កីឡាជាតិ
ជាតិ
សាលី អ៊ូមើត គ្រង​ជើងឯក Jet Ski Pro Tour 2021 ខណៈ មីន មូស្តាន បានលេខ៣
21, Dec 2021 , 6:59 pm        
រូបភាព
សាលី អ៊ូមើត, រូបពីCamsoc
សាលី អ៊ូមើត, រូបពីCamsoc
កីឡាករ​ជម្រើសជាតិកម្ពុជា សាលី អ៊ូមើត ក្លាយជាម្ចាស់មេដាយមាស និងជើងឯក Jet Ski Pro Tour 2021 ក្នុងវិញ្ញាសា Pro Am Ski Modified ក្រោយពីការប្រកួតជុំទី៤ នៅប្រទេសថៃ កាលពីថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២១ ខណៈ កីឡាករ ម៉ីន មូស្ដាន ទទួលបានចំណាត់ថ្នាក់លេខ៣ ។


 
កីឡាករម៉ូតូទឹករូបនេះ ទទួលជោគជ័យ ៣ជុំ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក Jet Ski Pro Tour 2021 នៅប្រទេសថៃ លើកលែងតែជុំទី២ ដោយបញ្ហាម៉ូតូ ។ ក្នុងការប្រកួតកន្លងទៅ អ៊ូមើត ធ្វើបានយ៉ាងល្អ បើទោះជាមានបញ្ហាបច្ចេកទេសម៉ូតូក៏ដោយ ។ ជុំទី១ កាលពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២១ ជើងឯកនេះ ទទួលបានលេខ ១, ជុំទី២ នាថ្ងៃទី ២០-២១ ខែវិច្ឆិកា ទទួលបានលេខ៤ និង ជុំទី៣ ទទួលបានលេខ១ នៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១ ។
 
ក្នុងថ្ងៃជាមួយគ្នានេះ កីឡាករ ម៉ីន មូស្ដាន ទទួលបានលេខ៣ ក្នុងវិញ្ញាសានេះ ។ គួរបញ្ជាក់ ក្នុងព្រឹត្តិការណ៍នេះ ក៏មានកីឡាករ៣ផ្សេងទៀត តំណាងឲ្យកម្ពុជា ដែលធ្វើការប្រកួត៣វិញ្ញាសាផ្សេងគ្នា ។ កីឡាករ កៃ វ៉ាន់ស៊ីដែន និង សាលី ហ្វីលីន ប្រកួតលើវិញ្ញាសាស្គីឈរ និងស្គីអង្គុយ ទាំងពីរនាក់ទទួលបានចំណាត់ថ្នាក់លេខ៥ ដូចគ្នា ខណៈ មីន អូស្មាន ទទួលបានចំណាត់ថ្នាក់លេខ៦ ។ 
 
សាលី អ៊ូមើត និងកីឡាករ៥រូបផ្សេងទៀត នឹងត្រៀមធ្វើការប្រកួត Jet Ski World Serie 2021-2022 ជុំទី៣ នៅពាក់កណ្ដាល់ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ ដែលមានប្រទេសប្រមាណ៦០ចូលរួម ។
 
គួរបញ្ជាក់ថា កម្ពុជា នឹងខកខានក្នុងការប្រកួតជុំទី១ និងទី២ នៅប្រទេសប៉ូឡូញ និងអាមេរិក ដោយសារការយឺតយ៉ាវ ក្នុងការស្នើរសុំទិដ្ឋការ ព្រោះបញ្ហាកូវីដ-១៩ ។ កម្ពុជា នៅតែអាចចូលរួមប្រកួត ជុំទី៣ នៃព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដោយសារសមត្ថភាពកីឡាករកម្ពុជា ត្រូវបានគេទទួលស្គាល់ និងជាជើងឯកខាងអាស៊ី ។ តាមរយៈមន្ត្រីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ម៉ម អានី ការប្រកួតជុំទី គឺជម្រាញ់ទៅដោយជើងខ្លាំងលំដាប់ពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ ៕

Tag:
 ម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com