អន្តរជាតិ
ជប៉ុន ប្រហារជីវិតអ្នកទោសជាលើកដំបូង បើគិត​ចាប់ពីចុងឆ្នាំ២០១៩ មក
21, Dec 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបភាព៖ Reuters
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបភាព៖ Reuters
ជប៉ុន នៅថ្ងៃទី២១ ខែធ្នូ បានអនុវត្តទោសប្រហារជីវិតអ្នកទោសលើកដំបូង ចាប់តាំងពីចុងឆ្នាំ ២០១៩ មក លើអ្នកទោសបីនាក់។ នេះក៏ជាលើកដំបូងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ដែរ។ ខណៈរងការរិះគន់ពីសហគមន៍អន្តរជាតិជុំវិញរឿងនេះ មន្រ្តីជប៉ុនបានលើកឡើងថា ជប៉ុនមិនសក្តិសមក្នុងការលុបចោលទោសបែបនេះឡើយ។

 
តាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌ជប៉ុន អ្នកទោសចំនួន ៣រូប ត្រូវបានប្រហារជីវិត នៅថ្ងៃទី២១ ខែធ្នូ។ នេះជាការប្រហារជីវិតលើកដំបូង បើគិតចាប់ពីចុងឆ្នាំ២០១៩ មក និងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី លោក គីស៊ីដា ហ្វូមីអូ។ អ្នកទោស ដែលរង់ចាំការកាត់ទោសប្រហារជីវិតនៅជប៉ុន នៅសល់ចំនួន ១០៧រូបទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
អ្នកទោសទាំង ៣រូបនេះ សុទ្ធតែបានប្រព្រឹត្តបទល្មើសឃាតកម្មនៅក្នុងឆ្នាំ ២០០៤ និងឆ្នាំ២០០៣។ បើទោះមតិសាធារណៈរបស់ជប៉ុន នៅតែបន្តគាំទ្រការកាត់ទោសប្រហារជីវិត ប៉ុន្តែជប៉ុនបានរងការរិះគន់ជាច្រើនលើកពីសហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស។ ការប្រហារជីវិតនៅជប៉ុន ភាគច្រើនត្រូវបានអនុវត្តដោយការព្យួរក ខណៈអ្នកទោសត្រូវរង់ចាំអនុវត្តទោសរយៈពេលយូរ បន្ទាប់ពីតុលាការចេញសេចក្តីសម្រេច។ 
 
បន្ទាប់ពីការប្រហារជីវិតអ្នកទោសរួច អនុប្រធានលេខាធិការគណៈរដ្ឋមន្ត្រី លោក Seiji Kihara បានប្រាប់អ្នកសារព័ត៌មានថា វាមិនសក្តិសមឡើយ ក្នុងការលុបចោលប្រព័ន្ធប្រហារជីវិតរបស់ប្រទេស ខណៈឧក្រិដ្ឋកម្មនៅតែបន្តកើតឡើង។ 
 
តាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ប្រទេសច្រើនជាង ២ភាគ៣ នៅលើពិភពលោក បានលុបចោលទោសប្រហារជីវិត ដែលមានចែងនៅក្នុងច្បាប់របស់ខ្លួន៕ 

Tag:
 ជប៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com