អន្តរជាតិ
កូរ៉េខាងជើង បន្លុយថា​ ខ្លួនអាចធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបឡើងវិញ
20, Jan 2022 , 11:09 am        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ។ រូបថត KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ។ រូបថត KCNA
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី២០ ខែមករា បានបន្លុយពាក្យមកថា ទីក្រុងព្យុងយ៉ាង អាច​នឹងចាប់ផ្ដើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយឡើងវិញ ស្របពេល​មន្ត្រី​កូរ៉េ​ខាងជើងលើកឡើងថា ទីក្រុងព្យុងយ៉ាង កំពុងតែរៀបចំខ្លួនសម្រាប់​ការប្រឈមមុខគ្នា​រយៈពេល​វែង​ជាមួយ​អាម៉េរិក។

 
ទោះបីជារងទណ្ឌកម្មអន្តរជាតិក៏ដោយ ទីក្រុងព្យុងយ៉ាងបានបន្តតេស្តមីស៊ីលជាច្រើនដងក្នុងឆ្នាំថ្មីនេះ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ។ លើសពីនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន បានជំរុញឱ្យមានការពង្រឹងកម្លាំងយោធាបន្ថែមទៀតផងដែរ។ លោក គីម បញ្ជាឱ្យផ្អាករាល់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបចាប់តាំងពីឆ្នាំ២០១៨ មក ដើម្បីសម្រួលដល់ការចរចាជាមួយអាម៉េរិក​។ ប៉ុន្តែការកំហិតខ្លួនឯងនេះ ទំនងត្រូវបញ្ចប់នៅពេលខាងមុខ។
 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា លោក គីម បានដឹកនាំកិច្ចប្រជុំការិយា ល័យនយោបាយនៃគណៈមជ្ឈិមបក្សពលករនៅថ្ងៃទី១៩ ខែមករា ដោយមេដឹកនាំកំពូលរូបនេះ និងមន្រ្តីជាន់ខ្ពស់ដែលចូលរួម សុទ្ធតែប្រកាសត្រៀមខ្លួនសម្រាប់ការប្រឈមមុខជាមួយអាម៉េរិក។ បើតាម KCNA គោលនយោបាយជាសត្រូវ និងការគំរាមកំហែងខាងយោធា​របស់អាម៉េរិកបានឈាន​ដល់​បន្ទាត់​គ្រោះថ្នាក់ដែលមិនអាចមើលរំលងបានតទៅទៀតនោះឡើយ។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបន្តថា កិច្ចប្រជុំការិយាល័យនយោបាយ ក៏ណែនាំឱ្យអង្គភាពពាក់ព័ន្ធ
ពិនិត្យមើលឡើងវិញពីបញ្ហាដែលពាក់ព័ន្ធ និងតម្រូវការក្នុងការចាប់ផ្តើមឡើង​វិញ​សកម្មភាពទាំងអស់ ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ននាពេលកន្លងមក។ សកម្មភាពទាំងនោះ ត្រូវជឿថា សំដៅលើ​កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបតែម្ដង។
 
ក្នុងការផ្សាយដដែល ​ការិយាល័យនយោបាយបក្សពលករកូរ៉េ បានឯកភាពជាឯកច្ឆ័ន្ទថា កូរ៉េខាងជើង​គួរតែត្រៀមខ្លួនឱ្យបានហ្មត់ចត់បន្ថែមទៀតសម្រាប់ការប្រឈមមុខគ្នារយៈពេលវែង​ជាមួយចក្រពត្តិ​អាម៉េរិក ក៏ដូចជាបង្កើនកម្លាំងសាច់ដុំសម្រាប់ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសជាតិ។ ទីក្រុងព្យុងយ៉ាង ក៏ឆ្លៀតរិះគន់អាម៉េរិកដែលបានដាក់ទណ្ឌកម្មជាង២០​ ​ដោយ​ឯកតោភាគីផងដែរ៕
 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com