ជាតិ
តំបន់​ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចចុះត្រជាក់ដល់​១៥អង្សា ឯទំនាបកណ្តាលអាចដល់​១៦អង្សា
22, Dec 2021 , 7:59 am        
រូបភាព
ដោយ:
កម្ពុជា​ នឹងរងឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីចិនផ្ទួន ក្នុងនោះគួបផ្សំជាមួយខ្យល់ មូសុងឦសានក្នុងកម្រិតមធ្យមទៅខ្លាំង។  ស្ថានភាពបែបនេះ នឹងបណ្ដាលឱ្យចុះត្រជាក់ ដោយមានលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។

  
 
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី២២ ដល់២៦ខែធ្នូ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់កម្រិតខ្សោយពីប្រទេសចិន។ បន្ទាប់ពីនេះ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែធ្នូ កម្ពុជាអាចទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង។
 
ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។ ក្នុងនោះ​ សីតុណ្ហភាពអប្បរមា មានពី១៦ ដល់១៨ អង្សា និងអតិបរិមាពី២៤ដល់ ២៦អង្សា។ 
 
បណ្ដាលខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងចាប់ពី១៥ ដល់១៧ អង្សាសេ និងអតិបរិមាចាប់ពី២៤ដល់២៦ អង្សាសេ។
 
ជាមួយគ្នានេះ តំបន់មាត់សមុទ្រ នៅថ្ងៃទី២៣ ដល់២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
 
នៅថ្ងៃទី២៧ ដល់២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ពី១៧ ដល់១៩អង្សាសេ និងអតិបរមាពី២៦ ដល់២៨អង្សាសេ។ ទន្ទឹមនេះ តំបន់មាត់សមុទ្រ ក៏មានរលក កម្រិតមធ្យមផងដែរ។ 
 
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនការពារជានិច្ច ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាព ខណៈអាកាសធាតុមានការប្រែប្រួល៕

Tag:
 អាកាសធាតុ
  ទ្រនុងសម្ពោធខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com