​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ចាត់ទុកតំណែងប្រធានអាស៊ាន «ជាអំរែកដ៏ធ្ងន់»
20, Jan 2022 , 10:31 am        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីវីដេអូលើទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា) និងលោក ដុន ប្រាមុតវីណៃ រដ្ឋមន្រ្តីការបរទេសថៃ (រូបពី AFP)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីវីដេអូលើទំព័រហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា) និងលោក ដុន ប្រាមុតវីណៃ រដ្ឋមន្រ្តីការបរទេសថៃ (រូបពី AFP)
កម្ពុជា ទទួលភារកិច្ចធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ ចំពេលប្រទេសមួយជាសមាជិក គឺមីយ៉ាន់ម៉ា បានធ្លាក់ក្នុងជម្លោះកាន់តែខ្លាំងទៅៗរវាងប្រជាពលរដ្ឋស៊ីវិល និងរបបយោធា។ ការចូលរួមស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា គឺជាការទទួលខុសត្រូវ និងជាបន្ទុកដ៏ធំសម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន។


លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលត្រូវបានតែងតាំងជាបេសកជនពិសេស សម្រាប់ការចរចាស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសក្នុងតំបន់អាស៊ាន និងរដ្ឋមន្រ្តីការបរទេសពីបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់ ទាំងតាមទូរស័ព្ទ ទាំងការជួបផ្ទាល់។ ក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសទាំអស់នោះ កម្រណាស់ ដែលមិនលើកឡើងពីបញ្ហានៅមីយ៉ាន់ម៉ា។ 
 
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បាននិយាយគ្នាតាមទូរស័ព្ទជាមួយលោក ដុន ប្រាមុតវីណៃ (Don Pramudwinai) រដ្ឋមន្រ្តីការបរទេសថៃ អំពីបញ្ហាអាស៊ានទាំងមូល ដោយក្នុងនោះ លោករដ្ឋមន្រ្តីទាំងពីរ ក៏រំលេចពីបញ្ហាមីយ៉ាន់ម៉ាដែរ។ លោក ប្រាក់ សុខុន សរសេរលើទំព័រហ្វេសប៊ុករបស់លោកដូច្នេះថា៖«ខ្ញុំ សូមថ្លែងអំណរគុណដល់ឯកឧត្តម [រដ្ឋមន្រ្តីការបរទេសថៃ] និងការលើកទឹកចិត្ត ខណៈពេលដែលប្រទេសកម្ពុជា រែកអំរែកដ៏ធ្ងន់មួយនេះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ»។
 
រដ្ឋមន្រ្តីការបរទេសកម្ពុជា សរសេរទៀតថា៖«យើង ទាំងពីរយល់ថា វិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះ គឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាគ្រួសារអាស៊ាន យើង ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដំណើរការនេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា នឹងបន្តចូលរួមជួយការងារនេះប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើង ខិតខំធ្វើយ៉ាងណាឲ្យអាស៊ានបន្តបោះជំហានដើរទៅមុខ»។
 
កាលពីថ្ងៃទី៧-ទី៨ខែមករា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន អមដោយលោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចដល់មីយ៉ាន់ម៉ា ដើម្បីជួយស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ គោលបំណងធំៗបីរបស់មេដឹកនាំកម្ពុជា ក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺទីមួយ ចង់ឲ្យបញ្ឈប់បទឈប់បាញ់ បញ្ឈប់ការប្រើអំពើហិង្សា ទីពីរ ផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា និង ទីបី បើកទ្វារសម្រាប់បេសកជនពិសេសចូលទៅចរចាជាមួយគ្រប់ភាគីនៅមីយ៉ាន់ម៉ា។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា របបយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារបទឈប់បាញ់មួយរយៈពេលបន្ថែមទៀត គឺពន្យាររហូតដល់ចុងឆ្នាំ២០២២។ យ៉ាងណា ក្នុងស្ថានភាពជាក់ស្តែង គេ នៅតែឃើញមានការផ្ទុះអាវុធនៅមីយ៉ាន់ម៉ាដដែល។  
 
ការធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ធ្វើឲ្យមេដឹកនាំកម្ពុជា ទទួលបានការកោតសរសើរផង និងការទិតៀតផង។ សរសើរ ព្រោះគេ យល់ថា មេដឹកនាំកម្ពុជា ជួយស្វែងរកសន្តិភាពឲ្យមីយ៉ាន់ម៉ា ហើយទិតៀន ព្រោះគេ យល់ថា មេដឹកនាំកម្ពុជា ជួយគាំទ្ររបបយោធាមីយ៉ាន់ម៉ា និងហាក់ទទួលស្គាល់ភាពស្របច្បាប់នៃរបបយោធានេះ។ 
 
ក្នុងពិធីមួយនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងថា ចំពោះករណីមីយ៉ាន់ម៉ា កម្ពុជា ខំជួយស្វែងរកដំណោះស្រាយ ក៏ខុស ហើយបើមិនជួយ ក៏ខុស។ ទោះជ្រើសរើសយកការជួយ ហើយត្រូវគេថាខុសក្តី តែមេដឹកនាំកម្ពុជា នៅតែជ្រើសរើសយកការជួយដដែល។ សម្រាប់មេដឹកនាំកម្ពុជា ការធ្វើសកម្មភាព ប្រសើរជាងការមិនធ្វើសកម្មភាព៕ 
 

Tag:
 ប្រាក់ សុខុន
  Don Pramudwinai
  កម្ពុជា-ថៃ
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com