អន្តរជាតិ
WHO៖ អូមីក្រុង អាចចម្លងអ្នកចាក់វ៉ាក់សាំងរួច ឯអ្នកធ្លាប់ឆ្លង ធ្លាក់ខ្លួនឈឺជាថ្មី
21, Dec 2021 , 3:23 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព៖ AP
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព៖ AP
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី២០ ខែធ្នូ ព្រមានថា វីរុសបង្កបំប្លែងខ្លួនអូមីក្រុង ទំនងជាធ្វើឱ្យប្រជាជន ដែលធ្លាប់ទទួលវ៉ាក់សាំងរួចធ្លាក់ខ្លួនឈឺ ហើយអ្នកដែលធ្លាប់ឆ្លង អាចឆ្លងជំងឺកូវីដ-១៩ ជាថ្មី។ មន្រ្តីជំនាញអង្គការ WHO ក៏បានជំរុញឱ្យបណ្តាប្រទេសជាច្រើន ផ្តោតការចាក់វ៉ាក់សាំងដូសជំរុញលើបុគ្គល ដែលមានប្រព័ន្ធការពារខ្សោយផងដែរ។

 
ពេលនេះបណ្តាប្រទេសជាច្រើន រួមទាំងអ្នកវិទ្យាសាស្រ្ត បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើវីរុសបង្កជាជំងឺកូវីដ-១៩ ឈ្មោះអូមីក្រុង ដែលត្រូវបានចាត់ទុកជាវីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែធ្នូ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានអះអាងថា វីរុសបំប្លែងខ្លួនអូមីក្រុង បានរីកសាយយ៉ាងរហ័សជាងវីរុសបំប្លែងខ្លួនដែលតាទៅទៀត។ 
 
«វាមានលទ្ធភាពខ្ពស់ ដែលប្រជាជនធ្លាប់ទទួលវ៉ាក់សាំងរួច ឬជាសះស្បើយពីជំងឺកូវីដ-១៩ អាចធ្លាក់ខ្លួនឈឺ»។ លោក Tedros បានបន្ថែមបែបនេះ។ ស្របគ្នាដែរ ប្រធានអ្នកវិទ្យាសាស្រ្ត WHO អ្នកស្រី Soumya Swaminathan ក៏បានយល់ស្របលើបញ្ហានេះដែរ។ 
 
បើតាមអ្នកស្រី Swaminathan វីរុសអូមីក្រុង អាចគេចពីប្រព័ន្ធការពារមួយចំនួនបានដោយជោគជ័យ។ ក្នុងន័យនេះ មន្រ្តីជំនាញអង្គការ WHO បានជំរុញឱ្យបណ្តាប្រទេសជាច្រើនពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ លើក្រុមមនុស្ស ដែលមានប្រព័ន្ធការពារខ្សោយ។ អ្នកស្រី Swaminathan បន្តថា អ្នកស្រី មិនជឿឡើយថា វ៉ាក់សាំងទាំងអស់ គ្មានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងខ្លួនអូមីក្រុង ហើយអ្នកជំនាញ ក៏មិនគួរសន្មត់លឿនពេកថាវីរុសអូមីក្រុង ខ្សោយជាងវីរុសដែលតា។ 
 
ចំណែកអ្នកជំនាញរបស់អង្គការ WHO លោក Abdi Mahamud វិញ បានពន្យល់ថា បើតាមទិន្នន័យបឋម ទោះមានការថយចុះនៃអង្គបដិប្រាណ ប្រព័ន្ធការពារ T-cell នៅតែបន្តមុខងាររបស់ខ្លួនដដែល ហើយនេះ គឺជាអ្វីដែលអ្នកជំនាញចង់បាន។ 
 
ក្នុងសន្និសីទដដែលនោះ ប្រមុខអង្គកការ WHO បានព្រមានពីការឈប់សម្រាកនៅចុងឆ្នាំ អាចធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើង ស្របពេលវីរុសអូមីក្រុងកំពុងតែផ្ទុះ។ បញ្ហានេះ អាចក្លាយជាបន្ទុកជាថ្មីនៅក្នុងប្រព័ន្ធសុខាភិបាល ឬមានករណីស្លាប់ច្រើនឡើង។ លោក Tedros បានជំរុញឱ្យលុបចោលពិធីមួយចំនួន ក្នុងអំឡុងពេលឈប់សម្រាកចុងឆ្នាំ និងជំរុញឱ្យប្រជាជនពន្យារពេលការជួបជុំគ្នា៕

 
 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com