កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន​ ជំរុញ​ស្ត្រីចូលរួមក្នុងវិស័យកីឡាឲ្យ​បាន​កាន់តែ​ច្រើន
21, Dec 2021 , 9:59 pm        
រូបភាព
វ៉ាត់ ចំរើន,រូបពីCamsoc
វ៉ាត់ ចំរើន,រូបពីCamsoc
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំសិក្ខាសាលាស្ដីពី “ការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងកីឡា” កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ។

 
ការលើកកំពស់ស្ដ្រី តាមរយៈសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាប់គុណតម្លៃនៃកីឡា និងលើកទឹកចិត្តសិស្សានុសិស្សជាស្ដ្រី ឲ្យចូលរួមក្នុងវិស័យកីឡាកាន់តែច្រើន ហើយក៏ជាការបញ្ជ្រាប់នូវការផ្សព្វផ្សាយ ឆ្ពោះទៅរកការប្រារព្ធធ្វើកីឡាអូឡាំពិកលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក វ៉ាត់ ចំរើន បានចែករំលែកនៅចំណេះដឹង គុណតម្លៃអូឡាំពិក និងលើកទឹកចិត្តដល់ចលនាស្ត្រី ឲ្យចូលរួមក្នុងកីឡាកាន់តែច្រើន ជាពិសេស អគ្គលេខាធិការរូបនេះ បានផ្ទេរចំណេះដឹងទាក់ទង និងបំណិនជីវិត ឲ្យស្ដ្រីមានភាពក្លាហាន ចូលរួមដូចជាបុរសដែរ ។
 
លោក វ៉ាត់ ចំរើន បានបន្ដលើកទឹកចិត្តឲ្យយុវជន សិស្សានុសិស្សទាំងអស់ គាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយសូមឲ្យមានការចូលរួមជាអ្នកស្ម័គ្រចិត្ត ព្រោះព្រឹត្តិការណ៍នេះ ត្រូវការអ្នកស្ម័គ្រចិត្ត ជិត១០០០០នាក់ ។
 
គូសបញ្ជាក់ថា “សិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា” នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានដំណើរការពេញ១ថ្ងៃ ដោយនៅពេលព្រឹក គឺអ្នកជំនាញជាច្រើនរូប បានធ្វើបទបង្ហាញពីការអប់រំគុណតម្លៃអូឡាំពិក រួមជាមួយនិងយុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីដាក់ជូន ពីថ្នាក់ដឹកនាំពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ 
 
នៅក្នុងសិក្ខាសិលានេះ មានការចូលរួម ពីវាគ្មិន ដែលមានបទពិសោធន៍ និងជាម្ចាស់មេដាយមាស ចូលរួម ដូចជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសជើងឯក អាស៊ី២០១៤ និងលោកស្រី ចូវ សុធារ៉ា អាតីតម្ចាស់មេដាយមាសស៊ីហ្គេម លើកីឡាចំបាប់ បានចែករំលែកបទពិសោធន៍ ទៅកាន់សិស្សានុសិស្ស ។
 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយពីយុទ្ធនាការជាតិនេះ ឲ្យកាន់តែទូលំទូលាយ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com