អន្តរជាតិ
ក្រុមប្រទេស G7 បង្ហាញក្តីបារម្ភលើការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅហុងកុង
21, Dec 2021 , 4:40 pm        
រូបភាព
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ។ រូបភាព៖ Bloomberg
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ។ រូបភាព៖ Bloomberg
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅថ្ងៃទី២០ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីក្តីបារម្ភលើការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅហុងកុង បន្ទាប់ការបោះឆ្នោតសភានៅថ្ងៃទី១៩ ខែធ្នូកន្លងទៅ។ ចំនួនអ្នកទៅបោះឆ្នោត ធ្លាក់ចុះដល់កម្រិតមិនធ្លាប់មាន។ ក្រុម G7 ក៏បានជំរុញឱ្យចិនគោរពកាតព្វកិច្ចច្បាប់ មូលដ្ឋានសិទ្ធិមនុស្ស និងសេរីភាពនៅហុងកុងដែរ។

 
ការបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន នៅហុងកុង បានបញ្ចប់ទៅ ដោយមានប្រជាជនចេញទៅបោះឆ្នោតក្នុងអត្រាដ៏ទាបបំផុតក្នុងប្រវត្តិសាស្រ្តហុងកុង។ នេះជាការបោះឆ្នោតលើកដំបូងក្រោយការកែទម្រង់ប្រព័ន្ធបោះឆ្នោតពីសំណាក់រដ្ឋាភិបាលប៉េកាំង។ ចំនួនប្រជាជនចេញមកបោះឆ្នោតដ៏ទាបបែបនេះ អាចមានមូលហេតុមកពីការធ្វើកំណែទម្រង់ការបោះឆ្នោតនេះតែម្ដងដែលបាន បន្ថយចំនួនបេក្ខភាពនៃសមាជិកសភាត្រូវជ្រើសរើសផ្ទាល់ដោយប្រជាជន និងច្បាប់សន្តិសុខជាតិជាដើម។
 
ទាក់ទិននឹងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) បានសេចក្តីសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២០ ខែធ្នូ ដែលបានបង្ហាញពីក្តីបារម្ភលើការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យហុងកុង បន្ទាប់ពីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។ 
 
«ការកែទម្រង់លើប្រព័ន្ធបោះឆ្នោតហុងកុងនៅដើមឆ្នាំនេះ...បានបំផ្លាញស្វ័យភាពហុងកុង ក្រោមគោលការណ៍ ប្រទេសមួយ ប្រព័ន្ធពីរ»។ រដ្ឋមន្រ្តីការបរទេសG7 បានសង្កត់ធ្ងន់បែបនេះ មុនអំពាវនាវឱ្យចិន គោរពតាមសេចក្តីប្រកាសរួមគ្នារវាងចិន និងអង់គ្លេសឆ្នាំ១៩៨៤ ស្តីពីហុងកុង និងកាតព្វកិច្ចច្បាប់ផ្សេងទៀត រួមទាំងមូលដ្ឋានសិទ្ធិ និងសេរីភាពនៅហុងកុង។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ប្រមុខការទូតក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ បានជំរុញឱ្យអាជ្ញាធរចិន និងហុងកុង រៀបចំស្ថាប័ននយោបាយឡើងវិញ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើបុគ្គលលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិ និងសេរីភាពនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ 
 
បន្ទាប់ពីសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេស បានចាត់ទុកប្រតិបត្តិកម្មរបស់ក្រុមប្រទេស G7 ជាការមិនទទួលខុសត្រូវ និងបកស្រាយខុសពីការពិត ជុំវិញការបោះឆ្នោតនៅហុងកុង។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំពានមូលដ្ឋាននៃបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ 
 
សូមបញ្ជាក់ថា សភាហុងកុង ក្នុងអាណត្តិទី៧ ត្រូវបានបង្កើនពី ៧០អាសនៈ មក ៩០អាសនៈ។ ប៉ុន្តែប្រជាជនហុងកុង អាចបោះឆ្នោតរើសសមាជិកសភាដោយផ្ទាល់តែ ២០រូបប៉ុណ្ណោះ ដែលចំនួននេះ ថយចុះពី ៤៥រូប នៅក្នុងការបោះឆ្នោតសភាអាណត្តិមុន។ អាណត្តិទី៧ នៃសភាហុងកុង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ៕ 

អត្ថបទទាក់ទង
 

Tag:
 G7
  ហុងកុង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com