ជាតិ
ខេត្តព្រះសីហនុ គ្រោងបង្កើតទេសចរណ៍បាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវ​បន្ថែមទៀត
30, Dec 2021 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមុជទឹកមើលផ្កាថ្ម នៅតាមប្រជុំកោះតាង ដែលរៀបចំដោយ ខ្មែរ ដាហ្វ គ្រុប Khmer Dive Group កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ រូបថតក្រសួងបរិស្ថាន
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមុជទឹកមើលផ្កាថ្ម នៅតាមប្រជុំកោះតាង ដែលរៀបចំដោយ ខ្មែរ ដាហ្វ គ្រុប Khmer Dive Group កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ រូបថតក្រសួងបរិស្ថាន
ដោយ:
​រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាពីទេសចរណ៍បាតសមុទ្រ ខណៈទេសចរណ៍ប្រភេទនេះ កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។​ ​ ​​លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Thmeythmey25ថាទេសចរណ៍បាតសមុទ្រ នឹងទាក់ទាញភ្ញៀវទេសចរបន្ថែម ប៉ុន្តែវាក៏ជាភារកិច្ចថ្មីរបស់រដ្ឋបាលខេត្តដែរ។

 
ខេត្តព្រះសីហនុ មានតំបន់ផ្កាថ្មច្រើនជាងគេ គឺរហូតដល់ ១ ១៩៨ហិកតា ខណៈខេត្តកំពតមាន ៩៥៣ហិកតា។ ខេត្តកោះកុង ក៏មានមានតំបន់ផ្កាថ្ម​៦០២ហិកតាដែរ រីឯខេត្តកែបមាន ជាង៥២ហិកតា។ នេះបើតាមរបាយការណ៍កាលពីឆ្នាំ២០០៧ របស់ក្រសួងបរិស្ថាន។
 
ក្រៅពីតំបន់ឆ្នេរ តំបន់ផ្កាថ្មក្នុងខេត្តព្រះសីហនុ​ កំពុងប្រែក្លាយបន្តិចម្តងៗទៅជាផលិតផលទេសចរណ៍ថ្មី សម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ។ ក្នុងបទសម្ភាសដល់សារព័ត៌មានThmeyThmey25 លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ​ បានបញ្ជាក់ថា ទេសចរណ៍បែបមុជទឹកផ្កាថ្ម កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។ តែរដ្ឋបាលខេត្ត ត្រូវសិក្សាស្រាវជា្រវបន្ថែម លើតំបន់ដែលទេសចរអាចមុជទឹកមើលផ្កាថ្មបាន ​និងវិធីរក្សាសុវត្ថិភាពដល់ទេសចរ។ យ៉ាងណាក៏ដោយ អភិបាលរងរូបនេះ ថ្លែងឥតលាក់លៀមថា ​អ្នកជំនាញក្នុងផ្នែកទេសចរណ៍បាតសមុទ្រនេះ នៅមានកម្រិត ហើយនេះគឺជាមេរៀនថ្មីបន្ថែមសម្រាប់ខេត្ត ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកទេសចរ។

 ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមុជទឹកមើលផ្កាថ្ម នៅតាមប្រជុំកោះតាង ដែលរៀបចំដោយ ខ្មែរ ដាហ្វ គ្រុប Khmer Dive Group កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ រូបថតក្រសួងបរិស្ថាន
 
«វាជាភារកិច្ចថ្មីសម្រាប់យើង ដែលត្រូវយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍ និងរក្សាសុវត្ថិភាពដល់​អ្នកកម្សាន្ត។ យើងនឹងខិតខំធានាឱ្យបាននូវបរិស្ថានបៃតង និងជីវចម្រុះក្រោមទឹកតាមរយៈ ការហាមឃាត់ការបង្ហូរកាកសំណល់ដែលមានសារធាតុពុលចូលសមុទ្រ។ យើងមិនអនុញ្ញាតិឱ្យអាជីវកម្មទាំងឡាយណា ដែលបង្ករផលប៉ះពាលើដោយផ្ទាល់ និងប្រយោលដល់បរិស្ថានសមុទ្រ »។ នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់។​
 
បើតាមអភិបាលខេត្តដដែល ដើម្បីរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរកម្សាន្តនៅបាតសមុទ្រ រដ្ឋបាលខេត្តព្រះសីហនុ នឹងបង្កើនឆ្មាំសមុទ្រ និងផ្ដល់ព័ត៌មានពីអាកាសធាតុ ព្រមទាំងមានអ្នកត្រៀមអន្តរាគមន៍ រាល់ពេលមានឧបទ្ទវហេតុ។ ចំណែកតម្លៃសេវាកម្មនាំភ្ញៀវ និងផ្ដល់សម្ភារដល់ទេសចរសម្រាប់មុជទឹក រដ្ឋបាលខេត្តព្រះសីហនុ កំពុងណែនាំដល់ម្ចាស់អាជីវកម្មនេះផងដែរ។ 
 
ក្រៅពីទេសចរណ៍បាតសមុត្រ​ រដ្ឋបាលខេត្តព្រះសីហនុ​ ក៏កំពុងជំរុញទេសចរណ៍បែបធម្មជាតិ ដូចជាតំបន់ឆ្នេរ កោះ ទឹកជ្រោះ ព្រៃកោងកាង និងឧទ្យានជាតិជាដើម។ ចំណែកតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ រដ្ឋបាលខេត្តនេះកំពុងអភិវឌ្ឍន៍នៅឆ្នេររាម និងតំបន់មួយចំនួនទៀតក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា។ 

 ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមុជទឹកមើលផ្កាថ្ម នៅតាមប្រជុំកោះតាង ដែលរៀបចំដោយ ខ្មែរ ដាហ្វ គ្រុប Khmer Dive Group កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ រូបថតក្រសួងបរិស្ថាន
 
តាមរយៈផលិតផលទេសចរណ៍មានស្រាប់ និងផលិតផលទេសចរណ៍ថ្មីនេះ លោក ឡុង ឌីម៉ង់ រំពឹងថាក្នុងឆ្នាំ២០២២ ខាងមុខខេត្តព្រះសីហនុ នឹងអាចទទួលបានភ្ញៀវទេសចរប្រមាណ​ ១,៣លាននាក់ ខណៈភ្ញៀវអន្តរជាតិអាចមានប្រហែល ២៥ម៉ឺននាក់។​ សូមជម្រាប​ដែរថា ខេត្តព្រះសីហនុ មានកោះតូច ធំ ចំនួន៣២ ហើយក៏មានសក្តានុពលទេសចរណ៍ធម្មជាតិក្នុងទឹក និងលើគោកជាច្រើនដែរ៕

Tag:
 ThmeyThmey25
  ព្រះសីហនុ
  ទេសចរណ៍បាតសមុទ្រ
  ផ្កាថ្ម
  ឡុង ឌីម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com