អន្តរជាតិ
បោះឆ្នោតសភាហុងកុង៖ អ្នកទៅបោះឆ្នោតមានតិច ក្រោយការកែទម្រង់របស់ប៉េកាំង
20, Dec 2021 , 10:08 am        
រូបភាព
មន្រ្តីហុងកុង រាប់សន្លឹកឆ្នោតនៅថ្ងៃទី១៩ ខែធ្នូ។ រូបភាព៖ Xinhua
មន្រ្តីហុងកុង រាប់សន្លឹកឆ្នោតនៅថ្ងៃទី១៩ ខែធ្នូ។ រូបភាព៖ Xinhua
ការបោះឆ្នោតរើសសមាជិកសភាហុងកុង បានបញ្ចប់ហើយនៅថ្ងៃទី១៩ ខែធ្នូ ហើយលទ្ធផលក៏បានចេញមកដែរ។ ក្នុងការបោះឆ្នោតសភានេះ ប្រជាជនហុងកុង ចេញមកបោះឆ្នោតក្នុងអត្រាទាបបំផុតនៃប្រវត្តិសាស្រ្តហុងកុង បន្ទាប់ពីចិនអនុម័តច្បាប់សន្តិសុខជាតិ និងកែប្រែប្រព័ន្ធបោះឆ្នោត ដែលអនុញ្ញាតឱ្យអ្នកស្នេហាជាតិប៉ុណ្ណោះ អាចគ្រប់គ្រងតំបន់ស្វយ័តមួយនេះបាន។

 
ហុងកុង នៅថ្ងៃទី១៩ ខែធ្នូ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភា បន្ទាប់ពីត្រូវបានពន្យារចាប់តាំងពីឆ្នាំ២០១៩ មក ដោយសារតែបញ្ហាកូវីដ-១៩។ បន្ទាប់ពីរៀបចំរយៈពេលពេញមួយថ្ងៃ លទ្ធផលនៃការបោះឆ្នោតបានចេញហើយ ប៉ុន្តែអត្រាប្រជាជនចេញទៅបោះឆ្នោត មានចំនួនទាប បើធៀបនឹងអាណត្តិមុនៗ។ 
 
បន្ទាប់ពីបិទមណ្ឌលបោះឆ្នោតជាង ៦០០ អត្រាប្រជាជនហុងកុង ចេញមកបោះឆ្នោត មានត្រឹមតែ ៣០,២ភាគរយប៉ុណ្ណោះ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៤,៥លាននាក់ នៅក្នុងអាណត្តិទី៧។ នេះជាតួលេខដ៏ទាបបំផុត បើធៀបនឹងការបោះឆ្នោតមុនៗ។ 
 
នៅក្នុងឆ្នាំ២០០០ បន្ទាប់ពីអង់គ្លេសប្រគល់ហុងកុងមកចិន អត្រាអ្នកបោះឆ្នោតមានចំនួន ៤៣,៦ភាគរយ ខណៈការបោះឆ្នោតសភានៅអាណត្តិទី៦ មានអត្រា ៥៨ភាគរយ។ ការធ្លាក់ចុះនេះ អាចបណ្តាលមកពីការអនុម័តច្បាប់សន្តិសុខជាតិរបស់ចិន និងការកែប្រែប្រព័ន្ធបោះឆ្នោតនៅក្នុងទីក្រុងហិរញ្ញវត្ថុមួយនេះ ដែលតម្រូវឱ្យបុគ្គលស្នេហាជាតិប៉ុណ្ណោះទើបឈរឈ្មោះបាន។ បេក្ខជន ដែលចូលរួមក្នុងការបោះឆ្នោតសភាលើកនេះ ក៏ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយគណៈកម្មាធិការសន្តិសុខជាតិផងដែរ។ 
 
បេក្ខជន ឈរឈ្មោះក្នុងការបោះឆ្នោតសភានៅអាណត្តិទី៧ មានចំនួន ១៥៣រូប ខណៈពេលអាសនៈនៅក្នុងសភាត្រូវបានបង្កើនពី ៧០អាសនៈ មក ៩០អាសនៈ។ ប្រជាជនហុងកុង អាចបោះឆ្នោតរើសសមាជិកសភាដោយផ្ទាល់តែ ២០រូបប៉ុណ្ណោះ, ដោយ ៤០រូបផ្សេង ត្រូវជ្រើសដោយគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិដែលសម្បូរដោយអ្នកស្មោះត្រង់នឹងប៉េកាំង និង៣០រូបទៀត ជ្រើសដោយក្រុមអ្នកជំនួញ និងពាណិជ្ជកម្មនៅក្នុងទីក្រុងដែលជិតសិទ្ធប៉េកាំងដូចគ្នា។ ពេលនេះ សមាជិកសភាចំនួន ៩០រូប ត្រូវបានជ្រើសរើសរួចហើយ។ ចំណែកអាណត្តិទី៧ នៃសភាហុងកុង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ 
 
ក្នុងការបោះឆ្នោតនេះ រដ្ឋាភិបាលហុងកុង រួមទាំងលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុង បានអំពាវនាវឱ្យប្រជាជនចេញមកបោះឆ្នោត ដើម្បីជ្រើសរើសអ្នកតំណាងខ្លួន ប៉ុន្តែក្រុមប្រឆាំង បានជំរុញឱ្យប្រជាជននៅឱ្យឆ្ងាយពីការបោះឆ្នោត៕

Tag:
 ហុងកុង
  ចិន
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com