អន្តរជាតិ
ការសិក្សា៖ សត្វចិញ្ចឹមតូចៗប្រឈមនឹងសន្លប់ ដោយសារអាកាសធាតុក្តៅខ្លាំង
20, Feb 2022 , 8:40 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការកើនឡើងកម្តៅផែនដីដែលបណ្ដាលមកពីវិបត្តិអាកាសធាតុ បានធ្វើឱ្យពពួកសត្វចិញ្ចឹមតូចៗដូចជាសត្វឆ្កែ ឆ្មា កណ្ដុរចិញ្ចឹម ទន្សាយ និងសំពោច ប្រឈមនឹងគ្រោះថ្នាក់នៃការសន្លប់ ដោយសារតែក្តៅខ្លួនខ្លាំង (Heatstrock)។ នេះបើតាមការសិក្សាថ្មីមួយចុះផ្សាយនៅលើទិនានុប្បវត្តិ Open Veterinary។

 
ការសិក្សាមួយ បានបង្ហាញថា បច្ចុប្បន្នសត្វឆ្កែមិនមែនជាសត្វចិញ្ចឹមតែមួយគត់ដែលងាយសន្លប់ដោយសារក្តៅខ្លួនខ្លាំងនោះទេ សត្វចិញ្ចឹមតូចៗដូចជា ឆ្មា កណ្ដុរ ទន្សាយ និងសំពោច ក៏ប្រឈមនឹងអាការៈបែបនេះដែរ។ នេះជាហានិភ័យដែលមនុស្សគួរដឹងចំពោះសត្វចិញ្ចឹមរបស់ខ្លួន ជាពិសេសនៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង។
 
អ្នកស្រាវជ្រាវ បានលើកឡើងថា ការសិក្សារបស់ពួកគេចង់ឱ្យមនុស្សយល់ដឹងឱ្យកាន់តែប្រសើរឡើងអំពីជំងឺគ្រុនក្តៅ និងហានិភ័យចំពោះសត្វចិញ្ចឹមតូចៗទាំងអស់។ ករណីសត្វចិញ្ចឹមសន្លប់បែបនេះ ដោយសារក្ដៅខ្លួនខ្លាំងនឹងបន្តកើនឡើង បូករួមទាំងការកើនឡើងកម្តៅផែនដីដែលបណ្ដាលមការប្រែប្រួលអាកាសធាតុ។
 
ជាការពិត សត្វដែលសន្លប់ដោយសារក្តៅខ្លួនខ្លាំង មិនមែនជាបញ្ហាស្រាលឡើយ វាតម្រូវឱ្យ មានការសង្គ្រោះបន្ទាន់ពីពេទ្យសត្វ។ សត្វដែលមានបញ្ហានេះ មានរោគសញ្ញាទូទៅដូចជា ក្តៅខ្លួនខ្លាំង ដង្ហើមខុសប្រក្រតី សន្លប់ស្ដូកស្ដឹង និងមានបញ្ហាក្រពះ ដូចជាក្អួត និងរាគ។
 
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nottingham Trent បានវិភាគទិន្នន័យទាក់ទងនឹងសត្វតូចៗ ដែលបានមកពីក្រុមពេទ្យសត្វអង់គ្លេសនៅចន្លោះឆ្នាំ ២០១៣ និង ២០១៨ ទៅលើកត្តាបង្កជំងឺ និងហានិភ័យ។ ក្នុងការវិភាគពួកគេបានរកឃើញថា សត្វឆ្កែទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការសន្លប់ដោយមានជំងឺគ្រុនក្តៅ គឺមានចំនួន ១៤៦ ករណី។
 
គួរបញ្ជាក់ថា ការសន្លប់ដោយសារក្តៅខ្លួនខ្លាំង មិនមែនកើតឡើងតែលើសត្វឆ្កែដែលជាប់ក្នុងឡានយូរម៉ោងឡើយ។ កន្លងមក មនុស្សជាច្រើនយល់ខុសពីបញ្ហានេះ។ ដូច្នេះការសិក្សាមានគោលដៅលើកកម្ពស់ការយល់ដឹងអំពីកត្តាហានិភ័យ មិនត្រឹមតែកើតមានលើសត្វឆ្កែប៉ុណ្ណោះទេ ប៉ុន្តែសត្វចិញ្ចឹមទាំងអស់សុទ្ធតែអាចមានជំងឺនេះ។ ម្ចាស់សត្វចិញ្ចឹមតូចៗដូចជាសត្វឆ្មា ទន្សាយ សំពោច និងកណ្ដុរត្រូវពិនិត្យមើលកន្លែងរស់នៅសត្វចិញ្ចឹមរបស់ពួកគេ ហើយរៀបចំឱ្យពួកវានៅកន្លែងត្រជាក់ ពិសេសក្នុងខែក្តៅ ដើម្បីកាត់បន្ថយហានិភ័យនៃការសន្លប់ដោយសារជំងឺក្តៅខ្លួនខ្លាំង៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com