ជាតិ
សត្វក្រៀលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ធ្លាក់ចុះ
30, Jan 2022 , 4:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វក្រៀលនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចំនួន ៤១ក្បាលត្រូវបានកត់ត្រា នៃជំរឿនប្រចាំឆ្នាំ២០២១។ សត្វក្រៀលនៅក្នុងតំបន់នេះ ធ្លាក់ចុះជាងឆ្នាំកន្លងទៅ ។ នេះបើតាមលោក លឹម វ៉ាត់ នាយកដែនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។


លោក លឹម វ៉ាត បានសង្កេតឃើញថា សត្វក្រៀលនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចាប់ផ្ដើមធ្លាក់ចុះ ចាប់តាំងពីឆ្នាំ២០២០មក។ « សត្វក្រៀលនៅឆ្នាំ២០១៨ និង២០១៩ យើងជំរឿនឃើញជាង១០០ក្បាល។ នៅឆ្នាំ២០២០ សត្វក្រៀលកត់ត្រាសរុបមានចំនួន៤៤ក្បាល និងឆ្នាំ២០២១ ឃើញត្រឹមចំនួន៤១ក្បាល។ នៅឆ្នាំ២០២២ យើងនឹងធ្វើជំរឿននៅចុងខែធ្នូ ហើយចំនួនប៉ុន្មានពិតប្រាកដ យើងនឹងដឹងច្បាស់»។ នេះជាការបញ្ជាក់របស់លោក លឹម វ៉ាត់ ប្រាប់សារព័ត៌មានថ្មីៗ។ 

 
សត្វក្រៀលនៅតំបន់ការណារទេសភាពបឹងព្រែកល្ពៅ  រូបភាពដោយ អង្គការជីវិតសត្វស្លាបកម្ពុជា
បើតាមលោក មាស បញ្ញា មន្ត្រីជីវៈចម្រុះរបស់អង្គការជីវិតសត្វស្លាបកម្ពុជាប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានលើកឡើងថា បច្ចុប្បន្នសត្វក្រៀលនៅក្នុងតំបន់នេះ ចាប់ផ្ដើមចាកចេញទៅតំបន់ផ្សេងបណ្ដើរហើយ។ លោកសង្កេតឃើញថា សត្វស្លាបប្រភេទនេះ មានចន្លោះពី៣ ទៅ៥ក្បាលប៉ុណ្ណោះ នៅក្នុងតំបន់ការពារខាងលើ បើគិតត្រឹមសប្ដាហ៍ទី៣ នៃខែមករានេះ។
 
« មួយអាទិត្យមុនឃើញនៅសល់ប្រហែលបីក្បាល ប៉ុន្ដែពេលឥឡូវ ខ្ញុំមិនទាន់ប្រាកដទេ។ នៅចុងខែមករានេះ ក្រុមការងារនឹងធ្វើជំរឿន ហើយនៅសល់សត្វប៉ុន្មាន យើងនឹងបញ្ជាក់បន្ថែម»។ នេះជាការពន្យល់របស់ លោកមាស បញ្ញា។ 
 
លោក លឹម វ៉ាត់ នាយកដែនតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានបន្ថែមថា សត្វក្រៀល ជាសត្វផ្លាស់ទៅតាមតំបន់ និងតាមរដូវ ។ ជាក់ស្ដែងនៅរដូវបន្តពូជពួកវារស់នៅខេត្តព្រះវិហារ។ ចំណែកឯ នៅពេលផុតរដូវបន្តពូជ វានឹងហើរមកតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ ,តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងខេត្តកំពត និងគោលដៅមួយចំនួនទៀត។
 
« បើចង់រកហេតុផលថា ហេតុអ្វីបានជាវាធ្លាក់ចុះ លុះត្រាស្រាវជ្រាវ តាមដំណាក់កាល ចាប់ពីតំបន់ដែលពូកវាបន្តពូជ រហូតដល់តំបន់ជាប់ពាក់ព័ន្ធគ្នាទាំងអស់ ទើបច្បាស់ពីហេតុផល»។ នេះជាការលើកឡើងរបស់ លោកលឹង វ៉ាត់ ដែលបានបន្ថែមថា ចំនួនសត្វក្រៀលធ្លាក់ចុះនេះ អាចជាលក្ខណៈសកល។ 

 
សត្វក្រៀលនៅតំបន់ការណារទេសភាពបឹងព្រែកល្ពៅ  រូបភាពដោយ អង្គការជីវិតសត្វស្លាបកម្ពុជា

បើតាមអង្គការជីវិតសត្វស្លាបកម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២២ សត្វក្រៀលជាង៥០ក្បាលកំពុងរស់នៅ និងរកចំណីនៅក្នុងតំបន់ការពារអន្លង់ព្រីងខេត្តកំពត៕  
 

Tag:
 សត្វក្រៀល
  អន្លង់ព្រីង
  បឹងព្រែកល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com