អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថានទូតអាម៉េរិកនៅក្រុងមូស្គូ ជំរុញប្រជាជនខ្លួនឱ្យមានផែនការចេញពីរុស្ស៊ី ដោយបញ្ហាអសន្តិសុខ
21, Feb 2022 , 1:42 pm        
រូបភាព
ស្ថានទូតអាម៉េរិកប្រចាំនៅក្រុងមូស្គូ។ រូបភាព៖ AP
ស្ថានទូតអាម៉េរិកប្រចាំនៅក្រុងមូស្គូ។ រូបភាព៖ AP
ស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងមូស្គូ នៅថ្ងៃទី២១ ខែកុម្ភៈ បានព្រមានពលរដ្ឋខ្លួន ដែលកំពុងស្នាក់នៅរុស្ស៊ីឱ្យមានផែនការចាកចេញពីរុស្ស៊ី ក្រោមហេតុផលអសន្តិសុខ និងស្របពេលវិបត្តិអ៊ុយក្រែនកំពុងតែតានតឹង។



យ៉ាងណាមិញ ការជូនដំណឹងរបស់អាម៉េរិកនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរិះគន់យ៉ាងខ្លាំង។ ស្ថានការណ៍នៅតំបន់ព្រំដែនអ៊ុយក្រែន កាន់តែក្តៅឡើងក្នុងរយៈពេលចុងក្រោយ ខណៈពេលរុស្ស៊ី និងបេឡារុស បានប្រកាសបន្តសមយុទ្ធយោធា ដែលត្រូវបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ។ មិនតែប៉ុណ្ណោះ ក្រុមផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន បានប៉ះទង្គិចជាមួយកម្លាំងយោធាអ៊ុយក្រែនជាថ្មី ដែលនាំឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ដោយវិបត្តិអ៊ុយក្រែន ហាក់មិនថមថយ ស្ថានទូតអាម៉េរិកប្រចាំនៅក្រុងមូស្គូ បានចេញសេចក្តីថ្លែងការណ៍មួយជូនដំណឹងដល់ប្រជាជនខ្លួន ឱ្យមានផែនការចេញពីរុស្ស៊ី ដោយសារហេតុផលអសន្តិសុខ។ «តាមប្រភពព័ត៌មាន វាមានការគំរាមកំហែងនៃការវាយប្រហារ ដែលអាចកើតមាននៅផ្សារលក់ទំនិញ ផ្លូវ​រថភ្លើង និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី និងតាម​កន្លែង​​សាធារណៈ​ផ្សេង​ៗ ​ក្នុង​ក្រុង​ធំៗ»។ ស្ថានទូតអាម៉េរិក បានព្រមានបែបនេះ ដោយបន្តថា ទីក្រុងធំៗទាំងនោះរួមមាន ក្រុងមូស្គូ និង St Petersburg និងនៅតាមតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែមានភាពតានតឹង។

លើសពីនេះ ក្នុងសារដដែលនោះ ស្ថានទូតអាម៉េរិក បានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនឱ្យត្រួត ពិនិត្យមើលផែនការសុវត្ថិភាពផ្ទាល់ខ្លួន ផែនការចាកចេញពីរុស្ស៊ីដោយមិនចាំបាច់ពឹង លើជំនួយរបស់រដ្ឋាភិបាលអាម៉េរិក, ការតាមដានព័ត៌មានក្នុងតំបន់ និងអន្តរជាតិ, ជូនដំណឹងទៅគ្រួសារ និងមិត្តភក្តិ និងត្រូវប្រុងប្រយ័ត្ន។ យ៉ាងណាមិញ ស្ថានបេសកកម្មអាម៉េរិកប្រចាំនៅមូស្គូ មិនបានបញ្ជាក់ពីប្រភពព័ត៌មាននោះឡើយ។

ទាក់ទិននឹងចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រតិកម្មយ៉ាងខ្លាំង។ តាមរយៈបណ្តាញសង្គមមួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានរិះគន់ថា អាម៉េរិកមិនបាន ពិភាក្សាជាមួយរុស្ស៊ី ឬបញ្ជូនទិន្នន័យពាក់ព័ន្ធនឹងការគំរាមកំហែងភេរវកម្មឡើយ។ លោកស្រី បានបន្តថា បើអាម៉េរិកមិនបញ្ជូនព័ត៌មានទាំងនោះ រុស្ស៊ីក៏មិនអាចធ្វើអ្វីកើត ចំពោះបញ្ហានេះដែរ។

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ អាជ្ញាធរនៅតំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន បានប្រកាសដាក់តំបន់ក្នុងគ្រាអាសន្ន ខណៈដែលអ្នកជម្លៀសខ្លួនឆ្លងចូលរុស្ស៊ី ពីទឹកដីកាន់កាប់ដោយក្រុមឧទ្ទាមផ្តាច់ទឹកដីនៅភាគខាងកើតអ៊ុយក្រែន កាន់តែច្រើនឡើង។​ ក្រសួងទទួលបន្ទុកស្ថានភាពអាសន្នរុស្ស៊ី បានបង្ហាញទិន្នន័យថា ជនភៀសខ្លួនជាង ៥ ម៉ឺននាក់ បានចូលមករុស្ស៊ី ក្នុងពេលតំបន់ភាគខាងកើតអ៊ុយក្រែនមានភាពតានតឹង៕

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com