កីឡាជាតិ
ជាតិ
AFF Suzuki Cup ៖ ជ័យជម្នះថៃ ក្នុងជើងទី១ ជាការំលែកទុក្ខដល់ឪពុកអ្នកចាំទី Kawin
30, Dec 2021 , 4:01 pm        
រូបភាព
ថៃ បានយកឈ្នះ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ០-៤ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៃការប្រកួត AFF Suzuki Cup 2020 នាជើងទី១នៃវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋានជាតិសិង្ហបុរី ។ ជ័យជម្នះក្នុងជើងទី១ នេះ ត្រូវបានគេចាត់ទុកជាការំលែកទុក្ខ ដល់អ្នកចាំទីថៃ Kawin Thamsatchanan។



អ្នកចាំទីវ័យ៣១ Kawin Thamsatchanan បានសុំច្បាប់ ដើម្បីទៅធ្វើបុណ្យសពជូនឪពុកខ្លួន ខណៈ ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រមិនទាន់បញ្ចប់ តែត្រូវបានគ្រូបង្វឹកជម្រើសជាតិថៃ លោក Alexandre Polking សម្រេចឲ្យ Kawin ចូលលេងក្នុងនាទី៧៥ ដើម្បីជាការរំលឹកដល់ឪពុករបស់ខ្លួន ខណៈក្រុមជម្រើសជាតិថៃ មាន៣គ្រាប់រួចមកហើយ ។ អ្នកចាំទីរូបនេះ បានបន្ដលេងយ៉ាងល្អ ដោយរារាំងមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានឡើយ រហូតដល់កីឡាករ Bordin Phala បន្ថែមគ្រាប់បាល់ទី៤ឲ្យក្រុមថៃ នៅនាទី៨៣  ។ មិត្តរួមក្រុម ក៏ដូចជាគ្រូបង្វឹក បានចាត់ទុកជ័យជម្នះនេះ  ជាការជួយរំលែកទុក្ខដល់អ្នកចាំទីឆ្នើមរូបនេះ ។ 


 
គួរបញ្ជាក់ ក្នុងការប្រកួតនៅជើងទី១ នៃវគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិថៃ បានដាក់សម្ពាធ និងវាយសម្រុកយ៉ាងខ្លាំងមកលើ ជម្រើសជាតិឥណ្ឌូណេស៊ី ដោយសរុបនូវការស៊ុតចំគោលដៅ ចំនួន១០ដង ខណៈ ឥណ្ឌូណេស៊ី ស៊ុតចំគោលដៅបានតែមួយជើង ។  នៅនាទី២ កីឡាករ C.Songkrasin បានស៊ុតបញ្ចូលទី នៅគ្រាប់ទី១ ដោយការបញ្ជូលបាល់ពីកីឡាករ Philip Roller និងគ្រាប់ទី២ នៅនាទី៥២ ដោយ C.Songkrasin ។ កីឡាករ Supachok  Sarachart រកបានមួយគ្រាប់ទៀត នៅនាទី៦៧ និងគ្រាប់ទី៤ ដោយ Bordin Phala ។ ដោយឡែក ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី ។

Tag:
 បាល់ទាត់
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com