថាបនិក Cambodia Amazing Trips Planner កញ្ចប់ទេសចរណ៍ក្នុងស្រុករបស់លោក ក៏បានជាប់គាំងដែរ ក្នុងវិបត្តិកូវីដ-១៩នេះ ជាពិសេសអាជីវកម្មទេសចរណ៍ខ្លួន នៅខេត្តសៀមរាបក៏ជួបបញ្ហា។ តាមរយៈកម្មវិធី«គំនិតថ្មីនៃសាព័ត៌មានថ្មីៗ លោក សា ឌីណា ថ្លែងដូច្នេះ៖«ថ្វីដ្បិតតែខេត្តសៀមរាប ជួបនូវវិបត្តិទេសចរណ៍ខ្លាំង ហើយចំណូលទាំងស្រុងត្រូវបានបាត់បង់ក៏ដោយ តែវាជាឱកាសថ្មីសម្រាប់ម្ចាស់អាជីវកម្មមួយចំនួន ដែលនៅតែស្រឡាញ់ មិនបោះបង់ ឱ្យត្រៀមខ្លួនឡើងវិញក្នុងបិរបទថ្មី ដើម្បីជំរុញនូវវិស័យទេសចរណ៍ដ៏សម្បូរបែបនៅក្នុងប្រទេស ឱ្យមានសកម្មភាពឡើងវិញ។ កាលណាឱកាសសមស្របមកដល់ ទេសចរណ៍ ក្នុងស្រុកនឹងដំណើការទៅមុខ»។
  


បើតាមលោក សា ឌីណា អ្វីដែលជាសញ្ញាល្អសម្រាប់ការជំរុញទេសចរណ៍ក្នុងស្រុក ឱ្យមានដំណើរការនោះ គឺចូលរួមផ្សព្វផ្សាយឱ្យទំលំទូលាយទៅកាន់មហាជន អំពីសក្តានុពលដ៏សម្បូរបែប ទាំងសម្បត្តិវប្បធម៌ និងធម្មជាតិ។ នាពេលកន្លងទៅ ទេសចរក្នុងស្រុកតែងតែរីករាយ ជាមួយនឹងដំណើរកម្សាន្តខាងក្រៅប្រទេស ដែលទាំងនេះជាការមើលរំលង និងនាំលុយចេញទៅខាងក្រៅវិញ។ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ភ្ញៀវទេសចរក្នុងស្រុកបានចាប់អារម្មណ៍ និងចំណាយពេលវេលាកម្សាន្ត ជាមួយតំបន់ទេសចរណ៍ដ៏ច្រើនសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ លោក ឌីណា បញ្ជាក់ថា៖«កាលពីមុនអាចថា កម្ពុជាខ្វះមធ្យោបាយក្នុងការផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ក្នុងស្រុក ទើបមហាជនលោកមិនសូវបានស្គាល់។ តែបច្ចុប្បន្ននេះ ពួកគាត់គាំទ្រណាស់ នូវសេវាកម្មទេសចរណ៍ក្នុងស្រុក ព្រោះមានតម្លៃធូរថ្លៃ និងបានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ»។
  


ដើម្បីចូលរួមជំរុញលើកកម្ពស់ទេសចរណ៍ក្នុងស្រុកឱ្យមានដំណើរការ លោក សា ឌីណា លើកឡើងថា ម្ចាស់អាជីវកម្ម ត្រូវស្វែងរកតំបន់ទេសចរណ៍ថ្មីៗ ជាពិសេសតំបន់អេកូទេសចរណ៍ ហើយផ្សព្វផ្សាយតំបន់ទាំងនោះឱ្យទូលំទូលាយ។ លោក សា ឌីណា បន្តថា ប្រតិបត្តិករទេសចរណ៍ គួរសហការគ្នារវាងបណ្តាក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ ជាមួយសហគមន៍មូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងស្របតាមវិធានការអនាម័យផងដែរ៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com