ជាតិ
សង្ឃប្រកាស៖ អ្នក​បួស​មិន​ត្រូវចូលរួម​ដង្ហែបាតុកម្ម ឬយកធម៌​ទៅ​សម្តែងកំប្លុកកំប្លែងឡើយ​
21, Dec 2021 , 5:18 pm        
រូបភាព
ដោយ: រួបរួម
អង្គ​​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី​២៩ ពីថ្ងៃទី​២០ ដល់ទី​២១ ខែធ្នូ នៅ​សាលសន្និសីទ​ចតុមុខ បាន​សម្រេច​ដាក់​ចេញនូវ​សង្ឃ​ប្រកាស​សម្រាប់អនុវត្ត ដែល​ក្នុងនោះ​មាន​ខ្លឹម​សារជាច្រើន​ទាក់ទង​នឹង​ការពង្រឹង​វិន័យបុព្វជិត​ពុទ្ធសាសនា ជាពិសេស​ការហាម​ប្រាម​ទង្វើមួយចំនួន​ដែល​ប្រាសគោលធម៌ វិន័យ។


 
«បុព្វជិត​ពុទ្ធ​សាសនា​កម្ពុជា មាន​សិទ្ធិសេរីភាព​ក្នុង​ការ​សម្តែងមតិ​ស្រប​ច្បាប់តាមរដ្ឋ​ធម្មនុញ្ញ ប៉ុន្តែមិន​ត្រូវ​ធ្វើ​ ឬចូលរួម​ដង្ហែជាក្បួន​បាតុកម្ម កូដកម្ម កុបកម្ម​ក្នុងទីសាធារណៈ ដែលជាហេតុ​នាំឲ្យ​បាត់បង់សេចក្តី​ថ្លៃ​ថ្នូរ ភេទ​ជាអ្នក​បួស ប៉ះពាល់​ដល់​សន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ»។ នេះជាការ​បញ្ជាក់ក្នុង​សង្ឃប្រកាស។
 
សេចក្តី​សម្រេច​ដែល​ចុះព្រះហស្ត​លេខាដោយ​សម្តេចសង្ឃនាយករងទី១ អំ លឹមហេង និង​លោក ផ្លោក ផន រដ្ឋមន្ត្រី​ស្តីទីក្រសួង​ធម្មការ និង​សាសនា បាន​ណែនាំ​ឲ្យមាន​ការសម្តែងធម៌ទេសនា​ តាម​ក្រឹត្យ​ក្រម​ធម៌​វិន័យរបស់អ្នកបួស ដោយមិន​ត្រូវ​យក​ធម៌​ទៅ​សម្តែង​បែបកំប្លុក​កំប្លែង ប្រាសចាក​គោលធម៌ វិន័យ​ អង្គនៃធម្មកថិក និង​វាចារបស់​អ្នកបួស។
 
អង្គ​អនុសំវច្ឆរមហាសន្និបាត សម្រេច​កំណត់​ឲ្យភិក្ខុ-សាមណេរនៃគណៈមហានិកាយ ប្រើ​ប្រាស់សំពត់កាសាវពស្ត្រ (ស្បង់ស្បៃត្រៃចីវរ) តែពីរពណ៌​ប៉ុណ្ណោះ គឺពណ៌​ទឹក​ក្រូច និងពណ៌​ខ្លឹមខ្នុរ។ រីឯភិក្ខុ-សាមណេរមិន​ស្តាប់ឱវាទ អស្មិមានះ នឹងត្រូវ​បាន​ដាក់ឲ្យ​នៅ​ក្រៅ​សង្វាស និងសហគមន៍សង្ឃ។
 
ជាមួយ​គ្នានេះ សង្ឃប្រកាស​ ក៏បាន​តម្រូវឲ្យ​គណៈសង្ឃនាយក សហការជាមួយ​ក្រសួង​ធម្មការ និង​សាសនា បន្ត​រៀបចំ​បង្កើត​គណៈកម្មាធិការ​ក្រុមជំនុំព្រះត្រៃបិដក ដើម្បី​បកប្រែកម្ពីរអដ្ឋកថា ដីកា យោជនាពីបាលី​មក​ខេមរភាសា ផងដែរ៕

Tag:
 សង្ឃប្រកាស
© រក្សាសិទ្ធិដោយ thmeythmey.com