ជាតិ
កម្ពុជា នឹងយកគ្រាប់ស្វាយចន្ទីទៅបង្ហាញក្នុងពិព័រណ៌ម្ហូបអាហារធំមួយ នៅជប៉ុន
21, Feb 2022 , 11:13 am        
រូបភាព
រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ភ្នំពេញ៖ កម្ពុជានឹងនាំគ្រាប់ស្វាយចន្ទី ទៅបង្ហាញក្នុងពិព័រណ៌ម្ហូបអាហារធំមួយ នៅទីក្រុងអូសាកា ប្រទេសជប៉ុន នាខែមីនាខាងមុខ។ ការដាក់តាំងពិព័រណ៌នេះ នឹងជួយផ្សព្វផ្សាយ ជាពិសេសពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា បន្ថែមទៀត។

 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា​ ក្នុងមួយឆ្នាំ ជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីប្រមាណ១ម៉ឺនតោន ដែលភាគច្រើននាំចូលពីឥណ្ឌា។ លោក បន្តថា ការនាំគ្រាប់ស្វាយចន្ទីទៅបង្ហាញក្នុងពិព័រណ៌ម្ហូបអាហារនេះ នឹងជួយផ្សព្វផ្សាយពីគុណភាពស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក ពិសេសទីផ្សារជប៉ុន។ 
 
កាលពីខែមករាឆ្នាំ២០២២កន្លងទៅ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទីប្រមាណ៣០តោន ទៅកាន់ទីផ្សារជប៉ុន តាមរយៈក្រុមហ៊ុន TPJ ដែលមានអាជ្ញាប័ណ្ណនាំចេញ។ លោក ស៊ីឡុត រំពឹងថា ក្រោយការតាំងបង្ហាញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជានេះ ក្រុមហ៊ុន TPJ នឹងអាចដណ្ដើមទីផ្សារ៣០ភាគរយពីឥណ្ឌា។  
 
លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«សំខាន់បំផុត យើងចង់ឲ្យគេស្គាល់ស្វាយចន្ទីកម្ពុជាសិន។ ដូច្នេះ ប្រសិនបើ ជោគជ័យក្នុងការដាក់បង្ហាញនេះ កម្ពុជានឹងអាចដណ្ដើមទីផ្សារ៣០ភាគរយពីឥណ្ឌា»។ 


 
លោក ស៊ីឡុត បញ្ជាក់ថា កម្ពុជានៅតែប្រឈមកង្វះទិន្នន័យ ដែលជាមូលហេតុធ្វើឲ្យក្រុមហ៊ុនបរទេសជាច្រើនបោះបង់ និងរារែកក្នុងការវិនិយោគរោងចក្រ ឬដំណាំស្វាយចន្ទីនៅកម្ពុជា។ លោក បន្ថែមថា បច្ចុប្បន្ន ទិន្នន័យគ្រាប់ស្វាយចន្ទីដែលទទួលបានពីក្រសួងពាណិជ្ជកម្ម មានតែ២០ម៉ឺនតោនប៉ុណ្ណោះ ផ្ទុយពីក្រសួងកសិកម្មរកឃើញ៩៥ម៉ឺនតោន។ ដោយឡែក សមាគមស្វាយចន្ទី និងស្ថានទូតវៀតណាមរកឃើញ១លានតោន។ 
 
លោក ប្រាប់ដូច្នេះថា៖«អ្វីដែលយើងពិបាកបន្តិចគឺបញ្ហាទិន្នន័យ ព្រោះទិន្នន័យគ្រាប់ស្វាយចន្ទីក្នុងស្រុក និងការនាំចេញរបស់យើងខុសគ្នាឆ្ងាយ។ អ៊ីចឹង យើងចង់បានទិន្នន័យខ្ពស់ ដើម្បីទាក់ទាញវិនិយោគបរទេសហ្នឹងឲ្យគាត់មកសាងសង់រោងចក្រនៅក្នុងស្រុកយើងឲ្យបានច្រើន។ តែប្រសិនបើ ទិន្នន័យផ្លូវការទាបពេក​ ខ្ញុំគិតថាគ្មានអ្នកណាគេចង់មកបោះទុន់វិនិយោគទេ»។ 
 
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីជាង ៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ដោយក្នុងនោះនាំចេញទៅវៀតណាមច្រើនជាងគេ រហូតដល់៩២ម៉ឺនតោន។ ក្រៅពីនោះនាំចេញទៅ ចិន ថៃ ឥណ្ឌា ជប៉ុន កូរ៉េ ហូឡង់ បង់ក្លាដែស ឡាវ ស្វីស តុងហ្គោ ហ្វីលីពីន បារាំង និងអារ៉ាប់៕  

Tag:
 ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com