ជាតិ
អាជ្ញាធរ ពន្លឿនការស្ដារប្រឡាយ៩៦ ដើម្បីបង្ហូរទឹកចេញពីតំបន់ទំនាបនៃប្រឡាយព្រែកកំ ពឹស
10, Oct 2021 , 5:34 pm        
រូបភាព
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បញ្ជាឱ្យមន្រ្តីបច្ចេកទេសខ្លួន ពន្លឿនការស្ដារប្រឡាយ៩៦ និង៩៤ ដើម្បីរំដោះទឹកចេញពីតំបន់ទំនាបនៃប្រឡាយព្រែកកំពឹស ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា កន្លងមកជំនន់ទឹកភ្លៀង បានប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួនក្នុងតំបន់នោះ ហើយអាជ្ញាធរ នឹងបញ្ចប់ការស្ដារនៅល្ងាចថ្ងៃទី១០ តុលានេះ។



មន្រ្តីបច្ចេកទេស នៃក្រសួងធនធានទឹក កំពុងពន្លឿនការស្ដារប្រឡាយទឹក៩៦ និង៩៤ លើផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងតំបន់ទំនប់ចាបយំ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីបង្ហូរទឹកចេញតំបន់ទំនាបនៃប្រឡាយព្រែកកំពឹស ដែលជាចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ 


                         រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា ទឹកដែលជន់លិចនៃប្រឡាយព្រែកកំពឹសនោះ គឺបណ្ដាលមកពីជំនន់ទឹកភ្លៀងរដូវវស្សា មិនមែនហូរចេញពីស្ទឹងត្នោតឡើយ។ «យើងប្រញាប់ស្តារប្រឡាយហ្នឹង ដើម្បីបញ្ចេញទឹកទៅបឹង ស្ទឹង ព្រែកនានា ពិសេសទៅទន្លេបាសាក់។ ហើយទឹកស្ដុងក្នុងតំបន់ទំនាបហ្នឹង គឺដោយសារជំនន់ទឹកភ្លៀង អត់ពាក់ព័ន្ធនឹងទឹកស្ទឹងព្រែកត្នោតទេ ទោះឥឡូវហ្នឹងហក់ឡើងខ្ពស់ជាងមុនក៏ដោយ»។ នេះបើតាមការលើកឡើងរបស់លោក ចាន់ យុត្ថា។ 
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា អាជ្ញាធរបានពន្លឿនការស្ដារប្រឡាយព្រែកកំពឹស ឱ្យរួចរាល់នៅថ្ងៃនេះ ហើយក៏បន្តតាមដានរកមើលចំណុចផ្សេងៗទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រោះទឹកជំនន់។ 


                               រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
 
ជាមួយគ្នានេះ លោក ចាន់ យុត្ថា ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពស់ទឹកស្ទឹងព្រែកត្នោតបានកើនឡើងបន្តិច ប៉ុន្តែក៏មិនបង្កឱ្យមានគ្រោះទឹកជំនន់ ដូចឆ្នាំ២០២០ឡើយ។ ហើយអាជ្ញាធរក៏ត្រៀមគ្រឿងចក្រ សម្រាប់ដឹកដីទៅបំពេញបន្ថែម រៀបចំបាវខ្សាច់ទប់រលកទឹក និងត្រៀមអាងស្តុងទឹក ក៏ដូចជាទ្វារបង្ហូរទឹកផងដែរ។ ទាក់ទងនឹងព្យុះទី១៧ ក៏មិនមានឥទ្ធិពលអ្វីមកកម្ពុជាដែរ ព្រោះវានៅប្រទេសវៀតណាមឯណោះ។ ដូច្នេះមិនបង្កហានិភ័យអ្វីឡើយ៕ 


                 រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
 

Tag:
 ទឹកជំនន់
  ប្រឡាយ៩៦
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com