អន្តរជាតិ
អាម៉េរិក ចាត់តាំងអ្នក​សម្រប​សម្រួលបញ្ហាទីបេ តែចិនចាត់ទុកជាការជ្រៀតជ្រែករឿងផ្ទៃក្នុង​
21, Dec 2021 , 7:29 pm        
រូបភាព
លោកស្រី Uzra Zeya អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលបញ្ហាទីបេ។ រូបថត AFP
លោកស្រី Uzra Zeya អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលបញ្ហាទីបេ។ រូបថត AFP
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃទី២០ ខែធ្នូ តែងតាំងអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក​ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស Uzra Zeya ឱ្យកាន់តំណែងជាអ្នក​សម្រប​សម្រួលពិសេសសម្រាប់ បញ្ហាទីបេ។ ចិនបានប្រតិកម្មភ្លាមៗទៅនឹងការតែងតាំងនេះ ហើយ​បាន​ព្រមាន​ឱ្យ​អាម៉េរិ​ក​ដក​ដៃចេញ​ពីរឿងផ្ទៃក្នុងរបស់ខ្លួនមួយនេះ។

 
យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្ល៊ីងខិន បាន​តែងតាំងលោកស្រី Uzra Zeya ឱ្យទទួលបន្ទុកដឹកនាំកិច្ចប្រឹងប្រែងរបស់អាម៉េរិកដើម្បីរក្សាសាសនា វប្បធម៌ និងភាសានៃតំបន់ទីបេ។ ទីក្រុងវ៉ាស៊ីនតោន តែងអះអាងថា ប្រជាជននៅតំបន់នោះ កំពុងតែ​ប្រឈម​មុខ​នឹង​ការរំលោភសិទ្ធិដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
 
បន្ថែមពីនេះលោក ប្ល៊ីងខិន លើកឡើងថាលោកស្រី Zeya នឹងជួយជំរុញឱ្យមានកិច្ចសន្ទនារវាងចិន និងមេដឹកនាំទីបេសម្តេចសង្ឃ ដាឡៃ ឡាម៉ា ដែលកំពុងនិរទេសខ្លួនទៅឥណ្ឌា ឬជាមួយ​មេដឹកនាំ​ទីបេ​ដទៃទៀតដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
 
ជុំវិញការតែងតាំងនេះ យុទ្ធនាការអន្តរជាតិសម្រាប់ទីបេបានស្វាគមន៍តួនាទីថ្មីរបស់លោកស្រី Zeya។ បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែល ប្រធានាធិបតីបណ្តោះអាសន្នទីបេលោក Bhuchung Tsering ក៏បានជំរុញឱ្យលោកស្រី Zeya នាំមុខក្នុងការកៀរគរការគាំទ្រ​ពី​បណ្តា​ប្រទេស​ដែល​មាន​គំនិត​ដូចគ្នាដើម្បីបង្កើតវិធីសាស្រ្តរួមគ្នា ដូចគោលនយោបាយ និងច្បាប់គាំទ្រ​ទីបេដែលបាន​អនុម័ត​នៅ​អាម៉េរិកកាលពីឆ្នាំ២០២០។
 
យ៉ាងណាមិញ ចិនឯណោះបានប្រតិកម្មមិនពេញចិត្តភ្លាមៗចំពោះរឿងខាងលើ។ តាមរយៈស្ថានទូត នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ ខែធ្នូ ចិនបានថ្កោល​ទោស​ចំណាត់ការ​នេះ ហើយថានេះ​ជា​ការ​ជ្រៀតចូលរឿងនយោបាយរបស់ខ្លួន។ 
 
«អាម៉េរិកគួរតែបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមលេសនៃ​បញ្ហាដែ​ល​ទាក់ទង​នឹងទីបេ ដែលនឹងធ្វើឱ្យតំបន់នេះមានអស្ថិរភាព។ ចិននឹងចាត់វិធានការ​ចាំបា​ច់​ទាំងអស់​ដើម្បី​ការពា​រ​ផលប្រយោជន៍របស់យើង»។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនលោក​ Liu Pengyu បានសង្កត់ធ្ងន់បែបនេះដោយមិនបានអធិប្បាយបន្ថែមទៀតឡើយ។
 
គួរបញ្ជាក់ថា ចិនបានក្ដៅស្លឹកត្រចៀកម្ដងហើយនៅពេលដែលអាម៉េរិកបានតែតាំងអ្នកសម្របសម្រួល​បញ្ហាទីបេអំឡុងរដ្ឋបាលអតីតប្រធានាធិបតីអាម៉េរិក​ ដូណាល់ ត្រាំ ។ ចិនក៏បានចោទ​អាម៉េរិកថា បាន​បង្កអស្ថិរភាពនៅតំបន់ទីបេផងដែរ៕

Tag:
 ចិន
  អាម៉េរិក
  ទីបេ
© រក្សាសិទ្ធិដោយ thmeythmey.com