អន្តរជាតិ
ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅចិន ហក់ឡើងខ្លាំង, ទីក្រុងស៊ីអានជាចំណុចក្ដៅ
27, Dec 2021 , 11:15 am        
រូបភាព
ដោយ:
ចិន បានរាយការណ៍ពីការកើនឡើងករណីឆ្លងនៃជំងឺកូវីដ-១៩ ក្នុងស្រុកខ្ពស់បំផុតក្នុងរយៈពេល២១ខែមកនេះ ដោយមានករណីឆ្លងថ្មី១៥៨ត្រូវបានប្រកាសនៅថ្ងៃទី២៦ ខែធ្នូ​។ ការហក់ឡើងនេះ ជាលទ្ធផនៃការរកឃើញករណីឆ្លងនៅទីក្រុងស៊ីអាន ដែលជាចំណុចក្តៅថ្មី។



ក្រុងស៊ីអាន​ ដែលស្ថិតនៅខេត្តសានស៊ី ជាតំបន់ផ្ទុះឡើងខ្លាំង​នៃករណីឆ្លងជំងឺកូវីដ-១៩ក្នុងស្រុក។ចាប់តាំងពីថ្ងៃទី២២ ខែធ្នូមក​ ទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ១៣លាននាក់​ត្រូវបានបិទខ្ទប់យ៉ាងតឹងតែងបំផុត ដើម្បីទប់ស្កាត់ការរីករាលដាល​។ ឈានចូលដល់ថ្ងៃទី៤នៃការបិទខ្ទប់ ទីក្រុងនេះរកឃើញករណីថ្មី១៥៥ ខណៈ២៤ម៉ោងមុនមានត្រឹម៧៥ករណី។ ករណីទូទាំងប្រទេសនៅថ្ងៃដដែល មាន១៥៨។
 
គិតត្រឹមករណីឆ្លងថ្មីពីថ្ងៃទី៩ដល់២៥ខែធ្នូ ក្រុងស៊ីអានបានកត់ត្រាករណីឆ្លងសរុប៤៨៥នាក់ ដែលបណ្តាលឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងលើវិធានការទប់ស្កាត់ ស្របតាមគោលនយោបាយរបស់ក្រុងប៉េកាំងដែលរាល់ការផ្ទុះឡើងណាមួយត្រូវតែទប់ស្កាត់ឱ្យបានឆាប់បំផុត។
 
ជុំវិញការបិទខ្ទប់ដ៏តឹងរ៉ឹងនេះ ប្រជាជនមិនអាចចាកចេញពីទីក្រុងដោយគ្មានការអនុញ្ញាតឡើយ ហើយយុទ្ធនាការធ្វើតេស្តរកអ្នកជំងឺកូវីដ-១៩ ជាច្រើនជុំក៏ត្រូវបានរៀបចំឡើងដែរ។​
កាលពីថ្ងៃទី២៦ ខែធ្នូ មន្រ្តីក្នុងក្រុងស៊ីអាន លោក ហឺ វិនឈាន​ ​បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានថា ទីក្រុងនេះបានរកឃើញអ្នកឆ្លងទាំងនោះបានយ៉ាងឆាប់រហ័សគឺដោយការការធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនក្នុងក្រុងនេះ ហើយចំនួនករណីឆ្លងខ្ពស់អាចនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ទៀត។
 
«ដើម្បីដកចេញក្រុមមនុស្សដែលបានឆ្លងជំងឺកូវីដ-១៩ឱ្យបានឆាប់រហ័ស​​ បន្ទាប់ពីការវិភាគដោយអ្នកជំនាញ ​យើងនឹងបង្កើនវិធានការត្រួតពិនិត្យតំបន់សំខាន់ៗ ជាពិសេសទីកន្លែងដែលមានហានិភ័យខ្ពស់។»លោក ហឺ បានបន្ថែមបែបនេះ។
 
រដ្ឋាភិបាលក្នុងតំបន់ក៏បានប្រកាសដែរថា ខ្លួនធ្វើយុទ្ធនាការសម្លាប់មេរោគទូទាំងក្រុងពីម៉ោង៦ល្ងាច ដោយជំរុញឱ្យអ្នកស្រុកបិទបង្អួច និងយកសម្លៀកបំពាក់ ព្រមទាំងរបស់របបផ្សេងទៀតដែលស្ថិតនៅខាងក្រៅចូលទៅខាងក្នុងផ្ទះ។នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ​ Reuters ។
 
ឯវិធានការរឹតត្បិត ត្រូវបានរឹតបន្តឹងបន្ថែមទៀតដោយគ្រួសារទាំងអស់អាចបញ្ជូនសមាជិកតែម្នាក់ប៉ុណ្ណោះចេញទៅក្រៅរៀងរាល់៣ថ្ងៃម្តង ដើម្បីទិញសម្ភារចាំបាច់ ខណៈការកំណត់ពីមុនដាក់ចេញត្រឹម២ថ្ងៃ។អាជីវកម្មទាំងអស់ លើកលែងតែផ្សារទំនើប ហាងទំនិញនិងហាងឱសថ ត្រូវបានបញ្ជាឱ្យបិទ។
 
គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ចិនបានរាយការណ៍តួលេខនៃអ្នកជំងឺឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១០ម៉ឺននាក់ និងស្លាប់ជាង៤ពាន់នាក់៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com