ជាតិ
អភិបាលខេត្តពោធិ៍សាត់ ស្នើក្រសួងពន្លឿនគម្រោងកសាផ្លូវជាតិលេខ៥ ដើម្បីទទួលទេសចរ ឆ្នាំ២០២២
26, Dec 2021 , 3:19 pm        
រូបភាព
ដោយ:
លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យក្រសួងជំនាញ ជួសជុលផ្លូវជាតិលេខ៥ ពីភ្នំពេញ ទៅខេត្តពោធិ៍សាត់ឱ្យបានឆាប់រហ័ស ដើម្បីទាញទេសចរនៅក្នុងឆ្នាំ២០២២។ អភិបាលខេត្តរូបនេះ ក៏កំពុងអភិវឌ្ឍផលិតផលទេសចរណ៍បន្ថែម ដើម្បីជាចំណីអារម្មណ៍ថ្មីដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។


ខេត្តពោធិ៍សាត់ មានសក្តានុពលទេសចរណ៍ធម្មជាតិ ដូចជាភ្នំ ស្ទឹង និងទឹកធ្លាក់ជាដើម។ តែកន្លងមកខេត្តពោធិ៍សាត់ ត្រូវបានគេគិតថាជាខេត្តឆ្លងកាត់តែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២១ខេត្តមួយនេះ ចាប់ផ្ដើមទទួលការគាំទ្រពីភ្ញៀវទេសចរ ព្រោះភាពទាក់ទាញនៃភ្នំ១៥០០ និងទឹកធ្លាក់។ ដ្បិតភ្ញៀវទេសចរមានកំណើន ប៉ុន្តែរចនាសម្ព័ន្ធផ្លូវ ថ្នល់ នៅតែជាឧបសគ្គសម្រាប់អ្នកដំណើរ។ 
 
ជុំវិញបញ្ហាផ្លូវ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ កំពុងជំរុញឱ្យមន្ទីរ និងក្រសួងជំនាញពន្លឿនការធ្វើផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ « យើងកំពុងជំរុញផ្នែករចនាសម្ព័ន្ធ ជាពិសេសយើងបានប្រជុំជាមួយក្រសួងធ្វើផ្លូវជាតិលេខ៥ ឱ្យបានងាយស្រួលដើម្បីទាក់ទាញភ្ញៀវ។ ក្រសួងសន្យាជាមួយយើងថា នៅដើមឆ្នាំ២០២២នេះ ផ្លូវនឹងរួចមួយចំហៀង ដែលមាន២ផ្លូវ»។ នេះជាការលើកឡើងរបស់លោក ជាវ តាយ ដោយបន្តថា គម្រោងផ្លូវជាតិលេខ៥ នឹងបញ្ចប់នៅឆ្នាំ ២០២៣។ 
  


ក្រៅពីពន្លឿនការធ្វើផ្លូវ អភិបាលខេត្តពោធិ៍សាត់ថ្មីរូបនេះ បន្តអភិវឌ្ឍផលិតផលទេសចរណ៍ក្នុងខេត្តឱ្យកាន់តែសម្បូរបែបដូចជា ស្វែងរកតំបន់ទេសចរណ៍ថ្មី និងពង្រឹងសេវាកម្មនៅគោលដៅទេសចរណ៍ដែលមានស្រាប់ ។ ជាមួយគ្នានេះ លោក ជាវ តាយ ក៏ជំរុញឱ្យមានការរៀបចំកញ្ចប់ទេសចរណ៍ ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ អាចដើរកម្សាន្តនៅខេត្តពោធិ៍សាត់បានច្រើនកន្លែង និងរយៈពេលវែង។
 
ទន្ទឹមនឹងកំណើនភ្ញៀវទេសចរក្នុងឆ្នាំ២០២១ ហើយនឹងបន្តកើនឡើងក្នុងឆ្នាំ២០២២ អភិបាលខេត្តពោធិ៍សាត់ ស្នើឱ្យអ្នកវិនិយោគ សាងសង់រីសតបន្ថែមទៀត ខណៈពេលបុណ្យទាន កន្លែងទេសចរណ៍ខ្លះមិនមានបន្ទប់ ឬផ្ទះស្នាក់សម្រាប់ទទួលភ្ញៀវនោះទេ។ ជាមួយគ្នានេះ លោកក៏ជំរុញឱ្យអ្នកវិនិយោគទុន បង្កើតន្លែងកម្សាន្តផ្សេងៗ ដើម្បីភ្ជាប់នឹងកញ្ចប់ទេសចរណ៍។
បន្ថែមពីនេះ អភិបាលខេត្តទើបឡើងកាន់តំណែងនៅខេត្តពោធិ៍សាត់ប្រហែល៣ខែនេះ បានថ្លែងថា វត្តមានភ្ញៀវទេសចរនេះហើយ បានធ្វើឱ្យអ្នករកស៊ី និងបុគ្គលិក ក្នុងវិស័យទេសចរណ៍ នៅតែទទួលបានចំណូល និងជំរុញសេដ្ឋកិច្ចក្នុងខេត្ត អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ជាវ តាយ តាំងចិត្តជំរុញផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់មានកំណើនភ្ញៀវទេសចរខ្លាំងឆ្នាំ ២០២២ ៕ 
 
 

Tag:
 ThmeyThmey25
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com