អន្តរជាតិ
ជប៉ុន ពង្រឹងការរឹតត្បិតនៅតូក្យូនិងខេត្ត១២ទៀត ខណៈសន្ទុះករណីឆ្លងវីរុសអូមីក្រុងកើនឡើង
20, Jan 2022 , 3:59 pm        
រូបភាព
ប្រជាជនជប៉ុន ដើរនៅផ្សារមួយកន្លែងក្នុងទីក្រុងតូក្យូ។ រូបថត Xinhua
ប្រជាជនជប៉ុន ដើរនៅផ្សារមួយកន្លែងក្នុងទីក្រុងតូក្យូ។ រូបថត Xinhua
ដោយ:
ទីក្រុងតូក្យូ និង១២តំបន់ផ្សេងទៀតរបស់ជប៉ុន នឹងស្ថិតក្រោមវិធានការរឹតត្បិតថ្មីចាប់ពីថ្ងៃទី២១ ខែមករាតទៅ ដើម្បីទប់ទល់ការរីករាលដាល​ការជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងដោយវីរុសបំ​ប្លែងខ្លួនអូមីក្រុងកំពុងហក់ឡើង។ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ​ហ្វូមីអូ អះអាងនៅថ្ងៃទី១៩ ខែមករា ថា រដ្ឋាភិបាលរបស់លោកត្រៀមខ្លួនដើម្បីទប់ទល់វិបត្តិនេះ។


ចាប់តាំងពីវីរុសបំប្លែងខ្លួនអូមីក្រុងផ្ទុះឡើង ​ជប៉ុនបានចាត់វិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុតក្នុងប្រទេសដោយរួមមានការបិទព្រំដែនមិនឱ្យអ្នកដំណើរបរទេសចូលជាដើម។ នៅថ្ងៃទី១៩ខែមករា​ មេដឹកនាំជប៉ុនបានប្រកាសថា តំបន់ចំនួន១៣ដោយរួមទាំងទីក្រុងតូក្យូ នឹងត្រូវដាក់ក្រោមការរឹតបន្តឹងរយៈពេល៣សប្តាហ៍​ដោយគិតចាប់ពីថ្ងៃទី២១ខែមករា ដល់ពាក់កណ្តាលខែកុម្ភៈ។
 
ការដាក់វិធានការនេះ នឹងត្រូវអនុញ្ញាតឱ្យរដ្ឋាភិបាលតំបន់នីមួយៗសម្រេចចិត្តក្នុងការជ្រើសរើសវិធានការជាក់លាក់ណាមួយមកអនុវត្ត។ ​គោលដៅនៃការរឹតបន្តឹងច្រើនជាកន្លែងកម្សាន្តពេលរាត្រី ដោយអាជ្ញាធរនឹងជំរុញឱ្យហាងស្រា និងភោជនីយដ្ឋានកាត់បន្ថយម៉ោងបើក ឬបញ្ឈប់ការលក់គ្រឿងស្រវឹងតែម្តង។
 
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ​ហ្វូមីអូ អះអាងថា រដ្ឋាភិបាលរបស់លោកត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកចុងក្រោយនៃជំងឺកូវីដ-១៩។
 
«យើង នឹងមិនមានការភ័យខ្លាចហួសហេតុពេលទេ ​ហើយយើងនឹងធ្វើការដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលតំបន់។» លោក គីស៊ីដា បាននិយាយបែបនេះក្នុងសេចក្តីប្រកាសពីវិធានការនៅកិច្ចប្រជុំក្រុមការងារគ្រប់គ្រងជំងឺកូវីដ-១៩។ ប្រមុខដឹកនាំជប៉ុនរូបនេះ ​បានបន្ថែមថា ការវាយតម្លៃតាមបែបវិទ្យាសាស្រ្តពីអ្នកជំនាញ ​ការសហប្រតិបត្តិការរបស់បុគ្គលិកពេទ្យ និងប្រជាជនជប៉ុន នឹងជួយឱ្យជប៉ុនយកឈ្នះពីការរីករាលដាលក្នុងតំបន់។
 
សមត្ថភាពនៃការចម្លងលឿននៃវីរុសអូមីក្រុង បានបណ្តាលឱ្យករណីឆ្លងកើនឡើងខ្លាំងសារជាថ្មីដោយអត្រាឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសប្រចាំថ្ងៃកើនដល់៣ម៉ឺននាក់ជាលើកដំបូងក្នុងសប្តាហ៍នេះ។ នៅថ្ងៃទី១៩ ខែមករា ​ក្រុងតូក្យូ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីខ្ពស់បំផុតមិនធ្លាប់មានដោយកត់ត្រាចំនួនច្រើនជាង៧ពាន់នាក់។​ មន្រ្តីរដ្ឋាភិបាលនិងក្រុមជំនាញ ក៏កំពុងមានការព្រួយបារម្ភនៅលើកំណើនករណីឆ្លងដែរដោយអត្រាឆ្លងខ្ពស់អាចនឹងដាក់សម្ពាធលើប្រព័ន្ធសុខាភិបាលក្នុងប្រទេស។
 
គិតត្រឹមថ្ងៃទី២០ ខែមករា ជប៉ុនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបជិត ២លាននាក់ និងស្លាប់ជិត២ម៉ឺនាក់។ ឯអត្រាអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញមានចំនួនច្រើនជាង៧៨ភាគរយនិ ងអត្រាអ្នកចាក់ដូសជំរុញមានចំនួនត្រឹម១,២ភាគរយប៉ុណ្ណោះ៕
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com