អន្តរជាតិ
ប៉ូលិសនូវែលសេឡង់៣នាក់រងរបួស ក្រោយបះទង្គិចជាមួយបាតុករប្រឆាំងវ៉ាក់សាំងជំងឺកូវីដ-១៩
22, Feb 2022 , 5:29 pm        
រូបភាព
ប៉ូលិសនូវែលសេឡង់ ឈរទល់មុខបាតុករក្នុងទីក្រុងវែលីងតោន។ រូបថត AFP
ប៉ូលិសនូវែលសេឡង់ ឈរទល់មុខបាតុករក្នុងទីក្រុងវែលីងតោន។ រូបថត AFP
ដោយ:
ក្រុមបាតុករនូវែលសេឡង់ដែលប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បានប៉ះទង្កិចជាមួយប៉ូលិសនៅថ្ងៃទី២២ ខែកុម្ភៈ ដែលបណ្តាលឱ្យប៉ូលិសចំនួន៣នាក់រងរបួស និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ភាពតានតឹងរវាងប៉ូលិសនិងក្រុមបាតុករចាប់ផ្តើមផ្ទុះឡើងខ្លាំង ក្រោយការតវ៉ាជាច្រើនសប្តាហ៍មកនេះ។


នូវែលសេឡង់ជាប្រទេសមួយដែលមានការរឹតត្បិតវិធានការតឹងតែងបំផុតលើការទប់ស្កាត់ករណីឆ្លងក្នុងស្រុក។ យ៉ាងណាក្តី វិធានការរឹតត្បិតដោយការដាក់បញ្ជាឱ្យប្រជាជនទៅទទួលការចាក់វ៉ាក់សាំង បានបង្កឱ្យមានការតវ៉ាកើតឡើងរដ្ឋធានីវែលីងតោនអស់ពេលជិត៣សប្តាហ៍មកហើយ។
 
ការប៉ះទង្គិចនៅថ្ងៃទី២២ ខែកុម្ភៈ ធ្វើឱ្យប៉ូលិស៣នាក់រងរបួសដោយសកម្មភាពហិង្សាពីបាតុករ។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន បានរិះគន់ទង្វើរបស់ក្រុមបាតុករ និងចាត់ទុកជារឿងឱ្យអាម៉ាស់ណាស់។ បាតុករត្រូវសង្ស័យថា បានប្រើប្រាស់ទឹកអាស៊ីតវាយប្រហារប៉ូលិស ហើយរឿងរ៉ាវដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺគេឃើញបាតុករម្នាក់បានជិះឡានក្នុងល្បឿនយ៉ាងលឿនបើកសំដៅទៅកាន់ជួរប៉ូលិសមុនពេលឈប់ភ្លាមៗនៅចម្ងាយត្រឹមតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ។
 
ការប៉ះទង្គិចរវាងប៉ូលិសនិងបាតុករនេះ បានកើតឡើងនៅក្បែរសភារបស់នូវែលសេឡង់ទីដែលបាតុករជួបជុំជាច្រើនថ្ងៃ  ខណៈប៉ូលិសរំកិលរនាំងបិទផ្លូវដែលប្រើដើម្បីរាំងខ្ទប់បាតុករដែលបោះតង់នៅក្រុងវែលីងតោន។ ចាប់តាំងពីការតវ៉ាផ្ទុះឡើង ក្រុមបាតុករបានកើនដល់ចំនួន១៥០០នាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP។
 
ស្នងការរងប៉ូលិសនូវែលសេឡង់លោក Richard Chambers បានអះអាងថា ប៉ូលិស៣នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនោះ កំពុងធូស្រាលឡើងវិញហើយ។
 
កាលពីថ្ងៃ២១ ខែកុម្ភៈ ប៉ូលិស បានរាយការណ៍ដែរថា ក្រុមបាតុករបានគប់លាមកមនុស្សមកលើពួកគេទៀតផង។ មេដឹកនាំនូវែលសេឡង់លើកឡើងថា លោកស្រីមានក្តីបារម្ភខ្ពស់ពីការកើនឡើងអំពើហិង្សាពីក្រុមបាតុករ។
 
ក្បែរសភានៅក្នុងក្រុងវែលីងតោនក្រុមបាតុករ បានដំឡើងតង់និងជម្រក ព្រមទាំងបន្ទប់ទឹកចល័ត កន្លែងចែងចាយអាហារ និងកន្លែងថែទាំងកុមារជាដើម។ ប្រជាជនក្នុងទីក្រុងវែលីងតោន បានត្អូញត្អែរពីការរំលោភសិទ្ធិរបស់ពួកគេដោយក្រុមបាតុករជាមួយការមិនពាក់ម៉ាក់ ខណៈសាលារៀននិងអាជីវកម្មនៅក្បែរតង់របស់បាតុករត្រូវបានបិទ។
 
គិតត្រឹមថ្ងៃទី២២ខែកុម្ភៈ នូវែលសេឡង់ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩សរុប៣៦១៦២នាក់និងស្លាប់៥៦នាក់៕
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com