អន្តរជាតិ
នូវែលសេឡង់ និងអូស្ត្រាលី បញ្ជូនយន្តហោះដឹកជំនួយទៅកោះតុងហ្កាមុនគេ
20, Jan 2022 , 12:09 pm        
រូបភាព
ទិដ្ឋភាពនៅតុងហ្កាក្រោយការវាយប្រហារដោយរលកស៊ូណាមិបង្កដោយបន្ទុះភ្នំភ្លើងក្រោមសមុទ្រកាលពីសប្ដាហ៍មុន។ រូបថត Xinhua
ទិដ្ឋភាពនៅតុងហ្កាក្រោយការវាយប្រហារដោយរលកស៊ូណាមិបង្កដោយបន្ទុះភ្នំភ្លើងក្រោមសមុទ្រកាលពីសប្ដាហ៍មុន។ រូបថត Xinhua
ដោយ:
ទីបំផុត យន្តហោះដឹកនាំជំនួយមនុស្សធម៌ដំបូងគេ កំពុងធ្វើដំណើរទៅកាន់កោះតុងហ្កាដែលរងគ្រោះដោយបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ។ វាមានរយៈពេល៥ថ្ងៃមកហើយទើបមានជើងហោះហើរទៅកាន់កោះមហាសមុទ្រប៉ាស៊ីហ្វិកនេះ បន្ទាប់ពីអាកាសយានដ្ឋានត្រូវបានជួសជុល ប៉ុន្តែប្រព័ន្ធទំនាក់ទំនងជាមួយប្រទេសកផ្សេងនៅមិនទាន់ដំណើរការពេញលេញនៅឡើយ។

 
មន្ត្រីអូស្រ្តាលី និងនូវែលសេឡង់បញ្ជាក់ថា យន្តហោះដឹកជញ្ជូនយោធា២គ្រឿង នឹងទៅដល់តុងហ្កាបន្ទាប់ពីផេះភ្នំភ្លើងដែលមានកម្រាស់ពី៥ទៅ១០សង់ទីម៉ែត្រគ្របដណ្តប់លើផ្លូវរត់យន្តហោះ ត្រូវបានសម្អាតប៉ុន្មានថ្ងៃមកនេះ។
 
«យន្តហោះ C17 Globemaster បានចាកចេញពីមូលដ្ឋាន RAAF Base Amberley​ នៅព្រឹកថ្ងៃទី២០ ខែមករា»។ មន្ត្រីការពារជាតិអូស្ត្រាលីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។ រីឯមន្ត្រីនូវែលសេឡង់ក៏បានបញ្ជាក់ផងដែរថា យន្តហោះដឹកជញ្ជូន C-130 Hercules កំពុងធ្វើដំណើរទៅតុងហ្កាបន្ទាប់ពីបានពន្យារពេលជាច្រើនថ្ងៃដែរ។ យន្តហោះទាំងពីរនេះ ដឹកឧបករណ៍ទូរគមនាគមន៍ និងសម្ភារផ្តត់ផ្គង់ផ្នែកមនុស្សធម៌ដែលចាំបាច់មានម៉ាស៊ីនបន្សុទ្ធទឹកស្អាតផង។
 
ព័ត៌មានផ្សេងពីផលប៉ះពាល់ និងប្រព័ន្ធទំនាក់ទំនងនៅតុងហ្កា មានកម្រិតបំផុត​ ក្រោយបន្ទុះភ្នំភ្លើងក្រោមសមុទ្របានកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រដែលផ្លូវទាក់ទងតែមួយគត់របស់កោះនេះជាមួយពិភពលោក។ ប្រតិករនៅតុងហ្កា នៅថ្ងៃទី១៩ ខែមករា អះអាងថា បណ្តាញទំនាក់ទំនងតាមទូរស័ព្ទរវាងតុងហ្គា និងពិភពលោក បានចាប់ផ្តើមតភ្ជាប់ឡើងវិញ ឯការតភ្ជាប់អ៊ីនធឺណិតពេញលេញទំនងជាត្រូវចំណាយពេលមួយខែ ឬច្រើនជាងនេះ។
 
ទាក់ទិននឹងគ្រោះមហន្តរាយនេះ មនុស្ស៣នាក់បានស្លាប់ និងរងរបួសមួយចំនួន។ រលកដែលបង្កដោយការផ្ទុះភ្នំភ្លើងក្រោមសមុទ្រដែលមានឈ្មោះថា Hunga Tonga-Hunga Ha'apai មិនត្រឹមតែបង្កឱ្យមានផេះគ្របដណ្តប់ពាសពេញតុងហ្កានោះទេ តែក៏បានបំផ្លាញផ្ទះសម្បែងជាច្រើនថែមទៀត។
 
រដ្ឋាភិបាល​តុងហ្កា​ហៅ​បន្ទុះភ្នំភ្លើង និង​រលក​យក្ស​ស៊ូណាមិ​នេះ​ ​ជាគ្រោះ​មហន្តរាយ​មិន​ធ្លាប់​មាន​ពី​មុន ដ្បិតរលក​កម្ពស់​រហូត​ដល់១៥ម៉ែត្រ ​បាន​បំផ្លាញ​​ស្ទើរ​គ្រប់​ផ្ទះ​នៅ​លើ​កោះ​ឆ្ងាយៗ​មួយ​ចំនួន។ បន្ថែមពីនេះ អង្គការសហប្រជាជាតិ (UN) លើកឡើងនៅថ្ងៃទី១៩ ខែមករាថា ជាង៨០ភាគរយនៃ ប្រជាជន១០ម៉ឺននាក់នៅប្រជុំកោះតុងហ្កា រងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ហើយការផ្គត់ផ្គង់ទឹកស្អាតជារឿងបន្ទាន់៕ 
 
 

Tag:
 តុងហ្កា
  នូវែលសេឡង់
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com