កីឡាជាតិ
ជាតិ
លោក គៀត ចាន់ថារិទ្ធ បន្តដឹកនាំ​​សហព័ន្ធកីឡាវាយ​កូន​ឃ្លី​លើ​តុអាណត្តិទី៧
26, Dec 2021 , 12:00 pm        
រូបភាព
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាន​រៀបចំសន្និបាតប្រចាំឆ្នាំ​របស់ខ្លួននៅ​ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ នាឱកាសនោះ លោក គៀត ចាន់ថារិទ្ធ ទទួលបានការគាំទ្រ ឲ្យបន្ដធ្វើជាប្រធានសហព័ន្ធ ក្នុងអាណត្តិទី៧ រហូតដល់ឆ្នាំ២០២៥។



តាមរយៈ ការប្រជុំមហាសន្និបាតនេះ លោក គៀត ចាន់ថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ត្រូវបានគាំទ្រ ឲ្យបន្ដដឹកនាំនៅក្នុងអាណត្តិថ្មី ។ ប្រធានសហព័ន្ធអាណត្តិថ្មីនេះ បានប្ដេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការបន្ដបេសក​កម្មក្នុងអាណត្តិទី៧នេះ  ជាពិសេស នឹងប្រឹងឲ្យអស់ពីសមត្ថភាព ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និង ស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា ឆ្នាំ២០២៣ ។

 រូបពី Camsoc
 
លោក បានបន្ថែមថា អាណត្តិនេះ គឺត្រូវមានយុទ្ធសាស្រខ្លាំង ដោយសារតែត្រូវត្រៀម ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។ ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តនេះ ឯកឧត្តមបានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសឲ្យទទួលបានជោគជ័យក្នុងការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។ 
 
ថ្នាក់ដឹកនាំ​សហព័ន្ធ បានអះអាងពី​ដំណើរការដ៏វិជ្ជមាន​កាលពីអាណត្តិទី៦កន្លងមកដោយ មាន ក្លិប សមាគម ក្រុមហ៊ុន និងសាលារៀនសរុប២៤ កីឡាករ និងកីឡាការិនី ១៧០នាក់ រួមទាំង​មន្ត្រីអាជ្ញាកណ្ដាល ចំនួន២៥នាក់ ។ ទន្ទឹម​គ្នានេះ សហព័ន្ធ កីឡាវាយ​កូន​ឃ្លី​លើ​តុគ្រោងនឹងបង្កើតឲ្យមានគណៈកម្មាធិការបច្ចេកទេស ក្នុងគោលបំណង ដើម្បីបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការត្រៀមធ្វើព្រឹត្តិការណ៍ប្រកួតជាតិ និងអន្តរជាតិនានា ៕

Tag:
 កីឡាវាយកូនឃ្លីលើតុ
© រក្សាសិទ្ធិដោយ thmeythmey.com