កីឡាជាតិ
ជាតិ
លោក Keisuke Honda៖ គួរតែសប្បាយចិត្តព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ
10, Oct 2021 , 7:39 pm        
រូបភាព
ដោយ: រួបរួម
បើគិតចាប់តាំងពីឈ្នះប៉ាគីស្ថាន ២-១ នៅក្រុងដូហា នាវគ្គជម្រុះបឋម World Cup កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្ពុជាមិនស្គាល់ជ័យជម្នះ៩ប្រកួតជាប់គ្នា ក្នុងនោះចាញ់៧ប្រកួត និងស្មើ២ប្រកួត។ ជ័យជម្នះជើងទីមួយ ១-០ លើកោះហ្គាំ នាវគ្គ Play-Off ពានរង្វាន់ AFC Asian Cup 2023 នៅប្រទេសបារ៉ែន កាលពីយប់ថ្ងៃទី៩ ខែតុលា មិនបានធ្វើឲ្យអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជាសប្បាយចិត្តនោះឡើយ។

 
ចាន់ វឌ្ឍនាកា បានទាត់បញ្ចូលទីនៅនាទី២៦ នាកីឡដ្ឋាន Khalifa ដែលនាំឲ្យកម្ពុជាមានប្រៀបក្នុងលទ្ធផល ១-០ លើកោះហ្គាំ នាវគ្គ Play-Off ពានរង្វាន់ AFC Asian Cup 2023 ខណៈពួកគេត្រូវជួបគ្នានៅជើងទីពីរ នាថ្ងៃទី១២ ខែតុលា។
 

ការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទាំងពាក់កណ្តាលអាធ្រាត្រ ទាក់ទាញការចូលទស្សនារាប់ម៉ឺន (ជាង 100K) ដោយកម្ពុជាវាយសម្រុកយ៉ាងខ្លាំងលើកោះហ្គាំនៅតង់ទីមួយ ប៉ុន្តែរកបានតែ១គ្រាប់ ខណៈតង់ទីពីរទម្រង់លេងកាន់តែធ្លាក់ចុះ ដោយកាមេរ៉ា ក៏ចាប់បានរូបភាពអ្នកចាត់ការទូទៅ Keisuke Honda បង្ហាញនូវកាយវិការខកចិត្តផងដែរ។
 
«ខ្ញុំគួរតែសប្បាយចិត្តព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើងគឺមិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះយើងចាញ់មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងប្រសើរជាងនេះ»។ នេះជាសំដីរបស់លោក Keisuke Honda ដែលត្រូវបានដកស្រង់ដោយទំព័រហ្វេសប៊ុក FFC។
 
អ្នកចាត់ការទូទៅជប៉ុនរូបនេះ បានចោទជាសំណួរថា៖ «បើយើងរីករាយជាមួយលទ្ធផលនេះ ជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗ ក្នុងតំបន់ដូចជាវៀតណាម ឬថៃបាននោះ?»។
 
លោកបានបន្ថែមថា ការអភិវឌ្ឍន៍កាយសម្បទា និងបច្ចេកទេសពិតជាចំណុចដែលត្រូវផ្តោត ប៉ុន្តែអ្វីដែលពិសេស ជាងនេះ គឺការយល់ដឹងពីការប្រើប្រាក់តាកទិច ដែលជាកត្តាធ្វើឲ្យក្រុមអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗបាន។
 
ជម្រើសកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ឆេង ម៉េង (សឿត បារាំង ៦០), កែន ច័ន្ទសុភ័ក្ត្រ, ទេស សម្បត្តិ, សឿយ វិសាល (ប្រធានក្រុម), អ៊ន ចាន់ប៉ូលីន, គួច សុកុម្ភៈ (ច្រឹង ពលរដ្ឋ ៦៩), សុះ ស៊ូហាណា (មិន រតនៈ ៨៣), លឹម ពិសុទ្ធ (កែវ សុខផេង ៦៩), សៀង ចន្ធា (សេត រ៉ស៊ីប ៤៦), ចាន់ វឌ្ឍនាកា៕
 

Tag:
 Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com