ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រេសិតពិសេស UN ត្រៀមសហការជាមួយកម្ពុជា លើដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា
30, Dec 2021 , 6:41 pm        
រូបភាព
ដោយ: រួបរួម
លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានបង្ហាញបំណងសហការជិតស្និទ្ធជាមួយកម្ពុជា លើដំណោះស្រាយតាមសន្តិវិធីចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោយជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។



ក្នុងជំនួបនាថ្ងៃទី២៨ ខែធ្នូ លោកស្រី Noeleen Heyzer បានសាទរកម្ពុជា ដែលទទួលតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ លោកស្រី ត្រៀមខ្លួនសហការជាមួយកម្ពុជាលើដំណោះស្រាយមីយ៉ាន់ម៉ា តាមសន្តិវិធី។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានអះអាងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្ត្រស្របតាមគោលការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចឲ្យបានការអនុវត្តការព្រៀមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។

បើតាមក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីវឌ្ឍនភាពការងារក្នុងនាមជាប្រេសិតពិសេស។ ភាគីទាំងពីរ បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយក៏ដោយ ដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង៕


© រក្សាសិទ្ធិដោយ thmeythmey.com