អន្តរជាតិ
អ៊ុយក្រែនចោទអតីតប្រធានាធិបតី Poroshenko ពីបទក្បត់ជាតិ
21, Dec 2021 , 9:29 pm        
រូបភាព
អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ។ រូបថត AFP
អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ។ រូបថត AFP
អាជ្ញាធរអ៊ុយក្រែននៅថ្ងៃទី២០ ខែធ្នូ បានដាក់អតីតប្រធានាធិបតីលោក Petro Poroshenkoឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការពាក់ព័ន្ធនឹងការក្បត់ជាតិ។ លោក Poroshenko រងការចោទប្រកាន់ថា បានគាំទ្រផ្នែកហិរញ្ញវត្ថុ និងជួយកងកម្លាំងបំបែកខ្លួននៅក្នុងតំបន់ Donbass លើការលក់ធ្យូងថ្ម។



បើតាមការិយាល័យស៊ើបអង្កេតរដ្ឋរបស់អ៊ុយក្រែន អតីតប្រធានាធិបតី Petro Poroshenko ត្រូវជាប់សង្ស័យពាក់ព័ន្ធអំពើក្បត់ជាតិ និងគាំទ្រសកម្មភាពអង្គការភេរវករ។ អង្គការភេរវករនេះ គឺសំដៅលើកងកម្លាំងបំបែកខ្លួននៅក្នុងតំបន់ Donbass Donetsk និង Lugansk ដែលត្រូវបានគាំទ្រពីរុស្ស៊ី។ 
 
បើតាមអាជ្ញាធរអ៊ុយក្រែន ឧក្រិដ្ឋកម្មជាច្រើនដែលអាចជាប់ពាក់ព័ន្ធនឹងលោក Poroshenko កំពុងត្រូវបានស៊ើបអង្កេត។ ក្រៅតែពីអតីតប្រធានាធិបតីរូបនេះ លោក Viktor Medvedchuk សមាជិកសភាគាំទ្ររុស្ស៊ី​​ ក៏កំពុងជាប់ទាក់ទងទៅនឹងការចោទប្រកាន់ស្រដៀងគ្នានេះដែរ។ លោក Medvedchuk ត្រូវបានអាជ្ញាធរឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាងប្រាំមួយខែមកហើយ។
 
ពាក់ព័ន្ធនឹងបទចោទក្បត់ជាតិនេះ លោក Poroshenko ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស។ 
 
ក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យស៊ើបអង្កេតរដ្ឋ ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីពីឆ្នាំ២០១៤ ដល់ឆ្នាំ​ ២០១៩ លោក Poroshenko ជួយឱ្យតំបន់ Donetsk និង Lugansk ដែលប្រកាសឯករាជ្យពីអ៊ុយក្រែនដោយខ្លួនឯង លក់ធ្យូងថ្មមានតម្លៃជាង៥៤លានដុល្លារនៅទីក្រុងកៀវ។ ​
 
យ៉ាងណាមិញ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតីលោក Poroshenko អតីតប្រធានសភាលោក Oleksandr Turchynov បានបដិសេធរាល់កំហុសឆ្គងរបស់ Poroshenko។ លោក Turchynov អះអាងថា ការចោទប្រកាន់នេះ ជារឿងប្រឌិតតាមបញ្ជាផ្ទាល់របស់ប្រធានាធិបតីដែលកំពុងកាន់អំណាច។ 
 
លើសពីនេះដែរ គណបក្សលោក Poroshenko កាលពីខែតុលា ចាត់ទុកបទចោទប្រកាន់នេះ ជាទង្វើដើម្បីបង្វែរការយកចិត្តទុកដាក់លើសកម្មភាពខុសឆ្គងរបស់រដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ៕

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com