COVID-19
ជាតិ
បេក្ខជនបាក់ឌុប២នាក់ ដែលវិជ្ជមានកូវីដ-១៩ ប្រឡងពីមណ្ឌលព្យាបាល
27, Dec 2021 , 8:43 am        
រូបភាព
បេក្ខជនបាក់ឌុប២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យប្រឡង នៅឯមណ្ឌលព្យាបាលតែម្តង។ នេះជាការបញ្ជាក់របស់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដោយលោកឱ្យដឹងទៀតថា បេក្ខជនទាំង២នាក់នេះ គឺជាអត្តពលិកកីឡាការ៉ាត់តេ ដែលទើបត្រឡប់ពីប្រកួត នៅប្រទេសកាហ្សាក់ស្តង់។

 
ក្នុងចំណោមអ្នកវិជ្ជមានទាំង២នាក់នេះ មានម្នាក់គឺបានឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ហើយកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ លោករដ្ឋមន្ត្រីអប់រំ អះអាងថា លោកបានចាត់ឱ្យប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការប្រឡង យកប្រធានវិញ្ញាសាទៅឱ្យដល់បេក្ខជនដែលបានឆ្លងកូវីដ-១៩នេះដោយផ្ទាល់ ដល់មណ្ឌលព្យាបាល។ ប្រធានវិញ្ញាសា និងវិធានការដូចនឹងបេក្ខជនទូទៅដែរ។
 
សូមជម្រាបថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២១នេះ មានជាង១១ម៉ឺននាក់ និងមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល ចែកចេញជា៤ ៦៥១ បន្ទប់។ ថ្នាក់សង្គមមានចំនួន ១៣១មណ្ឌល ដែលស្មើនឹងប្រមាណ ៦៥ភាគរយនៃមណ្ឌលប្រឡងសរុប ខណៈថ្នាក់វិទ្យាសាស្ត្រមាន ៧៣មណ្ឌល៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com